ព័ត៍មានទាន់​ហេតុការណ៏
Search

អាមេរិក​និង​ជប៉ុន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​លើ​កសិផល​និង​ការនាំចេញ​ឌីជីថល

ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ​កាលពី​ថ្ងៃ​ចន្ទ​បាន​សាទរ​ចំពោះ​ជោគជ័យ​មួយ​សម្រាប់​កសិករ​អាមេរិក​ដោយ​ប្រកាស​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចំនួន​២​ជាមួយ​ប្រទេស​ជប៉ុន​ដែល​លោក​បាន​និយាយថា​នឹង​ធ្វើឱ្យ​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់តែ​ស៊ីជម្រៅ​ក្នុង​វិស័យ​កសិកម្ម​និង​ពាណិជ្ជកម្ម​ឌីជីថល​។​

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ត្រូវ​បានបង្ហាញ​ជា​ផ្លូវការ​កាលពី​ខែ​មុន​នៅ​ខាងក្រៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូវយ៉ក​បានធ្វើ​ឡើង​ពេលដែល​លោក​Trump ធ្វើ​ការចរចា​ឡើងវិញ​ជាមួយ​ប្រទេស​ចិន​នៅ​សប្ដាហ៍​នេះ​។​

សង្គ្រាម​ពាណិជ្ជកម្ម​របស់លោក​Trump ដែល​បាន​ឆាបឆេះ​ឡើង​តាំងពី​ឆ្នាំ​ទៅបាន​បង្អាក់​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​យ៉ាងខ្លាំង​ដល់​កសិករ​អាមេរិក​ដែល​បានទទួល​រង​នូវ​ការសង​សឹក​របស់​ចិន​។​យោងតាម​កិច្ចព្រមព្រៀង​នេះ​ប្រទេស​ជប៉ុន​នឹង​កាត់​បន្ថយពន្ធ​សម្រាប់​ការនាំចេញ​កសិផល​រប​ស់​អាមេរិក​ដែលមាន​ទំហំ​ទឹកប្រាក់​៧​ពាន់​លាន​ដុល្លារ​ដោយ​រួមទាំង​សាច់គោ​និង​សាច់ជ្រូក​ផងដែរ​។​

ជា​ថ្នូរ​វិញ​ក្រុង​វ៉ាស៊ីនតោន​បាន​យល់ព្រម​កាត់បន្ថយ​ពន្ធ​របស់​សហរដ្ឋអាមេរិក​លើ​ទំនិញ​កសិកម្ម​របស់​ជ​ប៉ុន​តម្លៃ​៤០​លាន​ដុល្លារ​និង​បន្ធូរបន្ថយ​កូតា​អត្រាពន្ធ​លើ​សាច់គោ​របស់​ប្រទេស​នេះ​ដែល​អនុញ្ញាតឱ្យ​ជប៉ុន​ប្រកួតប្រជែង​ដណ្តើម​ចំណែក​ទីផ្សារ​អាមេរិក​បាន​កាន់​តែ​ច្រើន​។​

នៅក្នុង​កិច្ចព្រមព្រៀង​ដាច់ដោយឡែក​មួយ​មន្ត្រី​អាមេរិក​និង​ជប៉ុន​ក៏បាន​ព្រមព្រៀងគ្នា​លុបចោល​ពន្ធ​លើ​ផលិតផល​ឌីជីថល​ដូចជា​វីដេអូ​តន្ត្រី និង​សៀវភៅ​អេ​ឡិច​ត្រូ​និ​ច​(Ebook) ក៏ដូចជា​ធានា​ព្រំប្រទល់​ដែល​ទិន្នន័យ​ត្រូវ​ផ្ទេរ​ទៅមក​ដោយ​លែងឱ្យ​មាន​ឧបសគ្គ​ទៀតហើយ​៕AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114