ព័ត៍មានទាន់​ហេតុការណ៏
Search

ឪពុក​ជនជាតិ​កាណាដា ​ប្តឹង​ក្រុមហ៊ុន​ជប៉ុន​ពីបទ​បៀតបៀន​ច្បាប់​ឈប់សម្រាក​បិតុភាព

ឪពុក​ជនជាតិ​កាណាដា​ម្នាក់​ដែល​បាន​ចោទប្រកាន់ថា គាត់​ត្រូវបាន​ធ្វើបាប​និង​បណ្តេញចេញ​ដោយ​មេ​ជនជាតិ​ជប៉ុន​បន្ទាប់ពី​គាត់​បាន​ព្យាយាម​សុំច្បាប់​ឈប់សម្រាក​បិតុភាព​គឺ​បានបង្ហាញ​ខ្លួន​ក្នុង​តុលាការ​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​ពុធ​ដើម្បី​បន្ត​បណ្តឹង​របស់គាត់​ប្រឆាំងនឹង​ក្រុមហ៊ុន​នេះ​។​

នេះ​គឺជា​ករណី​បៀតបៀន​ការសុំច្បាប់​ឈប់សម្រាក​បិតុភាព​លើក​ទី​២​ដែល​ត្រូវបាន​គេ​ដឹង​នៅក្នុង​ប្រទេស​ជប៉ុន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះហើយ​វា​បង្ហាញ​ពី​បញ្ហា​ដ៏​កម្រ​មួយ​នៅក្នុង​ប្រទេស​ដែល​កំពុង​ប្រឈម​នឹង​អត្រាកំណើត​ទាប​បំផុត​នៅលើ​ពិភពលោក​។​

លោក Glen Wood អាយុ​៤៩​ឆ្នាំ​ដែលជា​អ្នករស់នៅ​ក្នុងប្រទេស​ជ​ប៉ុន​អស់​រយៈពេល​៣​ទស្សវត្សរ៍​មកហើយ​គឺ​កំពុងធ្វើការ​នៅឯ​ក្រុមហ៊ុន Mitsubishi UFJ Morgan Stanley Securities នៅពេល​កូនប្រុស​របស់គាត់​កើត​មិន​គ្រប់​ខែ​ក្នុង​ខែតុលា​ឆ្នាំ​២០១៥​។​

លោក Wood និយាយថា គាត់​បានដាក់​ពាក្យសុំច្បាប់​ឈប់សម្រាក​បិតុភាព​មុនពេល​កូនប្រុស​របស់គាត់​កើត​នៅក្នុង​ប្រទេស​នេ​ប៉ាល់​ដែលជា​កន្លែង​ប្រពន្ធ​របស់គាត់​កំពុងធ្វើការ​ដោយ​ព្យាយាម​អនុវត្តតាម​សិទ្ធិ​ដែល​ត្រូវបាន​ធានា​ដោយ​ច្បាប់​ជប៉ុន​។​

ប៉ុន្តែ​គាត់​និយាយថា ក្រុមហ៊ុន​នេះ​បានទាមទារ​ឲ្យ​គាត់​ធ្វើ​តេ​ស្តិ៍ DNA ដើម្បី​បញ្ជាក់​ពី​ទំនាក់ទំនង​របស់គាត់​ជាមួយ​កូនប្រុស​របស់គាត់​។​

គាត់​បាន​ប្រាប់ AFP មុនពេល​បើកសវនាកា​រ​នៅ​ថ្ងៃ​ពុធ “​ខ្ញុំ​ដឹងថា​វា​ជា​ប្រភេទ​នៃ​ការគិត​បែប​ចាស់គំរឹល​របស់​ក្រុមហ៊ុន​ប៉ុន្តែ​ខ្ញុំ​នៅតែមាន​ការភ្ញាក់ផ្អើល​សូម្បីតែ​ពេល​មាន​អាសន្ន​ក៏ដោយ​ហើយ​កូនប្រុស​របស់ខ្ញុំ​កំពុងស្ថិត​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់ (ICU), ពួកគេ​នឹងមិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​សុំច្បាប់​ឈប់សម្រាក​បិតុភាព​ឡើយ​”​។​

រហូតដល់​ថ្ងៃបុណ្យ​ណូអែល​ឆ្នាំ​២០១៥ គាត់​មិនបាន​ទទួល​ការយល់ព្រម​ឲ្យ​សុំច្បាប់​ឈប់សម្រាក​និង​មិនបាន​ឃើញ​កូនប្រុស​របស់គាត់​ឡើយ​។​

គាត់​បាន​វិល​ត្រឡប់មក​ធ្វើការ​វិញ​នៅ​ខែមីនា​ឆ្នាំ​២០១៦​បន្ទាប់ពី​នាំ​កូន​របស់គាត់​មកកាន់​ប្រទេស​ជប៉ុន​ប៉ុន្តែ​បាន​ចោទប្រកាន់ថា គាត់​ត្រូវបាន​បញ្ឈប់​ពី​ការងារ​ទាំង​មិន​ផ្តល់​ប្រាក់ខែ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​គាត់​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ត​និង​សុំច្បាប់​ឈប់សម្រាក​ព្យាបាល​ជំងឺ​រយៈពេល​៦​ខែ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន Mitsubishi UFJ Morgan Stanley Securities បាន​បដិសេធ​រាល់​ការយាយី​ហើយ​បាន​និយាយថា ខ្លួន​គាំទ្រ​សិទ្ធិ​របស់​និ​យោ​ជិ​ក​ក្នុង​ការទទួល​បានការ​សុំច្បាប់​ឈប់សម្រាក​មាតុភាព​ដែលមាន​កាតព្វកិច្ច​ស្របច្បាប់​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114