ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រកាស​ចូលកាន់​មុខតំណែង ​ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​

ស្វាយរៀង ​៖ ​កាលពីព្រឹក​ថ្ងៃ​ពុធ​១១​កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​លោក​អភិបាលខេត្ត​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកា​ស លោក ម៉ែន ចាន់​រ៉ា អភិបាលរងក្រុង​បាវិត ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត ជំនួស ​លោក លឹម សៀង​ហេង ដែល​ត្រូវ​ផ្លាស់ប្ដូរ​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​អង្គភាព​ដើម​វិញ។ ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​លោក ប្រធាន​មន្ទីរ អង្គភាព តំណាង​កងកម្លាំង​ទាំងបី លោក​អភិបាលក្រុង​បាវិត លោកនាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ លោក​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ លោក លោកស្រី មន្ត្រីរាជការ​ជាច្រើនរូប​ទៀត។

ក្នុងឱកាស​នោះ​ លោក ហែម ពិសិដ្ឋ មានប្រសាសន៍​ផ្ដាំផ្ញើ ដល់​លោក​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ដែល​ទើប​ទទួល​បាន​ការតែងតាំង​ថ្មី និង​កងកម្លាំង មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ នូវ​កិច្ច​ការ​សំខាន់ៗ​មួយចំនួន ដូចជា ​៖
១-ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ការបំពេញ​ការងារ។​
២-ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិ​យុត្តិ​ជា​ធរមាន។​
៣-ត្រូវខិតខំ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោលការណ៍​នានា និង​ពង្រឹង​របៀប​របប​ធ្វើការ តាម​តួនាទី ភារកិច្ច​របស់ខ្លួន ដោយ​ឈរ​លើ​គោលការណ៍ “​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ​” ។​
៤-ត្រូវ​ចៀសវាង​ឲ្យ​បាន​នូវ​ទំនាស់​ផលប្រយោជន៍ និង​ទំនាស់​ដែល​កើតចេញពី​ការប្រើ​អំណាច​មិន​ត្រឹម​ត្រូវ។​
៥-​ត្រូវ​ចៀសវាង និង​នៅ​ឲ្យ​ឆ្ងាយ​ពី​អំពើពុករលួយ។​
៦-​ត្រូវ​ចៀសវាង​ឲ្យ​បាន​នូវ​សកម្មភាព​ដែល​បង្ក​ការលំបាក​ដល់​អ្នក​ឆ្លងកាត់។​
៧-​ត្រូវ​ចូលរួម​បង្កើន​ការសហការ​ក្នុងចំណោម​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ក៏ដូចជា​សមត្ថកិច្ច​ព្រំដែន​នៃ​ប្រទេសជិតខាង ក្នុងការ​ថែរក្សា​ពង្រឹង សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ព្រំ​ដែន បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ជាពិសេស​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន បទល្មើស​សេដ្ឋកិច្ច ការជួញដូរ​មនុស្ស និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ ការនាំ​ចូល​នូវ​ទំនិញ​ខុសច្បាប់ និង​ខូចគុណភាព ការ​លួច​ជ្រៀតចូល នៃ​ជនបរទេស​អន្តោ​-​ប្រវេសន៍ ឆ្លងកាត់​ព្រំដែន​ដោយ​ខុសច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114