ព័ត៍មានទាន់​ហេតុការណ៏
Search

អស្ចារ្យ​ណាស់ ! ខ្មែរ​មិន​ចាញ់​បរទេស​ឡើយ​ពេល​ដឹង​ពី​ស្នាដៃ​របស់​ផលិតករ​ល្បីឈ្មោះ​លោក Tim Pek ផ្ទុះ​ការ​ស្ងើចសរសើរ​

​ភ្នំពេញ ​៖ ម្ចាស់​ពានរង្វាន់​ពី​ការផលិត​ភាពយន្ត​រឿង​”​វិញ្ញាណ​ក្រហម ឬ The Red Sense” នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​២០០៦​កន្លងមក ត្រូវបាន​ទស្សនិកជន​នឹកស្មានថា​ផលិតករ​រូបនេះ​គឺជា​ជន​បរទេស ​តែ​ក្រោយពេល​ដឹងថា ​លោក​Tim Pek(​ធី​ម ប៉ិក​)​គឺជា​ផលិតករ​ខ្មែរ​នោះ បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​ភ្ញាក់ផ្អើល​ខ្លាំង​។ ​លោក Tim Pek គឺ​ល្បីឈ្មោះ​តាមរយៈ​ស្ព​ត​ និង​ភាពយន្ត​ខ្លីៗ និយាយ​ជា​ភាសា​អង់គ្លេស​និង​សម្ដែង​ដោយ​ជនបរទេស​ដូចជា​ក្នុង​រឿង​”Boy”​រឿង​”Evoking ឬ ដាស់​វិញ្ញាណ​” និង​រឿង​ជាច្រើន​ទៀត​។​

បើ​តាមរយៈ​ការផ្តល់​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​តាមរយៈ​សារ​អេឡិចត្រូនិក​ពី​ប្រទេស​អូស្ត្រាលី​ លោក ធី​ម ប៉ិក ដែល​ផលិតករ​ជនជាតិខ្មែរ​រស់នៅ​ទី​នោះ បាន​រៀបរាប់ថា​ ដោយ​សារ​តែ​លោក​បានទទួល​ការបណ្ដុះបណ្ដាល​ក្នុង​ជំនាញ​ផលិត​ភាពយន្ត​ទាំង​ការផលិត​ស្ព​ត​វីដេអូ​ឯកសារ ជា​អ្នក​កាត់ត និង ចាក់​ពណ៌​វីដេអូ នៅក្នុង​ប្រទេស​អូស្ត្រាលី​ទើប​លោក​រមែង​ផលិតភាព​យន្ត​ខ្លីៗ​ជាពិសេស​រឿង​ខ្លី​រន្ធត់ៗ​និង​ព្រឺព្រួច ហើយ​ដាក់​បង្ហោះ​នៅលើ​បណ្តាញ​យូ​ធូប​ជាដើម​។

លោក​បាន​បន្តទៀតថា​ លោក​ក៏​ទទួលបាន​ការទទួលស្គាល់​លើ​ជំនាញ​ផលិត​ប្លង់​រឿង សំឡេង និង​បច្ចេកទេស​ថត ជា​យូរ​មកហើយ ទើប​នៅក្នុង​ប្រទេស​អូស្ត្រាលី​លោក​ទទួលជោគជ័យ​ក្នុង​ការបើក​ក្រុមហ៊ុន​ផលិត​ស្ព​ត ផលិត​វីដេអូ​ឯកសារ ជំនាញ​កាត់ត ចាក់​ពណ៌​កុន​ និង​Sound ជាដើម ។​នៅក្នុង​ប្រទេស​អូស្ត្រាលី​ដោយ​រយៈពេល​ដ៏​ខ្លី លោក​ក៏​នឹង​គ្រោង​ចុះមក​ផលិត​ភាពយន្ត​ដោយ​ជ្រើស​យក​ជនជាតិ​ខ្មែរ​នៅលើ​ទឹកដី​កម្ពុជា​ឲ្យ​ចូលរួម​សម្ដែង​ផងដែរ​។

លោក ធី​ម ប៉ិក លើកឡើងថា ​ភាពយន្ត​ខ្លីៗ​ដែល​លោក​ផលិត​ឡើង​កន្លងមក ​បើទោះជា​និយាយ​ភាសាបរទេស និង​មើល​រសជាតិ​ដូចជា​ភាពយន្ត​បរទេស ប៉ុន្តែ​មិនមាន​ស្នាដៃ​ណាមួយ ដែល​គ្មាន​ការចូលរួម​សម្ដែង​ពី​ជនជាតិខ្មែរ​នោះទេ​។ ជាក់ស្ដែង​ក្នុង​រឿង​”Boy” ដែលមាន​ការចាប់អារម្មណ៍​ក្រោយ​ការ​បង្ហោះ​នោះ តួអង្គ​ក្មេងប្រុស​គឺជា​ជនជាតិ​កម្ពុជា​នោះទេ ខណៈដែល​តួអង្គ​ស្រី​ជា​ជនជាតិ​ហ្វីលីពីន និង​មាន​ជនជាតិ​អូស្ត្រាលី​ចូលរួម​សម្ដែង​ដែរ​។

មកទល់ពេលនេះ​លោក​ផលិត​បាន​ច្រើន​រឿង​ហើយដោយ​ភាពយន្ត​ខ្លី​នីមួយៗ លោក​ក៏​នឹងមាន​គំនិត​បន្លាយ​ជា​ភាពយន្ត​ខ្នាត​ធំ ប្រសិនបើ​មាន​ដៃគូ​សហការ​បោះទុន ចង់អោយ​លោក​ផលិត​។ កាលពី​ខែ​៩​កន្លងទៅ ក្នុងពេល​លោក​មកលេង​នៅ​កម្ពុជា លោក​ក៏បាន​ផលិត​ស្ព​ត​ខ្លី​ក្រោម​ចំណងជើង​ថា​”Cambodia’s Wonderland” ដែល​ឆ្លុះបញ្ចាំង​ពី​អច្ឆរិយៈ​នៃ​កម្ពុជា​។​

ពេលកន្លងមក​លោក​ក៏​ចុះមក​ផលិត​ស្ព​ត​និង​រឿង​ខ្លីៗ​ជាច្រើន​លើទឹក​ដី​ខ្មែរ​រាប់មិនអស់​ផងដែរ​។​លោក​ក៏​ប្រកាសថា​ចង់អោយ​អន្តរជាតិ​ដឹងថា​ជនជាតិ​កម្ពុជា​ក៏មាន​លទ្ធភាព​ផលិតភាព​យន្ត​កម្រិត​បរទេស​មិន​ចាញ់​គ្នា​ទើប​លោក​តែង​ផលិត​រឿង​ខ្លី​ថ្មីៗ​ដាក់​បង្ហោះ​ជារឿយៗ​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114