ព័ត៍មានទាន់​ហេតុការណ៏
Search

ទួរគី​នឹង​ចាប់ផ្តើម​វាយលុក​ប្រទេស​ស៊ី​រី​ក្នុងពេល​ឆាប់ៗ​ ថ្វីបើ​មាន​សញ្ញា​មិន​ច្បាស់លាស់​ពី​សហរដ្ឋអាមេរិក​ក៏ដោយ

ប្រទេស​ទួរគី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​នឹង​ចាប់ផ្តើម​ការវាយលុក​មួ​យ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខ​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​ខណៈ​លោក​ប្រធានាធិបតី Donald Trump បាន​ទទូចថា សហរដ្ឋអាមេរិក​មិនបាន​បោះបង់ចោល​សម្ព័ន្ធមិត្ត​ឃើ​ដ​របស់ខ្លួន​ទេ​ថ្វីបើ​ដក​កម្លាំង​ចេញពី​តំបន់​នោះទេ​។​

អ្នកឆ្លើយឆ្លង​ព័ត៌មាន AFP ម្នាក់​បាន​និយាយថា ទីក្រុង​អ៊ី​ស្តង់​ប៊ុល​បាន​បញ្ជូន​រថពាសដែក​ជាច្រើន​គ្រឿង​បន្ថែមទៀត​ទៅកាន់​ព្រំដែន​ជាប់​ប្រទេស​ស៊ី​រី​ខណៈ​ក្បួន​រថយន្ត​ធំៗ​រាប់សិប​គ្រឿង​ត្រូវបាន​គេ​មើលឃើញ​នៅ​ទីប្រជុំជន Akcakale នៃ​ខេត្ត Sanliurfa របស់​ប្រទេស​ទួរគី​។​

ជាមួយគ្នានេះដែរ កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដែល​ដឹកនាំ​ដោយ​ជនជាតិ​ឃើ​ដ​បាន​និយាយថា កងកម្លាំង​ទួរគី​កំពុង​វាយប្រហារ​នៅ​ជិត​ព្រំដែន​។​
SDF បាន​និយាយ​នៅក្នុង Twitter មួយ​ថា “​យោធា​ទួរគី​កំពុង​បាញ់​ផ្លោង​ទៅលើ​ទីតាំង​មួយ​របស់​យើង​នៅ​តំបន់​ព្រំដែន Ras al-Ain ដ៏​សំខាន់​ជាប់​ប្រទេស​ទួរគី​”​។​

យោងតាម​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​ឲ្យ​ដឹងថា វា​ជា​កន្លែង​មួយ​ក្នុងចំណោម​កន្លែង​នានា​ដែល​ទាហាន​អាមេរិក​បាន​ដកចេញ​កាលពី​ថ្ងៃ​ចន្ទ​។​
SDF បាន​និយាយថា “​មិនមាន​ការរង​របួស​ដល់​កងកម្លាំង​របស់​យើង​ទេ​។ យើង​មិនបាន​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ដែល​គ្មាន​ការចាប់អារម្មណ៍​នោះទេ​។ យើង​បាន​ត្រៀមខ្លួន​ការពារ​ប្រជាជន​និង​ប្រជាពលរដ្ឋ​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​”​។​

ការប្រយុទ្ធ​គ្នា​នៅតាម​ព្រំដែន​រវាង​កងកម្លាំង​ទួរគី​និង​ឃើ​ដ​បាន​កើតឡើង​កាលពីមុន​ហើយ​គ្មាន​ការចង្អុលបង្ហាញ​ណាមួយ​ថា ការបាញ់​ផ្លោង​ចុងក្រោយ​បំផុត​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការវាយលុក​កាន់តែ​ទូលំទូលាយ​នោះទេ​។​

ប៉ុន្តែ​លោក Fahrettin Altun ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​ទួរគី​បាន​សរសេរ​នៅក្នុង​កាសែត Washington Post ថា អង្គភាព​យោធា​ទួរគី​នឹង​ឆ្លងកាត់​ព្រំដែន​ទួរគី​-​ស៊ី​រី​ក្នុងពេល​ឆាប់ៗ​នេះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114