ព័ត៍មានទាន់​ហេតុការណ៏
Search

តុលាការ​ខេត្ត​សៀមរាប សម្រេច​ចោទប្រកាន់​ឈ្មោះ ឈុន វាន ពីបទ “​រួមគំនិត​ក្បត់​”

សៀមរាប ​៖ ​អ្នកនាំពាក្យ​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប គឺ​ លោក ​យិន ស្រ៊ាង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៩ ខែ​តុលា ឆ្នាំ​២០១៩​នេះ​ថា តំណាង​អយ្យការ​បានសម្រេច​ចោទប្រកាន់​លើ​ ឈ្មោះ ឈុន វាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្រុកកំណើត​ភូមិ​តាប៉ាង ឃុំ​ក្តី​រុន ស្រុក​ពួក ខេត្ត​សៀមរាប ពីបទ “​រួម​គំនិត​ក្បត់​” យោង​តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ។

ការចោទប្រកាន់​លើ​ឈ្មោះ ឈុន វាន បន្ទាប់ពី​ជននេះ បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Facebook ពី​ប្រទេស​ថៃ កៀរគរ និង​បំផុស​ឲ្យ​មហាជន​ចូលរួម​ក្នុង​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល នៅក្នុង​ផែនការ​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​របស់​ក្រុម​ឧទ្ទាម សម រង្ស៊ី និង​បក្ខពួក នៅ​ថ្ងៃទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប ចុះ​នៅ​ថ្ងៃទី​០៨ ខែ​តុលា ឆ្នាំ​២០១៩ នេះ។

លិខិត​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​បញ្ជាក់ថា អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប បានសម្រេច​ធ្វើការ​ចោទប្រកាន់​លើ​ឈ្មោះ ឃុន វាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជាតិខ្មែរ ទី​កន្លែង​កំណើត​នៅ​ភូមិ​តាប៉ាង ឃុំ​ក្ដី​រុន ស្រុក​ពួក ខេត្ត​សៀមរាប ពី​ប​ទ រួមគំនិត​ក្បត់ មាត្រា​៤៥៣ ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ការចោទប្រកាន់​ខាងលើ​ គឺ​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់ ​ឈ្មោះ ឃុន វាន (​អតីត​ក្រុម​ប្រឹក្សា​ឃុំ​ក្ដី​រុន គណបក្ស​សង្គ្រោះ​ជាតិ​) ស្រក​ពូក ខេត្ត​សៀមរាប បាន​បង្ហោះ​ខ្លឹម​តាម​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក​ពី​ប្រទេស​ថៃ ដើម្បី​កៀរគរ និង​បំផុស​ឲ្យ​មហាជន​ចូលរួម​ក្នុង​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូចជា តោះ​យើង​ទៅ​ប្រទេស​យើង​វិញ​, ពួកយើង​ជា​កូន​ខ្មែរ មាន​ភារកិច្ច​ជួយ​មាតុភូមិ​យើង​កុំ​ឈរ​អោបដៃ​មើល​ប្រទេសជាតិ​ជួប​គ្រោះ​មហន្តរាយ ថ្ងៃទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ រួមគ្នា​បញ្ចប់​របប​ផ្ដាច់ការ​នៅ​កម្ពុជា​, យុទ្ធនាការ​ម្រាមដៃ​៩ វិច្ឆិកា ជួយ​ជាតិ​ខេមរា​ឲ្យ​រួច​ផុតពី​ជន​ផ្តាច់​ការ ហ៊ុន សែន។

តាម​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​សៀមរាប នេះ​ជា​ឧបាយកល ដើម្បី​គាំទ្រ​ដល់ “​ផែន​ការ​ នៃ​ការវិល​ត្រឡប់មក​កម្ពុ​ជា​វិញ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី​។ ដោយ​អនុវត្តតាម​ការអំពាវនាវ​របស់​ឧក្រិដ្ឋជន សម រង្ស៊ី ក្នុង​គោលបំណង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល និង​គាំទ្រ​ការ​វិលត្រឡប់​របស់​ទណ្ឌិត សម រង្ស៊ី នៅ​ថ្ងៃទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ។

អ្នកនាំពាក្យ​បញ្ជាក់ថា អ្នកពាក់ព័ន្ធ​នឹង​ការគាំទ្រ ឬ​ចូលរួម​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ជួល​រំលំ​រាជរដ្ឋាភិបាល និង​ត្រូវ​ប្រឈម​នឹង​ការចោទប្រកាន់​បញ្ជូន​ទៅ​តុលាការ​កាត់ទោស​តាមច្បាប់ ពីបទ រួម​គំនិត​ក្បត់ ដែលមាន​ទោស​ពី​០៥(​ប្រាំ​)​ឆ្នាំ ទៅ​១០(​ដប់​)​ឆ្នាំ តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ លើក​លែងតែ​អ្នកពាក់ព័ន្ធ​ទាំងនោះ​ចូលមក​សារភាព​ទាន់ពេលវេលា​ដែល​អាច​នឹងត្រូវ​លើកលែង​ឲ្យ​រួច​ពី​ទោស​តាម​ប្បញ្ញត្តិ​ពិសេស នៃ​មាត្រា៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា មកដល់ពេលនេះ អតីត​ថ្នាក់ដឹកនាំ ក៏ដូចជា​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៣០​នាក់​ហើយ ត្រូវបាន​ចោទប្រកាន់​ពីបទ “​ឧបឃាត​” និង​បទ “​រួមគំនិត​ក្បត់​”។ ​ក្នុងចំណោម​ជនជាប់ចោទ ទាំងអស់នេះ មាន​ខ្លះ​ ត្រូវ​ចាប់ខ្លួនបាន​ហើយ និង​មួយចំនួនទៀត ​កំពុង​គេចខ្លួន ដែល​សមត្ថកិច្ច​ចម្រុះ​កំពុង​សហការ​គ្នា​ជា​មួយ​ប្រទេសជិតខាង​តាម​ចាប់ខ្លួន​បន្ត​ទៀត​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114