ព័ត៍មានទាន់​ហេតុការណ៏
Search

រោងចក្រ​ជ័រ​ក្រែប​មួយកន្លែង ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ស្ទើរ​អស់ទាំង​ស្រុង ​មិន​បណ្តាល​ឲ្យ​មនុស្ស​រងគ្រោះ​ថ្នាក់​ឡើយ​

រតនគិរី ៖ រោងចក្រ​ជ័រកៅស៊ូ​ក្រែប​មួយកន្លែង​ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​ស្ទើ​រ​អស់ទាំង​ស្រុង ហើយ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន​ប៉ុណ្ណោះ​។

ហេតុការណ៍​អគ្គិភ័យ​បង្ក​ការភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក ថ្ងៃទី​៩ ខែ​តុលា ឆ្នាំ​២០១៩ ត្រង់ចំណុច​រោងចក្រ​មុំ ពេជ្រ កែច្នៃ​ជ័រកៅស៊ូ​សន្លឹក ស្ថិតនៅ​ក្នុងភូមិ​ស៊ើ​ង ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ខេត្ត​រតនគិរី។

មន្ត្រីនគរបាល​ស្រុក​បរ​កែវ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ​ជ័រកៅស៊ូ​សន្លឹក ដែល​នៅ​ក្នុង​ឡ​ចំហុយ​នោះ បាន​ធ្លាក់​ចូលក្នុង​រុន​ហឺយ ​ទើប​បង្ក​មាន​អគ្គិភ័យ​នេះ បណ្ដាល​ឲ្យ​ឆាបឆេះ​តែម្ដង​។

មន្ត្រី​នគរបាល​បាន​បន្តថា ក្នុងនោះដែរ​ ខូចខាត​សម្ភារៈ​រួមមាន ជ័រកៅស៊ូ​សន្លឹក​៦​រ៉ៃ ឡ​ចំហុយ​ជ័រកៅស៊ូ​១ និង​ដំបូល​ដែក​ឡ​ចំហុយ​ជ័រកៅស៊ូ ត្រូវ​បាន​ខូចខាត​ដោយ​អណ្ដាតភ្លើង​ស្ទើរ​អស់ទាំង​ស្រុង​ផង​ដែរ​។

ក្រោយពី​មាន​អគ្គិភ័យ​ បាន​កើត​ឡើង​ភ្លាម កម្លាំង​អធិការ​នគរបាល​ស្រុក​បរ​កែវ​បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​កន្លែង​កើតហេតុ​ ហើយ​បាន​ប្រើប្រាស់​ទឹក​ចំនួន​២​រថយន្ត​ ដើម្បី​ជួយ​អន្តរាគមន៍​ និង​ពន្លត់​ទាន់​ពេល​វេលា​មិន​រាលដាល​ឆេះ​បន្ត​ទៅ​ទៀត​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114