ព័ត៍មានទាន់​ហេតុការណ៏
Search

សេត​វិមាន​ច្រានចោល​កិច្ច​សហប្រតិបត្តិការ​នៅក្នុង​ការស៊ើបអង្កេត​ប្តឹង​ទម្លាក់​លោក Trump

កាលពី​ថ្ងៃ​អង្គារ សេត​វិមាន​ បានប្រកាស​សង្គ្រាម​ប្រឆាំងនឹង​ការស៊ើបអង្កេត​ប្តឹង​ទម្លាក់​លោក​ប្រធានាធិបតី Donald Trump ដោយ​ស្តីបន្ទោស​ដំណើរការ​នេះ​ថា​ជា​ដំណើរការ​បក្សពួកនិយម មិន​ស្របច្បាប់​និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ហើយ​បាន​និយាយថា ទាំង​ប្រធានាធិបតី​និង​រដ្ឋបាល​របស់លោក​នឹងមិន​សហការ​ទេ​។​

នៅក្នុង​លិខិត​ដ៏​ក្ដៅគគុក​មួយ សេត​វិមាន​បាន​រិះគន់​ប្រធានសភា​លោកស្រី Nancy Pelosi និង​ប្រធាន​ក្រុមប្រឹក្សា​សភា​ចំនួន​៣​រូប​ដែល​កំពុង​ដឹកនាំ​ការស៊ើបអង្កេត​ដោយ​ប្រឆាំងនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ក្នុង​ការបណ្តេញ​លោក Trump​។​

ទីប្រឹក្សា​សេត​វិមាន​លោក Pat Cipollone បាន​សរសេរ​នៅក្នុង​លិខិត​កម្រាស់​៨​ទំព័រ​មួយ​ថា “​និយាយ​ឲ្យ​ចំ​ទៅ អ្នក​កំពុង​ស្វែងរក​ការបដិសេធ​លទ្ធផល​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៦​និង​ដក​ប្រធានាធិបតី​របស់​ប្រជាជន​អាមេរិក​ដែល​ពួកគេ​បានជ្រើសរើស​ដោយ​សេរី​”​។​

លោក​បាន​និយាយថា “​ការស៊ើបអង្កេត​របស់​អ្នក​គឺ​ខ្វះ​មូលដ្ឋានគ្រឹះ​រដ្ឋធម្មនុញ្ញ​ស្របច្បាប់ ខ្វះ​ភាពយុត្តិធម៌​ឬ​សូម្បីតែ​ការការពារ​តាម​នីតិវិធី​បឋម​”​។ លោក​បាន​និយាយ​បែបនេះ​ដោយ​សំដៅទៅ​ការស៊ើបអង្កេត​មួយ​ដែល​កំពុង​ថ្លឹង​ថ្លែងថា​តើ​លោក Trump បាន​រំលោភ​អំណាច​របស់ខ្លួន​ដោយ​ស្វែងរក​ការស៊ើបអង្កេត​អំពើពុករលួយ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​លើ​គូប្រជែង​របស់លោក​គឺ​លោក Joe Biden មែន​ឬក៏​អត់​។​

យ៉ាងណាក្តី លោកស្រី Pelosi បាន​វាយបក​ទៅវិញ​ដោយ​ចាត់ទុក​លិខិត​នេះ​ថា​ខុស​ទាំងស្រុង​ហើយ​បាន​ពិពណ៌នា​ថា វា​គឺជា​ការប៉ុនប៉ង​ខុសច្បាប់​មួយ​ផ្សេងទៀត​ដើម្បី​លាក់បាំង​ការពិត​។​

លោកស្រី​បាន​និយាយថា “​លោក​ប្រធានាធិបតី អ្នក​មិនមែន​នៅ​ពីលើ​ច្បាប់​ទេ​។ អ្នកនឹង​ត្រូវ​ទទួលខុស​ត្រូវ​”​។ លោកស្រី​បាន​ព្រមាន​ថា “​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្ត​ដើម្បី​លាក់បាំង​ការពិត​នៃ​ការរំលោភ​អំណាច​របស់​ប្រធានាធិបតី​ពី​ប្រជាជន​អាមេរិក​នឹង​ត្រូវបាន​ចាត់ទុកថា​ជា​ភស្តុតាង​បន្ថែមទៀត​នៃ​ការរាំងស្ទះ​”​។​

ការប្រឈមមុខ​ដាក់គ្នា​នេះ​បានធ្វើ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅរក​វិបត្តិ​រដ្ឋធម្មនុញ្ញ​មួយ​ស្រប​ពេលដែល​សហរដ្ឋអាមេរិក​ត្រៀមខ្លួន​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០២០៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114