ព័ត៍មានទាន់​ហេតុការណ៏
Search

តៃវ៉ាន់​បណ្តេញ​ទេសចរ​ចិន​ដោយសារ​បំផ្លាញ “​ជញ្ជាំង Lennon”

កោះ​តៃវ៉ាន់​បាន​បណ្តេញ​ទេសចរ​ចិន​ម្នាក់​ដោយសារតែ​បំផ្លាញ​ជញ្ជាំង “’Lennon” ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​គាំទ្រ​ចលនា​ប្រជាធិបតេយ្យ​របស់​ទីក្រុង​ហុងកុង​ដែល​នេះ​ជា​ទង្វើ​មួយ​ទំនងជា​នឹងធ្វើ​ឲ្យ​ទីក្រុង​ប៉េកាំង​មាន​កំហឹង​។​

ក្រុម​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​បានដាក់​ជញ្ជាំង Lennon ដែល​គ្របដណ្ដប់​ដោយ​ក្រដាស​ពណ៌​ចម្រុះ ផ្ទាំង​រូបភាព​និង​ពាក្យស្លោក​នៅ​ទូទាំង​ទីក្រុង​ហើយ​ពួកគេ​ក៏​ត្រូវបាន​បង្កើតឡើង​នៅ​កោះ​តៃវ៉ាន់​ផងដែរ​ដែល​ភាគច្រើន​នៅតាម​បរិវេណ​សកលវិទ្យា​ល័យ​។​

មានការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​នៅ​កោះ​តៃវ៉ាន់​ចំពោះ​ការតវ៉ា​មិន​ធ្លាប់មាន​ពីមុនមក​ដែល​បានធ្វើ​ឲ្យ​រង្គោះរង្គើរ​ទីក្រុង​ពាក់កណ្តាល​ស្វ័យ​ត​ហុងកុង​អស់​រយៈពេល​បួន​ខែ​មកហើយ​ប៉ុន្តែ​អ្នកគាំទ្រ​ទីក្រុង​ប៉េកាំង​បានកំណត់​គោលដៅ​លើ​ការប្រមូលផ្តុំ​និង​ការដំឡើង​ដែល​គាំទ្រ​ចលនា​នេះ​។​

ទីភ្នាក់ងារ​អន្តោប្រវេសន៍​ជាតិ​បាន​និយាយថា អ្នកទេសចរ​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ Li Shaodong ត្រូវបាន​និរទេស​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ពីបទ​ចូលរួម​ក្នុង​សកម្មភាព​បទល្មើស​ព្រហ្មទណ្ឌ​បន្ទាប់ពី​គាត់​ត្រូវបាន​គេ​ឃើញ​ចាប់​ហែក​ផ្ទាំង​រូបភាព​ពី​ជញ្ជាំង Lennon នៅ​បរិវេណ​សកលវិទ្យា​ល័យ​មួយ​ក្នុង​ទីក្រុង​តៃប៉ិ​កាលពី​ថ្ងៃ​ចន្ទ​។​

ទីភ្នាក់ងារ​នេះ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​ថា “​រដ្ឋាភិបាល​របស់​យើង​នឹងមិន​អត់ឱន​ចំពោះ​អាកប្បកិរិយា​ខុសច្បាប់​ណាមួយ​ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព​ដោយ​ចេតនា​ឡើយ​”​។​

ឥឡូវនេះ គាត់​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ទៅលេង​កោះ​តៃវ៉ាន់​រយៈពេល​៥​ឆ្នាំ​។ រឿងនេះ​ត្រូវបាន​គេ​ជឿថា​ជាការ​និរទេស​លើកដំបូង​ចេញពី​កោះ​តៃវ៉ាន់​ដែល​ជាប់ទាក់ទង​នឹង​ការតវ៉ា​នៅ​ទីក្រុង​ហុងកុង​។​

គួរ​បញ្ជាក់ថា កោះ​តៃវ៉ាន់​បាន​គ្រប់គ្រង​ដោយ​ខ្លួនឯង​ចាប់តាំងពី​ចប់​សង្គ្រាមស៊ីវិល​នៅ​ឆ្នាំ​១៩៤៩​ប៉ុន្តែ​ប្រទេស​ចិន​បានចាត់ទុក​កោះ​នេះ​ថា​ជា​ទឹកដី​របស់ខ្លួន​ហើយ​បាន​ប្តេជ្ញា​ថា​នឹង​ដណ្តើមយក​វា​មកវិញ​ដោយ​ប្រើ​កម្លាំង​ប្រសិនបើ​ចាំបាច់​។​

ទំនាក់ទំនង​រវាង​ភាគី​ទាំងពីរ​បាន​ធ្លាក់ចុះ​ចាប់តាំងពី​ការជាប់ឆ្នោត​របស់លោក​ស្រី​ប្រធានាធិបតី Tsai Ing-wen ក្នុង​ឆ្នាំ​២០១៦​នៅពេល​រដ្ឋាភិបាល​រប​ស់លោក​ស្រី​បដិសេធ​ទទួលស្គាល់ថា​តៃវ៉ាន់​គឺជា​ផ្នែក​មួយ​នៃ​គោលការណ៍ “​ចិន​តែមួយ​”៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114