ព័ត៍មានទាន់​ហេតុការណ៏
Search

នគរបាល​ខេត្ត​កណ្ដាល​ ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ និង​ជំរុញ​សកម្មភាព​ការ​អនុវត្ត​ការងារ​កិច្ចការពារ​កុមារ​

កណ្ដាល ៖ នៅ​រសៀល​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល បើក​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​លទ្ធផល និង​ជំរុញ​សកម្មភាព​ការ​អនុវត្ត​ការងារ​កិច្ចការពារ​កុមារ​ក្រោម​អធិបតីភាព​លោក​ឧត្ដមសេនីយ៍ឯក អ៊ឹង សំអុល ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង ​លោក​ឧត្ដមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្ដាល។ កិច្ចប្រជុំ​នេះដែរ​ក៏មាន​វត្តមាន​ចូលរួម​ពី​លោក​/​លោកស្រី​ស្នងការរង ,​លោកនាយ​ការិយាល័យ​ជំនាញ ,​លោក​អធិការនគរបាល​ក្រុង​/​ស្រុក​ទាំង​១១ និង​នាយ​-​នាយរង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១២៧​ប៉ុស្តិ៍​ផងដែរ។

លោកស្រី​ឧត្ដមសេនីយ៍ត្រី ឈឹម វ​ណ្ណី ស្នងការរង​ទទួល​ផែន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​ការងារ​យេនឌ័រ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល បាន​បញ្ជាក់ថា ខេត្ត​កណ្ដាល​មាន​គ្រូ​បង្គោល​ចំនួន​៣​រូប និង​ជន​បង្គោល​១០​រូប ក្នុងនោះ​បានធ្វើ​ការបណ្ដុះ​បណ្ដាល​ចំនួន​២​លើក លើក​ទី​១/​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រយៈពេល​៥​ថ្ងៃ លើក​ទី​២/​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល រយៈពេល​៥​ថ្ងៃ។

លោកស្រី​ស្នងការ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​រយៈពេល​០៩​ខែ ឆ្នាំ​២០១៩ ក្រុម​ជន​បង្គោល​បានធ្វើ​សកម្ម​ភាពចុះ​ផ្សព្វផ្សាយ​តាម​សាលារៀន​បាន​ចំនួន​៤៥​លើក មាន​អ្នកចូលរួម​ចំនួន​១៧៥៣​នាក់ ប្រុស​៧៥៣​នាក់ ,​ចុះ​ផ្សព្វផ្សាយ​តាម​ខ្នង​ផ្ទះ​ចំនួន​១០៦​លើក ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​៩៤៤​នាក់ ប្រុស​៤២០​នាក់ ។ ក្រៅពីនោះ ក្រុម​ជន​បង្គោល បានធ្វើការ​ផ្សព្វផ្សាយ​ដល់​មណ្ឌល​កុមារ​កំព្រា​បាន​ចំនួន​៣​មណ្ឌល​ផងដែរ មាន​កុមារ​ចំនួន​៣៨៥​នាក់ ប្រុស​១៤៤​នាក់។

លោកស្រី​ស្នងការរង​លើក​ពី​បញ្ហា​ប្រឈម​ឲ្យ​ដឹងថា កុមារ​ដែល​នៅក្រោម​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន សំបូរ​ទៅដោយ​កុមារ​ហិតកាវ អង្គការ​មិត្ត​សម្លាញ់​យកទៅ​ដើម្បី​បណ្ដុះបណ្ដាល​ដែរ​ តែ​ពួកគេ​មិន​ព្រម ហើយ​ពេល​ចុះ​ផ្សព្វផ្សាយ​ដល់​ខ្នង​ផ្ទះ​សាមី​ខ្លួន​មិន​នៅផ្ទះ ដោយសារ​គាត់​ដើរលេង​មិន​ចូល​ផ្ទះ រីឯ​ឪពុកម្ដាយ ឬ​អាណាព្យាបាល​ខ្លះ​ដែល​គ្មាន​លទ្ធភាព​មិន​ព្រម​បញ្ជូន​កូន​ទៅ​មណ្ឌល​ទេ មូលហេតុ​ទុក​ឲ្យ​កូន​ដើរ​សុំទាន​ដើម្បី​ធ្វើ​អាជីវកម្ម។ ចំពោះ​បញ្ហា​ប្រឈម​ទាំងនេះ​ការគ្រប់គ្រង​របស់​សមត្ថកិច្ច គឺ​បានត្រឹមតែ​ប្រមូល​ពួកគេ​ឲ្យ​ទៅ​សង្គមកិច្ច​តែប៉ុណ្ណោះ ។​

បន្ទាប់ពី​លោកស្រី​ស្នងការរង​អាន​របាយការណ៍​រួច លោក​ឧត្ដមសេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកណ្ដាល មានប្រសាសន៍​ណែនាំ​ផ្ដាំផ្ញើ​ដល់ លោក លោកស្រី ជា​កង​កម្លាំង​នគរបាល ជាពិសេស នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ត្រូវ​បន្ត​ខិតខំ​បន្ថែមទៀត លើ​ការងារ​កិច្ចការពារ​កុមារ​នេះ ព្រោះថា ក្នុង​រយៈ ពេល​០៩​ខែ​ឆ្នាំ​២០១៩ នេះ​បញ្ហា​របស់​កុមារ​នៅ​មូលដ្ឋាន​ក្នុង​ខេត្ត​កណ្ដាល​យើង នៅតែ​ជា​បញ្ហា​ដែលជា​ក្តី​បារម្ភ ក្នុងនាម​យើង​ជា​នគរបាល យើង​ត្រូវតែ​បន្ត សហការ​ជាមួយ​ក្រុមគ្រួសារ ,​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការ សមាគម​នានា ដើម្បី​ឲ្យ​បញ្ហា​នេះ​ទទួល​បាន​ប្រសិទ្ធ​ភាព​ខ្ពស់។

មាន​មតិ​សំណេះសំណាល លោក​ឧត្ដមសេនីយ៍​ឯក អ៊ឹង សំអុល ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានធ្វើ​ការណែនាំ​ផ្ដាំផ្ញើ​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវ​បន្ត​ខិតខំ​បំពេញភារកិច្ច​ក្នុង នាម​យើង​ជា​កងកម្លាំង​នគរបាលជាតិ អ្វីៗ​ដែល​យើង​មានមក ដល់ពេលនេះ​យើង​ត្រូវតែ​បន្ត​ថែរក្សា​ឲ្យ​បានល្អ ជាពិសេស​សុខសន្តិភាព និង​ការ​អភិវឌ្ឍន៍​ប្រទេសជាតិ ដែល​សមិទ្ធផល​ទាំងអស់នេះ គឺ​បានមក​ដោយ​ការ​លះបង់​គ្រប់ បែបយ៉ាង​របស់​ប្រមុខ​ដឹកនាំ​របស់​យើង គឺ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី ​នៃ ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​ជា​ឥស្សរជន​នយោបាយ​សំខាន់ៗ​ផ្សេងទៀត ដែល​លោក​ខិតខំ​ពុះពារ​ការលំបាក ឧបសគ្គ​គ្រប់បែបយ៉ាង​ចាប់តាំងពី​ចំណុចសូន្យ រហូតមកដល់​ពេល​នេះ គឺ​មិនអាច​ឲ្យ​ជន​ណាមួយ​ឬ​ក្រុម​ណាមួយ​មក​បំផ្លិចបំផ្លាញ​បានឡើយ​៕​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114