ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​ឃាត់ខ្លួន​ជន​ចំណាកស្រុក​ជិត​មួយ​លាន​នាក់​ក្នុង​រយៈពេល​១២​ខែ

មន្ត្រី​កំពូល​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ភ្នាក់ងារ​ព្រំដែន​អាមេរិក​បាន​ចាប់ខ្លួន​ឬ​បញ្ឈប់​ជន​ចំណាកស្រុក​គ្មាន​ឯកសារ​ជិត​មួយ​លាន​នាក់​នៅ​ព្រំដែន​ភាគខាងត្បូង​ជាប់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ក្នុង​រយៈពេល​១២​ខែ​ចុង​ក្រោយនេះ​។​

តួលេខ​នេះ​បាន​កើតឡើង​ចំពេល​មាន​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ខ្លាំងក្លា​របស់លោក​ប្រធានាធិបតី Donald Trump ក្នុងការ​បញ្ឈប់​ការធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ដែល​ចាប់ផ្តើម​បង្ហាញ​លទ្ធផល​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ​នៅពេល​ការចាប់ខ្លួន​នៅតាម​ព្រំដែន​បាន​ធ្លាក់ចុះ​។​

នាយក​ស្តីទី​នៃ​ភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន (CBP) លោក Mark Morgan បាន​និយាយថា ជន​ចំណាកស្រុក​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅតាម​ព្រំដែន​បាន​ធ្លាក់ចុះ​ដល់​ទៅ​ជាង​៥២,០០០​នាក់​នៅក្នុង​ខែកញ្ញា​ដែលជា​ខែ​ចុងក្រោយ​នៃ​ឆ្នាំសារពើពន្ធ​២០១៩​ពោលគឺ​ធ្លាក់ចុះ​ពី​ជាង​១៤៤,០០០​នាក់​នៅក្នុង​ខែឧសភា​និង​ជា​តួលេខ​ប្រចាំខែ​ទាប​បំផុត​ក្នុង​រយៈពេល​មួយឆ្នាំ​។​

ចំនួន​នេះ​ភាគច្រើន​មកពី​ជន​ចំណាកស្រុក​អាមេរិក​កណ្តាល​ដែល​ភៀសខ្លួន​ចេញពី​ភាពក្រីក្រ​និង​អំពើហិង្សា​ដោយ​ឆ្លងកាត់​ជា​ក្រុម​និង​គ្រួសារ​ធំៗ​ចូល​សហរដ្ឋអាមេរិក​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ហើយ​ងាក​ទៅសុំ​សិទ្ធិ​ជ្រកកោន​។​

រដ្ឋបាល​លោក Trump បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រារាំង​ការចាកចេញ​ពី​ប្រទេស​ហុង​ឌូ​រ៉ា​ស ហ្គា​តេ​ម៉ា​ឡា​និង​អែល​សាល់​វ៉ា​ឌ័​រ​ដោយ​ស្នើ​ឲ្យ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​រារាំង​ការឆ្លងកាត់​របស់​ពួកគេ​និង​តម្រូវ​ឲ្យ​ពួកគេ​ដាក់​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​ប្រទេស​ទីមួយ​ដែល​ពួកគេ​ចូល​។​

លោក Morgan បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សេត​វិមាន​ថា “CBP កំពុង​បន្ត​សហការ​ជាមួយ​ដៃគូ​បរទេស​របស់​យើង​ជាពិសេស​ប្រទេស​ម៉ិ​ក​ស៊ិ​ក អែល​សាល់​វ៉ា​ឌ័​រ ហ្គា​តេ​ម៉ា​ឡា​និង​ហុង​ឌូ​រ៉ា​ស​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ក្នុងនាម​ជា​វិបត្តិ​ក្នុង​តំបន់​”​។​

គួរ​បញ្ជាក់ថា រដ្ឋបាល​នេះ​បាន​បញ្ជា​ឲ្យ​បណ្តេញ​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​ត្រឡប់​ទៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​វិញ​ហើយ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ដីកា​របស់​តុលា​ការដែល​រារាំង​ការអនុវត្ត​បទបញ្ជា​នេះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114