ព័ត៍មានទាន់​ហេតុការណ៏
Search

មេ​សិទ្ធិមនុស្ស​កម្ពុជា ពន្យល់​ឲ្យ​អ្នក​ល្ងឹតល្ងង់​មួយចំនួន ឲ្យ​យល់​ពី​ការឡើង​ការពារ UPR នៅ​ហ្សឺ​ណែវ

ភ្នំពេញ​ ៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​.) លោក កែវ រ៉េមី បាន​អះអាង​ថា ការ​ចេញទៅ​ការពារ UPR នេះ មិនមែន​តែ​ប្រទេស​កម្ពុ​ជាមួយ​នោះទេ អ្នក​ល្ងឹត​ខ្លះ​មានការ​យល់ច្រឡំ​ថា កម្ពុជា​ត្រូវបាន​អង្គការសិទ្ធិមនុស្ស​ហៅ​ឆ្អើរ​ភ្លើង​រឿង​សិទ្ធិមនុស្ស ឬ​សួរនាំ​រឿង​សិទ្ធិមនុស្ស នេះ​ជា​ការ​យល់ច្រឡំ វា​ជា​កាតព្វកិច្ច​របស់​បណ្ដា​ប្រទេស​ទាំងអស់ ដែល​ជា​សមាជិក​ នៃ​អង្គការ​សហ​ប្រជាជាតិ ហើយ​សូម្បីតែ​ស​រដ្ឋ​អាមេរិក ក៏​ឡើងទៅ​ការពារ UPR របស់ខ្លួន​ដែរ។

លោក កែវ រ៉េមី ថ្លែង​បែបនេះ ខណៈ​លោក​ចូលរួម​បើក​សិក្ខាសាលា​ថ្នាក់​ជាតិ​លើកទីមួយ ស្ដីពី​ការ​ផ្សព្វ​ផ្សាយ និង​ដាក់​ឱ្យ​អនុវត្ត​អនុសាសន៍​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR) ជុំ​ទី​៣ កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០១៩ ដែល​សហការ​រៀបចំ​ដោយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​។​

ថ្លែង​នៅ​ក្នុង​ពិធី​នោះ លោកស្រី Pauline Tamesis ប្រធាន​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា UPR គ្រប់​ដណ្ដប់​ទៅលើ​រដ្ឋ​ទាំងអស់ និង​ផ្អែក​ទៅ​លើ​គោលការណ៍​ប្រព្រឹត្ត​ស្មើគ្នា​ទៅលើ​រដ្ឋ​ទាំង​អស់ មិន​ថា​រដ្ឋ​នោះ​តូច ឬ​ធំ​នោះ​ទេ។ ការពិនិត្យ​ទៅលើ​រដ្ឋ​នីមួយៗ គឺ ​អនុវត្ត​ដូចគ្នា​ទាំងអស់ មិន​មាន​ការរើសអើង​អ្វី​ឡើយ ដូច្នេះ UPR គឺ​ការ​បង្កើត​ឲ្យ​មាន​លំហ​មួយ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សិទ្ធិមនុស្ស ជា​មួយ​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងៗ ហើយ​អង្គការសហប្រជាជាតិ ក៏បាន​លើកទឹក​ចិត្ត​ឲ្យ​មាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ទាំងអស់​។

លោកស្រី​បន្តថា ទោះបីជា​រដ្ឋាភិបាល​មាន​តួនាទី​សំខាន់​នៅក្នុង​ការអនុវត្ត UPR ក៏ដោយ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​សំខាន់​នៅក្នុង​ការអនុវត្ត​ផងដែរ ទាំង​កម្រិត​មូលដ្ឋាន និង​កម្រិត​ជាតិ ហើយ​ការ​បន្ត​តាម​ដាន​លើ UPR នាពេល​បច្ចុប្បន្ន គឺជា​ការបង្ហាញ ក៏ដូចជា​ការ​ផ្ដល់​ឱកាស​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា នៅក្នុង​ការផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​ទៅវិញទៅមក លើ​បញ្ហា​សិទ្ធិមនុស្ស។

តាម​លោកស្រី Pauline Tamesis អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ធ្លាប់​បាន​លើកឡើងថា គ្រប់​វិធានការ​ទាំងអស់ ដើម្បី​លើកកម្ពស់​សិទ្ធិមនុស្ស គឺ​ជួយ​ឲ្យ​ទទួលបាន​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។

ចំណែក​លោក កែវ រ៉េមី បាន​ថ្លែងថា UPR គឺ​ការពិនិត្យ​របាយការណ៍​សិទ្ធិមនុស្ស​ជា​សកល​តាម​កាល​កំណត់ ដែល​ធ្វើជា​រៀងរាល់​៤​ឆ្នាំ​ម្ដង ហើយ​ការរៀបចំ​ធ្វើ​របាយការណ៍​សន្ធិសញ្ញា កតិកាសញ្ញា អង្គការ​សហប្រជាជាតិ គឺជា​កាតព្វកិច្ច​របស់​យើង​ជា​រដ្ឋ​ភាគី​នីមួយៗ គឺ​ចាំបាច់​ត្រូវតែ​ធ្វើ ហើយ​ថ្នាក់​ដឹកនាំ​ខ្លះ​លោក​មិនបាន​ដឹង​ពី​ការធ្វើ​របាយការណ៍​នេះ​ទេ គឺ​លោក​គិតថា ដូចគ្នា​ទៅនឹង​ការធ្វើ​របាយការណ៍​ធម្ម​តា ដែល​មន្ទីរ​ធ្វើ​ផ្ញើមក​ប្រធាន​ស្ថាប័ន ១​ទំព័រ ២​ទំព័រ​ជាដើម​។ តែ​របាយការណ៍ UPR នេះ​ធ្វើ​ម្ដងៗ​ចេញ​ជា​សៀវភៅ គឺ​យ៉ាងហោចណាស់ ពី​២០ ទៅ​៣០​ទំព័រ ហើយ​មានការ​កំណត់​ពាក្យ​ត្រឹមត្រូវ​។

លោក​បន្តថា ការធ្វើ​របាយការណ៍​នេះ គឺ​ត្រូវតែ​ធ្វើ​ឲ្យ​ទាន់ពេលវេលា ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ហើយ​យន្ត​ការដែល​យើង​តាក់តែង​ជា​របាយការណ៍​នេះ ត្រូវ​មាន​ពាក់ព័ន្ធ​ជាមួយ​អន្តរក្រសួង និង​ស្ថាប័ន​ផ្សេងៗ មិនមែន​សម្រាប់​តែ​ស្ថាប័ន​សិទ្ធិមនុស្ស​មួយ​នោះទេ​។

ជាមួយគ្នា​នោះ លោក​បាន​ថ្លែងអំណរគុណ​ដល់​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​អនុញ្ញាត​តាម​ការស្នើសុំ​របស់​លោក ក្នុងការ​បង្កើត​ឲ្យ​មាន​ក្រុមការងារ​សរសេរ​របាយការណ៍​សិទ្ធិ​មនុស្ស​អន្តរក្រសួង ដែល​នេះ គឺជា​ដាវ​ទិព្វ​មួយ ក្នុង​ការ​សរសេរ​របាយការណ៍ បាន​ទាន់ពេល​វេលា ហើយ​ទទួលបាន​ការកោតសរសើ​រ ពី​អ្នករាយការណ៍​ពិសេស​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត ផងដែរ​។​

លោក កែវ រ៉េមី បាន​អះអាងថា ការ​ចេញទៅ​ការពារ UPR នេះ មិនមែនជា​រឿង​ធម្មតា​ទេ ហើយ​ដើម្បី​រៀបចំ​ត្រៀមខ្លួន​រៀបចំ​ឆ្លើយតប​នេះ ស្រក​ទម្ងន់​អស់ពីរ​គីឡូ​។ ពីព្រោះ​ការត្រៀម​ឯកសារ​រៀបចំ​ឆ្លើយ​តប​នេះ គឺជា​ការពិបាក​ណាស់ ហើយ​បណ្ដា​ប្រទេស​ផ្សេងៗ ដែល​បាន​ដឹកនាំ​ប្រតិភូ​ទៅ​ការពារ UPR នេះដែរ មាន​ពី​២០ ទៅ​៣០​នាក់ ហើយ​បើ​ប្រទេស​ចិន​វិញ ប្រមាណ​ជា​១០០​នាក់ តែ​កម្ពុជា​២ ឬ​៣ នាក់​។

លោក​បញ្ជាក់ថា ការ​ចេញទៅ​ការពារ UPR នេះ មិនមែន​តែ​ប្រទេស​កម្ពុជា​នោះទេ អ្នកខ្លះ​មានការ​យល់​ច្រឡំ​ថា កម្ពុជា​ត្រូវបាន​អង្គការសិទ្ធិមនុស្ស​ហៅ​ឆ្អើរ​ភ្លើង​រឿង​សិទ្ធិមនុស្ស ឬ​សួរនាំ​រឿង​សិទ្ធិ​មនុស្ស ប៉ុន្តែ​ជាការ​យល់ច្រឡំ វា​មិនមែន​ដូច្នេះ​ទេ វា​គឺជា​កាតព្វកិច្ច​របស់​ប​ណ្ដា​ប្រទេស​ទាំងអស់ ដែល​ជា​សមាជិក​ នៃ​អង្គការសហប្រជាជាតិ ដូច្នេះ​ការឡើង​ការពារ UPR នេះ មិនមែន​សម្រាប់តែ​ប្រទេស​កម្ពុជា​នោះទេ សូម្បីតែ​សហរដ្ឋអាមេរិក ក៏​ឡើងទៅ​ការពារ UPR របស់ខ្លួន​ដែរ​។​

តាម​លោក កែវ រ៉េមី កម្ពុ​ជាមាន​ប្រទេស​ចំនួន​៧៣ បាន​ចូលរួម​ផ្ដល់​អនុសាសន៍ ហើយ​មាន​អនុ​សាសន៍​ចំនួន១៩៨ យើង​ទទួលយក​១៧៣ និង​កត់សម្គាល់​២៥ ហើយ​ក្នុងចំណោម​ប្រទេសមួយ​ចំនួន​មាន​ប្រទេស​ខ្លះ ទទួលបាន​អនុសាសន៍​ច្រើនជាង​កម្ពុជា​ទៅទៀត ដូច្នេះ​បញ្ហា​សិទ្ធិមនុស្ស​នេះ​នៅ​ប្រទេស​ណា​ក៏មានដែរ​។

លោក​អះអាងថា សិទ្ធិមនុស្ស គឺជា​រឿង​ល្អ កុំ​តែ​យក​សិទ្ធិមនុស្ស​ទៅធ្វើជា​របៀបវារៈ​ក្នុង​រឿង​នយោ​បាយ ប៉ុន្តែ​បើ​ធ្វើ​សម្រាប់​ការលើកស្ទួយ​សិទ្ធិមនុស្ស គឺ​ល្អ​ណាស់ ហើយ​បណ្ដា​ប្រទេស​ណា​ក៏មាន​បញ្ហា​រឿង​បញ្ហា​សិទ្ធិមនុស្ស​នេះដែរ ទាំង​កាណាដា ទាំង​អង់គ្លេស ទាំង​ចិន និង​សហរដ្ឋអាមេរិក ហើយ​គេ​តែងតែ​ផ្ដល់​អនុសាសន៍​ទៅដល់​ប្រទេស​ទាំងនោះ​ដើម្បី​បកស្រាយ​ដូចៗ​គ្នា​។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក កែវ រ៉េមី បាន​ផ្ដាំផ្ញើ​ឲ្យ​ក្រុមការងារ​ទាំងអស់​បែង​ចែក​ពេល​វេលា​ឲ្យ​បានច្បាស់លាស់ ក្នុង​រយៈពេល​៧០​នាទី (​ក្នុងចំណោម​៣​ម៉ោង​កន្លះ​) ដែល​ត្រូវ​បាន​ផ្ដល់​ដោយ​អង្គការសហប្រជាជាតិ ពីព្រោះ​ការការពារ UPR នេះ គឺជា​ការការពារ​មុខមាត់​របស់​រាជ​រដ្ឋាភិបាល​។ ជាមួយគ្នា​នោះ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​សង្គម​ស៊ីវិល ដែល​បាន​ចូលរួម​នៅក្នុង​សិក្ខាសាលា ដើម្បី​ផ្ដល់​គំនិត​ក្នុង​ការបែងចែក​អនុសាសន៍​ឲ្យ​ចំ​ទៅតាម​អ្វី ដែល​ពាក់ព័ន្ធ​ទៅនឹង​ក្រសួង​ស្ថាប័ន​ឲ្យ​បាន​ត្រឹមត្រូវ​។

សូមបញ្ជាក់ថា សិក្ខាសាលា​ថ្នាក់ជាតិ​លើកទីមួយ ស្ដីពី​ការផ្សព្វផ្សាយ និង​ដាក់ឲ្យ​អនុវត្ត​អនុសាសន៍​ពិនិត្យ​ជា​សកល​តាម​កាលកំណត់ (UPR) ជុំ​ទី​៣ ដែល​សហការ​រៀបចំ​ដោយ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​នេះ មាន​រយៈពេល​មួយថ្ងៃ​កន្លះ គឺ​ថ្ងៃទី​០៩ និង​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី រាជធានី​ភ្នំពេញ​។ សិក្ខាសាលា​នេះ រៀបចំឡើង​ដោយមាន​សមាសភាព​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមមាន ៖ តំណាង​ក្រសួង​ស្ថាប័នរដ្ឋ តំណាង​អង្គទូត សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួមទាំង​ដៃគូ​អភិវឌ្ឍន៍ ចំនួន​សរុប​ប្រមាណ​ជា២០០​នាក់។

សិក្ខាសាលា​នេះ​មាន​គោលបំណង ៖
ទី​១.បង្កើន​ការយល់ដឹង​អំពី​យន្តការ UPR និង​ការចូលរួម​របស់​កម្ពុ​ជា​ជាមួយ​ដំណើរការ UPR នេះ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់។
ទី​២.ធ្វើការ​បែងចែក និង​កំណត់​អនុសាសន៍​ទាំង១៧៣ ដល់​ក្រសួង ស្ថាប័ន​ទទួលបន្ទុក​ដើម្បី​អនុវត្ត ទី​៣.ផ្តល់​វេទិកា​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​ចូលរួម និង​ផ្តល់យោបល់ ក្នុង​ការ​បែងចែក និង​ដាក់ឲ្យ​អនុវត្ត​អនុសាសន៍​ទាំង​១៧៣​នេះ។

សិក្ខាសាលា​រយៈពេល​មួយថ្ងៃ​កន្លះ​នេះ ថ្ងៃទី​១ ​ធ្វើការ​ផ្សព្វផ្សាយ​អនុសាសន៍ UPR ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​ពិភាក្សា​បែងចែក​អនុសាសន៍​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​អនុវត្ត​។ ហើយ​ថ្ងៃ​ទី​ពីរ គឺ​ផ្តោតលើ​ការរៀបចំ​ផែនការ​ប្រតិបត្តិ​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ទាំង​១៧៣ ដោយមាន​ការ​ចូលរួម​ធ្វើ​បទ​បង្ហាញ និង​ណែនាំ​ពី​អ្នកជំនាញ​របស់​អង្គការ UPR Info មកពី​ទីក្រុង​ហ្សឺ​ណែវ ផងដែរ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114