ព័ត៍មានទាន់​ហេតុការណ៏
Search

មិនធម្មតា​! ប្រែ​ក្លាយ​ជីវិត​ពី​តន្ត្រីករ​ និង​អ្នកចម្រៀង​អក​កេស ​ក្លាយ​ជា​ថៅកែ​មានទ្រព្យ​ស្ដុក

ភ្នំពេញ ​៖ ​អាច​ចាត់ទុកថា​នេះ​ជា​រឿង​ដ៏​គួរឲ្យ​ស្ងើចសរសើរ ​និង​គំ​រូខ្លាំង ​ចំពោះ​ការតស៊ូ​លើ​វិថី​ជីវិត​រហូត​ជោគជ័យ​ពី​សំណាក់​អតីត​តន្ត្រីករ​ និង​ជា​អ្នកចម្រៀង​តាម​វង់​អក​កេស​យ៉ាង​កម្សត់​២​នាក់​ប្ដី​-​ប្រពន្ធ​កាលពី​ជិត​១០​ឆ្នាំមុន​ ខណៈពេល​នេះ​ ក៏​ស្រាប់តែ​ក្លាយជា​ថៅកែ ​និង​ម្ចាស់​ក្រុមហ៊ុន​មាន​លុយ​កាន់​ក្នុង​ដៃ​រាប់សែន​ដុល្លារ​ នឹកស្មាន​មិន​ដល់​។​ នេះ​គឺ​មិន​ខុស​ពាក្យចាស់​តែង​ពោល​ថា វាសនា​មនុស្ស​ពិត​ជា​មើលមិនឃើញ​នោះទេ​។

អតីត​តន្ត្រីករ​ លោក គឹម ចាន់​រតនា និង ​ភរិយា បាន​រៀបរាប់​ទម្លាយ​ពី​ប្រវត្តិ​កម្សត់​របស់ខ្លួន​អំឡុង​ពេល​នៅមាន​ជីវភាព​ខ្វះខាត​មក​ថា ​អំឡុង​ពេល​ជាង​១០​ឆ្នាំមុន​ លោក​គ្រាន់តែ​ជា​អ្នកលេង​ឧបករណ៍​សូ​ឡូ និង​ ប៉្យាណូ​ ហើយ​ភរិយា​របស់លោក​ គឺ ​អ្នកស្រី ជិន វណ្ណា​រី ជា​អ្នកចម្រៀង​ក្នុង​វង់​អក​កេស​មួយ​ប្រចាំខេត្ត​កំពង់ចាម​ប៉ុណ្ណោះ​។​ ដោយ​ក្នុងពេលនោះ​ ត្បិត​ថា​លោក​ជា​អ្នក​កំពង់ចាម​មែន តែត្រឹម​ជា​អ្នកចម្រៀង ​សូម្បីតែ​ផ្ទះ​នៅ​ស្រុកកំណើត​ក៏​គ្មាន​រស់នៅ​សមរម្យ​នឹង​គេ​ផង​ ពោលគឺ​រកបាន​ព្រឹក​ខ្វះ​ល្ងាច​។​

​លោក​បាន​បន្តទៀតថា រ​វាង​លោក​ និង​ភរិយា​ បាន​ប្រើ​ជីវិត​ជា​អ្នកដើរ​លេងភ្លេង​តាំងពី​ឆ្នាំ​២០០៨ ខណៈ​ភរិយា​ត្រូវ​ដើរ​ច្រៀង​កាត់ទឹក​កាត់​ព្រៃ​ដេក​ផ្លូវ​ជាមួយ​លោក​ប្រកបដោយ​ការ​តស៊ូ​ ដើម្បី​រកលុយ​មក​បង់​ឈ្នួល​ផ្ទះ​នៅ​ខេត្តកំពង់ចាម​។ ​នៅក្នុង​ពេលនោះ ​ជីវិត​ប្ដី​-​ប្រពន្ធ​របស់លោក​មិន​ខុសពី​សិល្បករ​ដែល​មិនសូវ​ល្បី​មួយចំនួន​ គឺ​បាន​ត្រឹម​ល្អ​តែ​មើល​នោះទេ ​ដោយ​ត្រូវ​ឌុប​ប្ដី​ឌុប​ប្រពន្ធ​ចេញ​តាម​វង់ភ្លេង ហើយ​បើ​និយាយ​ពី​ការឆ្លងកាត់​ពាក្យសម្ដី​ប្រមាថ​មាក់ងាយ គឺ​អាច​និយាយបានថា​ស្ទើរ​រាប់មិនអស់​ទៀតផង​។​

​លោក គឹម ចាន់​រតនា បញ្ជាក់ថា ​ជីវិត​ស៊ូ​របស់លោក​ និង​ភរិយា ​កាលនោះ ​ពេល​រកបាន​ប្រាក់​បន្តិចបន្តួច​ គឺ​មិនសូវ​ហ៊ាន​ចំណាយ​លើ​ការទិញ​សម្ភារៈ​និយម ​ទើប​ម្នាក់ៗ ​គេ​តែង​រិះគន់ ​និង​ប្រើពាក្យ​សម្តី​មើលស្រាល​មិន​ឲ្យ​តម្លៃ​លើ​ប្តី​-​ប្រពន្ធ​អ្នក​ទាំងពីរ​។

លោក​ថា ពេលនោះ​ដែរ ​លោក​ និង​ភរិយា ​ខំប្រឹង​សន្សំសំចៃ​លុយកាក់​ដែល​រកបាន​ពី​វង់​តន្ត្រី​ដ៏​លំបាក​ទៅ​ទិញ​បាន​ដីស្រែ​តាម​ការណែនាំ​របស់​មិត្តភ័ក្ដិ ​និង​អ្នក​ស្គាល់គ្នា​ទិញ​បានជា​បន្តបន្ទាប់​នៅ​ម្ដុំ​ជម្ពូរ​វ័​ន្ត​ និង​នៅ​ម្ដុំ​វត្ត​ព្រះ​ធាតុ​ ផ្លូវ​រង្វង់​មូល​គួរ​ស្រូវ​ ច្រក​ទៅ​ខេត្តតាកែវ​ ខណៈពេលដែល​តំបន់​ទាំង​នោះ​មិនទាន់​អភិវឌ្ឍន៍ ​ហើយ​តម្លៃ​ដី​នៅ​ទាប។​ ដោយសារតែ​ភាព​តស៊ូ​ និង​គំនិត​ផ្លាស់ប្ដូរ​នេះ​ ទើប​ធ្វើ​ឲ្យ​លោក គឹម ចាន់​រតនា និង ​ភរិយា​ បានប្រែក្លាយ​ជីវិត​ធូរធា​មកទល់​ពេលបច្ចុប្បន្ន​ ដោយ​ក្នុងនោះ​លោក​បាន​បញ្ជាក់ទៀតថា ​ហេតុផល​ក៏​ព្រោះតែ​តម្លៃ​ដី​ដែល​ខ្លួន​បាន​ទិញ​មានការ​ផ្លាស់ប្ដូរ​នៅក្នុង​តំបន់​នោះ ​ទើប​ជួយឲ្យ​លោក​លក់បាន​តម្លៃ​ខ្ពស់​ ហើយ​ជួយ​ឲ្យលោក ​និង​ភរិយា​ ទិញ​បាន​ដីស្រែ​ធំៗ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ម្ដុំ​ស្រុក​គងពិសី ក្នុង​ខេត្តកំពង់ស្ពឺ និង​នៅ​តំបន់​មួយចំនួនទៀត ដែល​ធ្វើឲ្យ​លោក​មានលទ្ធភាព​ក្លាយជា​ថៅកែ​ពុះ​ដី​ឡូត៍​ដោយ​នឹកស្មាន​មិន​ដល់​ក្នុង​រង្វង់​៣​ ឬ​៤​ឆ្នាំ​ចុង​ក្រោយ​។

មកទល់ពេលនេះ ​អតីត​តន្ត្រីករ ​និង ​អ្នកចម្រៀង​កម្សត់​ លោក គឹម ចាន់រ​តនា និង​ភរិយា មិន​ត្រឹមតែ​ជា​ម្ចាស់​ក្រុមហ៊ុន​LYK គឹម ចាន់​រតនា ហ្សា​ណា ដែលជា​ក្រុមហ៊ុន​ពុះ​លក់​ដី​ឡូត៍​ធំ​មួយ​នៅ​ស្រុក​គង​ពិសី ​ក្នុង​ខេត្តកំពង់ស្ពឺ​ប៉ុណ្ណោះ​ទេ ​អ្នក​ទាំងពីរ​ ក៏​ក្លាយជា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ និង​មាន​គម្រោង​ដី​ឡូត៍​បណ្ដាក់​គ្នា ​ដោយ​ក្រុមហ៊ុន​របស់លោក​ក៏ត្រូវ​បាន​គេ​ដឹងថា ​មានការ​ចាប់ដៃ​ជាមួយ​អតីត​ពិធីករ​ល្បីឈ្មោះ​នៅ​ទូរទស្សន៍​My TV គឺ ​វី​ជេ រតនា និង​មានការ​ចូលរួម​ពី​សិល្បករ​មួយចំនួន​ផងដែរ​។

​ក្រៅពី​ក្លាយជា​ថៅកែ​ដី​ឡូត៍ ​លោក គឹម ចាន់​រតនា ក៏បាន​អះអាង​ប្រាប់​ពី​ឆន្ទៈ​របស់ខ្លួន​នៅពេល​ខាង​មុខ​ផងដែរ​ ដោយ​លោក​លើកឡើងថា​ ដោយសារតែ​អតីតកាល​របស់លោក​ធ្លាប់ជា​តន្ត្រីករ​ ទើប​ធ្វើឲ្យ​លោក​នៅតែ​ដក់​អារម្មណ៍​ក្នុង​ចិត្ត​ ដែល​នឹងធ្វើ​ឲ្យ​លោក​មាន​គម្រោង​ត្រៀម​រៀបចំ​ក្រុមការងារ​ផលិត​បទ​ចម្រៀង​ក្នុងពេល​ឆាប់ៗ​ឲ្យ​តារា​ក្មេងៗ​ជំនាន់​ក្រោយ​បាន​បញ្ចេញ​សមត្ថភាព​ច្រៀង​ផង​ដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114