ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​ចម្រុះ ចុះ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​នៅ​ស្រុក​ចំនួន​២​ ក្នុង​ខេត្ត​កំពង់ចាម

កំពង់ចាម ៖ កម្លាំង​ចម្រុះ​ខេត្តកំពង់ចាម​ បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ចំនួន​២​ករណី​ នៅ​ថ្ងៃ​តែ​មួយ​ និង​បាន​ដុតបំផ្លាញ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​នៅ​កន្លែងកើតហេតុ។

លោក​វរសេនីយ៍ឯក ស្រេង ធា​រី នាយ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានឲ្យ​ដឹង​ថា ក្រោយពី​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ពីបទ​ល្មើស​សេដ្ឋកិច្ច​រួចមក ​នៅ​ថ្ងៃទី​០៨​ ខែតុលា ​ឆ្នាំ​២០១៩ ជំនាញ​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​ជំនាញ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កងមាស ស្រុក​កោះសូទិន កម្លាំង​កងរាជអាវុធហត្ថ ជំនាញ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម អាជ្ញាធរ​មូលដ្ឋាន ​និង​កម្លាំង​សហគមន៍​បឹង​B៦ ​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​ចំនួន​០២​ករណី ស្រុក​កងមាស​០១​ករណី និង​ស្រុក​កោះសូទិន​០១​ករណី​។ ​១- ស្រុក​កងមាស នៅ​ចំណុច​បឹង​B៦ ស្ថិតក្នុង​ឃុំ​ខ្ចៅ ឃុំ​ស្តៅ​ព្រែកកុយ ស្រុក​កងមាស ខេត្ត​កំពង់ចាម​។ ជា​លទ្ធផល​បង្ក្រាប​បាន​រួមមាន ៖ -​ស្បៃ​មុង ១០៣​មាត់​-​ប្រួល​ស្បៃ​៥១៥០​ម៉ែត្រ​-​បង្គោល ១៥៤៥​ដើម​-​ចាក់​​លែង​កូន​ត្រី​ចូលក្នុង​បឹង​ធម្មជាតិ​វិញ​ចំនួន​ប្រហែល​៧៣៣​គីឡូក្រាម​។

ចំណែក​ឧបករណ៍​ និង​សម្ភារៈ​វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​ខាង​លើ សមត្ថកិច្ច​បា​ន​បង្កើត​គណៈកម្មការ​ធ្វើការ​ដុត​បំផ្លាញ​ចោល ដោយមាន​ការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ចាម។

លោក ស្រេង ធា​រី​ បាន​បន្តថា ​ការបង្ក្រាប​លើក​ទី២​ គឺ​នៅ​-​​ស្រុក​កោះសូទិន នៅ​ចំណុច​ចុង​ព្រែករកា​កោង​អ្នកតា​រាំង​ជ្រុំ (​អតីត​ឡូត៍​លេខ​៩) ស្ថិតក្នុង​ឃុំ​មហាលាភ ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម​។

ជា​លទ្ធផល​បង្ក្រាប​រួមមាន -​លូ​ស្បៃ​មុង ចំនួន ២៧ មាត់ -​របាំង​លូ​ស្បៃ​មុង ប្រវែង៨១០​ម៉ែត្រ -​បង្គោល​ចម្រឹង​ឫស្សី ចំនួន៦៧៥​ដើម -​ចាក់​លែង​កូន​ត្រី​ចម្រុះ ចូល​បឹង​ធម្មជាតិ​វិញ ចំនួន​៣៥ គីឡូ​ក្រាម។ ចំពោះ​វត្ថុតាង​ខាងលើ​ដោយមាន​ការឯកភាព​ពី លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ចាម សមត្ថកិច្ច​បា​នប​ង្កើត​គណៈកម្មការ​ធ្វើការ​កាប់បំផ្លាញ និង​ដុតចោល​នៅ​នឹង​កន្លែង​តែម្តង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114