ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Modi នឹង​ទទួល​លោក Xi ក្នុង​កិច្ចប្រជុំ​កំពូល​ស្របពេល​ចំណងទាក់ទង​មាន​ភាព​តានតឹង​ដោយសារ​បញ្ហា​កា​ស្មៀ​រ​

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ឥណ្ឌា​បាន​និយាយថា នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​ប្រធានាធិបតី​ចិន​លោក Xi Jinping សម្រាប់​កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​មួយ​នៅ​ចុង​សប្តាហ៍​នេះ​ខណៈ​កិច្ចពិភាក្សា​នេះ​នឹង​កើតឡើង​ចំពេល​ទំនាក់ទំនង​មាន​ភាព​តានតឹង​ជុំវិញ​បញ្ហា​តំបន់​កា​ស្មៀ​រ​ដែលមាន​ជម្លោះ​។​

កិច្ចប្រជុំ​ក្នុង​ទីក្រុង Chennai​ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃទី​១១-១២​ខែតុលា​គឺមាន​គោលបំណង​ពង្រឹង​ទំនាក់ទំនង​ដែល​បង្កើតឡើង​ដោយ​មេដឹកនាំ​ទាំងពីរ​នៅពេល​ពួកគេ​បាន​ជួបគ្នា​ក្នុង​ទីក្រុង Wuhan នៃ​ប្រទេស​ចិន​កាលពី​ឆ្នាំមុន​ដើម្បី​ជួយ​ធ្វើ​ឲ្យ​ចំណងទាក់ទង​មាន​ស្ថេរភាព​បន្ទាប់ពី​ការប្រឈមមុខ​ដាក់គ្នា​នៅក្នុង​ផ្នែក​ផ្សេងទៀត​នៅតាម​បណ្តោយ​ព្រំដែន​របស់​ពួកគេ​។​

ប៉ុន្តែ​ការសម្រេចចិត្ត​របស់​ទីក្រុង​ញូ​វ​ដេលី​កាលពី​ខែសីហា​ដើម្បី​ដក​ឋានៈ​ពិសេស​សម្រាប់​តំបន់​កា​ស្មៀ​រ​បានទទួល​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​ប្រទេស​ប៉ា​គី​ស្ថាន​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​គឺ​ប្រទេស​ចិន​ដែល​បាន​យក​បញ្ហា​នេះ​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​

ក្រសួងការបរទេស​ឥណ្ឌា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា “​កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ Chennai នាពេលខាងមុខ​នេះ​នឹង​ផ្តល់នូវ​ឱកាស​សម្រាប់​មេដឹកនាំ​ទាំងពីរ​ដើម្បី​បន្ត​កិច្ចពិភាក្សា​របស់​ពួកគេ​លើ​បញ្ហា​នៃ​សារៈសំខាន់​ទ្វេភាគី ក្នុង​តំបន់​និង​ជាស​កល​និង​ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​ភាពជា​ដៃគូ​អភិវឌ្ឍន៍​កាន់តែ​ជិតស្និទ្ធ​រវាង​ឥណ្ឌា​និង​ចិន​”​។​

ប្រទេស​ឥណ្ឌា​និយាយថា ការដកហូត​របស់ខ្លួន​សម្រាប់​ឋានៈ​ពិសេស​របស់​តំបន់​កា​ស្មៀ​រ​ដែល​សម្បូរ​ជន​មូស្លីម​គឺជា​បញ្ហា​ផ្ទៃក្នុង​និង​មាន​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តំបន់​ហិ​ម៉ា​ល័យ​មួយ​នេះ​ឲ្យ​កាន់តែ​ជឿនលឿន​។​

ប្រទេស​ចិន​ដែល​រង​ការរិះគន់​ពី​សហរដ្ឋអាមេរិក​ចំពោះ​ការប្រព្រឹត្ត​របស់ខ្លួន​ទៅលើ​ជនជាតិភាគតិច​មូស្លីម​បាន​និយាយថា ខ្លួន​ជឿជាក់ថា ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ត្រូវតែ​ចៀសវាង​ធ្វើ​សកម្ម​ភាពជា​ឯកតោភាគី​នៅ​តំបន់​កា​ស្មៀ​រហើយ​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ទឹកដី​នេះ​។​

គួរ​បញ្ជាក់ថា មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក Xi ទៅកាន់​ប្រទេស​ឥណ្ឌា​, ប្រទេស​ចិន​បាន​អញ្ជើញ​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក Imran Khan ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី​។ ប្រទេស​ចិន​បាន​គាំទ្រ​ប្រទេស​ប៉ា​គី​ស្ថាន​ក្នុងការ​ការពារ​អធិបតេយ្យភាព​ឯករាជ្យ​និង​បូរណភាព​ទឹកដី​របស់ខ្លួន​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114