ព័ត៍មានទាន់​ហេតុការណ៏
Search

សមត្ថកិច្ច​ជំនាញ​អះអាង​ថា សត្វ​ជ្រូក​របស់​ក្រុមហ៊ុន​ស៊ី ភី​ នៅ​ស្រុក​បន្ទាយស្រី​ចំនួន​២​កន្លែង ​ពុំមាន​ជំងឺ​នោះទេ

សៀមរាប​ ៖​ សមត្ថកិច្ច​ជំនាញ​ខេត្ត​សៀមរាប​អះអាង​ថា កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​របស់​ក្រុមហ៊ុន​ស៊ី ភី CP នៅ​ស្រុក​បន្ទាយស្រី​ចំនួន​២​កន្លែង​មិនមាន​ជំងឺ​អ្វី​នោះទេ​។ ​ការ​ប្រតិកម្ម​នេះ​ គឺ​បន្ទាប់ពី​ផ្ទុះ​ព័ត៌មាន​មក​ថា នៅ​ខេត្តបន្ទាយមានជ័យ​មាន​អ្នកលក់​សាច់ជ្រូក​ងាប់​នៅលើ​ទីផ្សារ ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ទាន់ពេល​។

បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ​ភ្លាម អាជ្ញាធរខេត្ត​សៀមរាប​ នៅ​ថ្ងៃទី​០៨ ​ខែតុលា ​ឆ្នាំ​២០១៩​ ម្សិលមិញ​នេះ ​បាន​បង្កើត​គណៈកម្មាធិការ​ចម្រុះ​មួយ​រួមមាន​ ៖​ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​,​មន្ត្រី​បសុពេទ្យ ​និង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការដឹកនាំ​សម្របសម្រួល​នីតិវិធី ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​សៀមរាប​។

លោក​វរសេនីយ៍ទោ ម៉េង​ សំណាង នាយរង​ការិយាល័យ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹងថា ការចុះ​ត្រួតពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​០១​កន្លែង នៅ​ភូមិ​អូរ​ម្នាស់ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី នៅ​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥និង​៤៥​នាទី ដែលមាន​ម្ចាស់​កសិដ្ឋាន​ឈ្មោះ ជា ស៊ុយ​អាង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាប​។​

លោក​បន្តថា ក្នុង​ការចុះ​ត្រួតពិនិត្យ​ទីតាំង​ខាងលើនេះ ​កម្លាំងចម្រុះ​បាន​ពិនិត្យឃើញ​ដូចខាងក្រោម​ ៖​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ​មាន​អនាម័យ​ល្អ ប្រព័ន្ធ​បង្ហូរ​កាកសំណល់​ត្រឹមត្រូវ​ មាន​ថ្នាំ​សម្លាប់​មេរោគ មុន​ចូល​កសិដ្ឋាន​។ មិនមាន​ក្លិនស្អុយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ដំណើរ​ឆ្ល​ង​កាត់​។​ កសិដ្ឋាន​មាន​ជ្រូក​សរុប​ចំនួន ១,៦៦០​ក្បាល​ ជំនាញ​បសុពេទ្យ​បានធ្វើការ​បូម​ឈាមជ្រូក​ដែល​សង្ស័យ​មាន​ជំងឺ​ចំនួន ០៦​ក្បាល យកទៅ​ធ្វើ​ពិសោធន៍ ដើម្បី​រក​មេរោគ ដែល​អាច​ឆ្លង និង​រាតត្បាត​ពី​សត្វ​មួយ ទៅ​សត្វ​មួយទៀត ហើយ​អាច​ឆ្លង​ដល់​មនុស្ស​។ ​លោក​បន្តថា​ នៅ​ព្រឹក​ថ្ងៃទី​០៩​នេះ កំពុង​បន្ត​ចុះ​ពិនិត្យ​ទីតាំង​ចិញ្ចឹម​ជ្រូក​មួយកន្លែង​ទៀត​នៅក្នុង​ភូមិ​រំចេក ឃុំ​រំចេក​ស្រុក​បន្ទាយស្រី​។

​លោក​បាន​បញ្ជាក់ថា ឆ្លងតាម​ការពិនិត្យ​ក្នុង​ម៉ាស៊ីន​ធ្វើតេស្ត​ឈាម​ជ្រូក ដែល​ក្រសួង​បាន​យកមក​ទុក​ប្រចាំការ​មួយគ្រឿង​នៅ​ស្រុ​ក​ជីក្រែង បាន​បង្ហាញថា ឈាមជ្រូក ចេញ​សញ្ញា​ដក មានន័យថា​ជ្រូក​គ្មាន​ជំងឺ អ្វី​នោះទេ​។​ ស្រដៀង​គ្នា​ដែរ លោក ព្រំ វ៉ិ​ច ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៩​តុលា​នេះ​ថា ដំណឹង​ថា​ មាន​ជ្រូក​ងាប់​នោះ​ គឺ​ចេញ​មកពី​ខេត្ត​បន្ទាយមានជ័យ ទើប​អាជ្ញាធរ​ខេត្តសៀមរាប បង្កើត​គណៈកម្មការ​មួយ​ឲ្យ​ចុះ​ត្រួតពិនិត្យ​។

​លោក​បន្ថែមថា ឆ្លងតាម​ការ​បូម​ឈាមជ្រូក​ក្នុង​កសិដ្ឋាន​របស់​ក្រុមហ៊ុន​ស៊ី ភី យកមក​ត្រួតពិនិត្យ បាន​ឃើញ​លទ្ធផល​ថា ជ្រូក​ទាំង​២​កសិដ្ឋាន​ខាងលើនេះ គ្មាន​មេរោគ​អ្វី​នោះទេ គឺមាន​សុខភាព​មាំមួន​ណាស់​។

​លោក​បាន​បញ្ជាក់ថា ទោះបីជា​នៅ​ខេត្តសៀមរាប ជ្រូក​មិនមាន​ជំងឺ អ្វី​ក៏ដោយ សមត្ថកិច្ច​ជំនាញ​នៅតែ​បន្ត​ការតាមដាន​ចា​រៀងរាល់ថ្ងៃ ដោយ​មិន​បង្អង់​ដៃ​នោះឡើយ​។​ ពោលគឺ​រាល់​ការដឹក​ជ្រូក​ចេញ​ត្រូវតែ​បូម​ឈាម​យកមក​ពិនិត្យ​សិន មុននឹង​ឲ្យ​ចេញទៅ​លក់​នៅ​ទីផ្សារ​។

​លោក​បញ្ជាក់ទៀតថា ក្រុមហ៊ុន ស៊ី ភី នៅ​ខេត្តសៀមរាប បាន​ប្រឹងប្រែង ជួយ បង្ការ​,​ទប់ស្កាត់ ​និង​រក្សា​អនាម័យ​បានល្អ​នៅក្នុង​កសិដ្ឋាន​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114