ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចចរចា​ Brexit​ របស់​អង់គ្លេស​ជាមួយ​សហភាព​អឺរ៉ុប​ឈាន​ទៅ​រក​ការ​ដួលរលំ

កិច្ចចរចា Brexit រវាង​ចក្រភព​អង់គ្លេស​និង​សហភាព​អឺរ៉ុប​កំពុង​ឈានទៅរក​ការដួលរលំ​ខណៈ​មានការ​អះអាង​អំពី​ភាពមិនច្បាស់លាស់​និង​ការបំផ្លិចបំផ្លាញ​មុនពេល​វេលា​កំណត់​នៃ​បំណាច់​ខែតុលា។

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​ថ្លែង​ទៅកាន់​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel ខណៈពេល​លោក​ព្យាយាម​ស្វែងរក​លក្ខខណ្ឌ​នៃ​ការ​លែងលះ​ថ្មី​ដែល​លោក​បានស្នើ​សុំ​មុន​កិច្ចប្រជុំ​កំពូល​អឺរ៉ុប​នៅ​សប្តាហ៍​ក្រោយ​ក្នុង​ទីក្រុង​ប្រ៊ូ​ស​សែ​ល​។​

ខុសពី​ធម្មតា​, វិមាន Downing Street បាន​បញ្ចេញ​នូវ​អ្វីដែល​លោកស្រី Merkel បាន​និយាយ​ដែលជា​ហេតុ​ជំរុញ​ឲ្យ​មានការ​បង្ហោះ Twitter ទាំង​ខឹងសម្បា​ពី​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Donald Tusk​។​
​យោងតាម​ទីក្រុង​ឡុង​ដ៍​បាន​ឲ្យ​ដឹងថា លោកស្រី Merkel បានទាមទារ​ឲ្យ​សរសេរ​ឡើងវិញ​នូវ​វិធីសាស្ត្រ​របស់​អង់គ្លេស​ចំពោះ​បញ្ហា​ព្រំដែន​អៀរ​ឡង់​។​

មន្ត្រី​វិមាន Downing Street បាន​ដកស្រង់​សម្តី​លោកស្រី Merkel ដែល​បាន​និយាយថា កិច្ចព្រមព្រៀង​ឥឡូវនេះ​មើលទៅ​ហាក់ដូចជា​មិន​ទំនង​ទាល់តែសោះ​ហើយ​បាន​បន្ថែមថា កិច្ចពិភាក្សា Brexit គឺ​ជិត​នឹង​ដួលរលំ​ហើយ​។​

ប្រទេស​អង់គ្លេស​បាន​ព្យាយាម​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មកហើយ​ដើម្បី​ស្វែងរក​មធ្យោបាយ​ផ្តល់​លទ្ធផល​ដល់​ការធ្វើប្រជាមតិ​ឆ្នាំ​២០១៦​និង​បញ្ចប់​ភាពជា​សមាជិក​អស់​រយៈពេល​ជិត​៥​ទសវត្សរ៍​របស់ខ្លួន​នៅក្នុង​ប្លុក​អឺរ៉ុប​។​

លោក Johnson កំពុង​គំរាមកំហែង​ចាកចេញ​បើទោះបី​ជាមាន​ឬ​គ្មាន​កិច្ចព្រមព្រៀង​ក៏ដោយ​ត្រឹម​ថ្ងៃទី​៣១​ខែតុលា​។​

នៅឯ​ទីក្រុង​ប៊ែ​រ​ឡាំង ការិយាល័យ​របស់លោក​ស្រី Merkel បាន​និយាយថា ខ្លួន​នឹងមិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការពិភាក្សា​សម្ងាត់​បែបនេះ​ទេ​។ ចំណែក​អ្នកនាំពាក្យ​ផ្លូវការ​របស់លោក Johnson ក៏បាន​បដិសេធ​និយាយ​អ្វី​ទាំងអស់​អំពី​ខ្លឹមសារ​នៃ​ការពិភាក្សា​នេះ​ផងដែរ​៕ AFP


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114