ព័ត៍មានទាន់​ហេតុការណ៏
Search

រឿងក្ដី​ឃាតកម្ម​សម្លាប់​ក្រុមមន្ត្រី​ការពារ​ព្រៃឈើ តុលាការ​ផ្ដន្ទាទោស​ជន​ដៃដល់​ពី​៣០​ឆ្នាំ ​ដល់​អស់​មួយ​ជីវិត​

ភ្នំពេញ ៖ សំណុំរឿង​ឃាតកម្ម​បាញ់សម្លាប់​ក្រុមមន្ត្រី​ការពារ​ព្រៃឈើ​ចំនួន​៣​នាក់ នៅ​ខេត្ត​មណ្ឌលគិរី កាលពីដើមឆ្នាំ​២០១៨​កន្លងទៅ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ជនដៃដល់​ពី​៣០​ឆ្នាំ​ ដល់​អស់​មួយជីវិត ក្រោម​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិតទុក​មុន និង​បទ​សមគំនិត និង​បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់។

ជនជាប់ចោទ​ដែល​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត​ ឈ្មោះ ផល ពេញ ជា​អ្នកបាញ់​សម្លាប់​ជនរងគ្រោះ​ដោយ​ផ្ទាល់។ ចំណែក​គូកន​ដទៃទៀត​ដែល​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ​ដែរ​ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​៣០​ឆ្នាំ​គិតពី​ថ្ងៃ​ចាប់ឃុំខ្លួន។

នៅក្នុង​សវនាការ​កាលពី​ដើមខែ​កញ្ញា ឆ្នាំ​២០១៩ ក្រុម​ជនជាប់ចោទ​សុទ្ធតែ​បាន​សារភាព​ពី​កំហឹង​ខឹងសម្បា​ក្រុម​ជនជាប់ចោទ ទើប​ពួកគេ​បានរៀបចំ​គម្រោង​ដើម្បី​សម្លាប់​ពួក​ជនរងគ្រោះ​ចោល។​

ជនជាប់ចោទ​ដែល​ត្រូវ​កាត់ទោស​៖ ទី​១៖ ឈ្មោះ ផល ពេញ ជា​នាយ​នគរបាល​ប៉ុស្តិ៍​អូ​ររ​លែ នៃ​វរ​ការពារ​ព្រំដែន​លេខ​៦២១ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃ ទី​០២ ខែកុម្ភៈ ស្ថិតនៅ​ហាង​គុយទាវ​មួយកន្លែង ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺជា​អ្នកបាញ់​ផ្ទាល់​ទៅលើ​ជនរងគ្រោះ​ទាំង​៣​នាក់​។​
 ទី​២៖ ឈ្មោះ កើត វេហា ហៅ​ឆៃ ជា​ទាហាន​ការពារ​ព្រំដែន ត្រូវបាន​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​៣១ ខែមករា ជា​ជន​ពាក់ព័ន្ធ​។​
 ទី​៣៖ ឈ្មោះ កើត វេ​តា ជា​ទាហាន​ការពារ​ព្រំដែន​។​
 ទី​៤៖ ឈ្មោះ ឡាយ សា​វី ជា​ទាហាន​ការពារ​ព្រំដែន​។​
 ទី​៥៖ ឈ្មោះ ទន់ ធារ៉ា ជា​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​អូរ​រ​លែ ដែល​អ្នក​ទាំង​៣​នេះ ត្រូវបាន​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី​០១ ខែកុម្ភៈ​។​
 ទី​៦៖ ឈ្មោះ ឈាង វ៉ាន់​និ​ត ប្អូនថ្លៃ ផល ពេញ ត្រូវបាន​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៨​។​
​ចំណែក​ជនរងគ្រោះ​ទាំង​៣​នាក់ ដែល​ត្រូវ​ជនដៃដល់​បាញ់ សម្លាប់ រួមមាន​៖ មន្ដ្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ឈ្មោះ សេក វ​ឌ្ឍ​នា​, មន្ដ្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខ​ណៃ និង​បុគ្គលិក​អង្គការ​សមាគម អភិ​រក្សា​សត្វព្រៃ Wildlife Conservation Society (WCS) ឈ្មោះ ថុល ខ្នា ដែល​ការបាញ់ប្រហារ​នេះ​ផ្តើមចេញពី​បទល្មើស​ព្រៃឈើ​។​

សូមបញ្ជាក់ថា ការបាញ់ប្រហារ​នេះ​បានកើត​ឡើង​នៅ​ចំណុច​ប៉ុស្តិ៍​អូរ​រ​លែ ក្នុងភូមិ​សាស្ដ្រ​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរាំង ខេត្តមណ្ឌលគិរី នៅ​ចន្លោះ​ម៉ោង​៤ ទៅ​ម៉ោង​៥​ល្ងាច ​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៨ បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​៣​នាក់ រួមមាន ​៖ មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ឈ្មោះ សេក វ​ឌ្ឍ​នា​, មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខ​ណៃ និង​បុគ្គលិក​អង្គការ​សមាគម អភិ​រក្សា​សត្វព្រៃ Wildlife Conservation Society (WCS)​ឈ្មោះ ថុល ខ្នា ដែល​ការបាញ់ប្រហារ​នេះ​ផ្តើមចេញពី​គំនុំ​នៃ​បទល្មើស​ព្រៃឈើ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114