ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​នៃ​ការ​បង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ​នៅ​ព្រឹក​នេះ

ភ្នំពេញ​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែតុលា​ ឆ្នាំ២០១៩ បាន​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី ៤០ នៃ​ការ​បង្កើត​ធនាគារ​ជាតិ​នៃ​កម្ពុជា​ឡើងវិញ​ (១០​តុលា​១៩៧៩-១០​តុលា​២០១៩)​ ដែល​កម្មវិធី​នេះ ប្រារព្ធ​ធ្វើឡើង​នៅ​សាល សន្និសីទ​ចតុមុខ រាជធានី​ភ្នំពេញ​។

ការ​ប្រារព្ធ​ខួប៤០​ឆ្នាំ​ នៃ​ការ​បង្កើត​ធនាគារ​ជាតិ​នៃ​កម្ពុជា​ឡើងវិញ ​(១០​តុលា​១៩៧៩-១០​តុលា​២០១៩)​នេះ​គឺជា​គំនិត​ផ្តួច​ផ្តើម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ប្រាក់​រៀល​កម្ពុជា​ ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​រយៈពេល ៤០​ឆ្នាំ​កន្លងមកនេះ ហើយ​ចង់​បញ្ជាក់ថា ប្រាក់រៀល​ដែល​បាន​បោះផ្សាយ​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​១៩៨០ រហូតមកដល់​ពេលនេះ គឺមាន​អាយុ ៤០​ឆ្នាំ​ហើយ គឺ​បើទោះបី​វា​ផ្លាស់ប្តូរ​ទម្រង់​មួយ​មកកាន់​ទម្រង់​មួយ តែ​ប្រភព​កំណើត​របស់​វា​គឺ​រូបិយវត្ថុ​ដែល​បោះពុម្ពផ្សាយ​នៅ​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​១៩៨០ ។

​រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ ការរក្សា​បាន​នូវ​តួនាទី​ប្រាក់រៀល​ក្នុង​សេដ្ឋកិច្ច​ជាពិសេស​តម្រូវ​ការប្រាក់​រៀល​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ទាំង​ប្រាក់​រៀល​ក្នុងការ​ចរាចរណ៍​និង​ការ​សន្សំ​ក្នុង​ប្រព័ន្ធ​ធនាគារ ​នេះ​គឺជា​ការបង្ហាញ​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​មកលើ​ប្រាក់​រៀល ជាពិសេស​លើកស្ទួយ​ប្រាក់​រៀល​កម្ពុជា​តាមរយៈ​ការប្រើប្រាស់​ប្រាក់​រៀល​ ឲ្យ​បាន​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​សំដៅ​ពង្រឹង​អត្តសញ្ញាណ​ជាតិ និង​អធិបតេយ្យ​ជាតិ​។

គួរ​បញ្ជាក់​ថា ធនាគារ​ជាតិ​នៃ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​១៩៥៤ បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង និង​ក្រោយពី​វិទ្យាស្ថាន​បោះ​ប្រាក់​ឥណ្ឌូចិន​ត្រូវ​បាន​បិទទ្វារ ហើយ​ប្រាក់រៀល​ក៏​ត្រូវ​បាន​បោះផ្សាយ​និង​ដាក់​ឲ្យ​ចរាចរ​នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​១៩៥៥ ផង​ដែរ​។ នៅ​ឆ្នាំ​១៩៦៤ ក្រោម​របប​សង្គមរាស្ត្រនិយម​ធនាគារ​ជាតិ​នៃ​កម្ពុជា​ត្រូវបានធ្វើ​ជាតូបនីយកម្ម​ដោយ​ប្រែក្លាយ​ពី​ស្ថាប័ន​ពាក់​កណ្តាល​ស្វយ័ត ទៅជា​ធនាគារ​រដ្ឋ​ដែល​មាន​លក្ខណៈ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​។

ធនាគារពាណិជ្ជ​ក្នុងស្រុក​ទាំងអស់​ត្រូវបាន​បិទទ្វារ​ហើយ​រដ្ឋាភិបាល​បាន​បង្កើត​ធនាគារ​រដ្ឋ​មួយចំនួន​ដូចជា ធនាគារ​ឥណទាន​ជាតិ ធនាគារ​អភិវឌ្ឍន៍ និង ធនាគារ​កសិកម្ម​ជនបទ ។

ជា​អកុសល​នៅ​ថ្ងៃទី​១៧ ខែមេសា​ឆ្នាំ ១៩៧៥ នៅពេលដែល​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​(​ខ្មែរក្រហម​)​កាន់អំណាច​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបាន​បិទទ្វារ​អគារ​ស្នាក់ការ​ត្រូវបាន​កម្ទេច រូបិយវត្ថុ​ជាតិ​ត្រូវ​បាន​ឈប់​ប្រើប្រាស់ ហើយ​ប្រព័ន្ធ​ធនាគារ​ត្រូវ​បាន​លុប​បំបាត់ចោល​ទាំងស្រុង។ ក្រោយ​ការ​ដួលរលំ​នៃ​របប​ខ្មែរក្រហម​ធនាគារជាតិ​នៃ​កម្ពុជា ​ត្រូវ​បាន​បង្កើត​ឡើងវិញ​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​១៩៧៩ ក្នុងនាម​ជា​ធនាគារ​កណ្តាល​របស់​ប្រទេស​ដែលមាន​ឈ្មោះថា “​ធនាគារជាតិ​នៃ​ប្រជាជន​កម្ពុជា​” ។

នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​១៩៨០ ធនាគារជាតិ​នៃ​ប្រជាជន​កម្ពុជា​បាន​បោះផ្សាយ​ប្រាក់​រៀល​ឡើងវិញ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ទូទាត់​ថ្លៃទំនិញ និង​បើក​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ស៊ីវិល។ នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​១៩៩២ រដ្ឋសភា​បានអនុម័ត​ច្បាប់​ស្តីពី​ការ​ប្តូរឈ្មោះ​និង​តួនាទី​របស់​ធនាគារ​ពី​”​ធនាគារ​ជាតិ​នៃ​ប្រជាជន​កម្ពុជា​” ទៅជា “​ធនាគារជាតិ​នៃ​កម្ពុជា​” វិញ ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ក្រុមប្រឹក្សារដ្ឋ​នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​១៩៩២ ។ ប្រព័ន្ធ​ធនាគារ មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ចាប់​តាំង​ពី​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ​១៩៩០ នៅ​ពេល​ដែល​មាន​ការ​ធ្វើ​កំណែទម្រង់​វិស័យ​ធនាគារ​ស្រប​ពេល​ដែល​ច្បាប់​ស្តី​ពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា ច្បាប់​ស្តីពី​ធនាគារ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ព្រមទាំង​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ដទៃ​ទៀត​ត្រូវ​បាន​អនុវត្ត។

តួនាទី​រូបិយវត្ថុ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ជាពិសេស​ការ​ពង្រឹង​អធិបតេយ្យ​ជាតិ​ពិតជា​មាន​សារៈសំខាន់​ដោយសារ​រូបិយវត្ថុ​ក្នុង​វិស័យ​សេដ្ឋកិច្ច​គឺជា​មធ្យោបាយ​សម្រួល​ដល់​ការដោះដូរ​ជា​ឧបករណ៍​គោលនយោបាយ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ទៅ​នឹង​ហានិភ័យ​នានា ហើយ​រូបិយវត្ថុ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​អធិបតេយ្យ​ជាតិ តាមរយៈ​គោលនយោបាយ​សង្គម​និង​សេដ្ឋកិច្ច ហើយ​ក៏បាន​ឆ្លុះបញ្ចាំង​ក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​អំពី​ស្ថានភាព​គ្រប់គ្រង​ប្រទេស​នៅ​គ្រប់​សម័យកាល។ ការ​មើលរំលង​តួនាទី​រូបិយវត្ថុ​ជាតិ​ធ្វើ​ឲ្យ​បាត់បង់​ភាព​ម្ចាស់ការ​លើ​ការគ្រប់គ្រង​សេដ្ឋកិច្ច​អធិបតេយ្យ​ជាតិ ហើយ​ប្រទេសជាតិ​នឹង​មាន​ភាព​ទន់ខ្សោយ​លើ​គ្រប់​វិស័យ​ដែល​កត្តា​ទាំងអស់នេះ​បាន​ជំរុញ​ឲ្យ​ព្រះមហាក្សត្រ​ខ្មែរ​មួយចំនួន​ព្យាយាម​កសាង​អធ​បិ​តេ​យ្យ​ជាតិ​ដោយបាន​បោះផ្សាយ​រូបិយវត្ថុ​ជាតិ​ដោយ​ខ្លួនឯង​។

កម្ពុជា​ធ្លាប់បាន​ប្រើប្រាស់​រូបិយវត្ថុ​ដែលមាន​ប្រភព​មកពី​តំបន់​ផ្សេងៗ​តាមរយៈ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​បរទេស​តាំងពី​សតវត្សរ៍​ទី​១​នៅ​សម័យ​នគរ​ភ្នំ រហូតមកដល់​សម័យ​អង្គរ​ពេលដែល​កម្ពុជា​បានក្លាយ​ជា​ឤ​ណា​ចក្រ​មានការ​រីកចម្រើន​ដល់​កំពូល ប៉ុន្ដែ​កម្ពុជា​ពុំបាន​បោះពុម្ព​រូបិយវត្ថុ​ជាតិ​នោះទេ​តែ​បាន​ប្រើប្រាស់​ប្រាក់​សំប៉ែត​ដែល​នាំមក​ដោយ​ជនជាតិ​ចិន​។

នៅ​ដើម​សតវត្សរ៍​ទី​១៦ «​ព្រះ​ស្រី​ជេដ្ឋា​រាជ​រាមា​នា​ធិបតី​» ហៅ «​ស្តេច​កន​» ព្រះរាជា​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​បាន​បោះផ្សាយ​រូបិយវត្ថុ​ជាតិ​គឺ «​ប្រាក់​ស្លឹង​» ដើម្បី​ពង្រឹង​អំណាច​ផ្នែក​សេដ្ឋកិច្ច នយោបាយ​និង​អធិបតេយ្យ​ជាតិ តាមរយៈ​ការភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​បរទេស​ដូចជា ការដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​អ្នកជំនួញ​ព័រ​ទុយ​ហ្គេ និង​អេស្បាញ តាមរយៈ «​ប្រាក់​ព្យ៉ា​ស់​» និង​ការរៀបចំ​ប្រព័ន្ធ​ពន្ធដារ​ច្បាស់លាស់​ដោយ​ផ្អែកលើ​រូបិយវត្ថុ​ជាតិ សម្រាប់​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ពង្រឹង​អំណាច​កងទ័ព​ផងដែរ​។

នៅ​សតវត្សរ៍​ទី​១៩ ព្រះបាទ​អង្គ​ឌួង បាន​បោះផ្សាយ​រូបិយវត្ថុ​ជាតិ​គឺ «​ប្រាក់​ប្រាសាទ​» ដើម្បី​ពង្រឹង​ភាព​ខ្លាំង​នៃ​សេដ្ឋកិច្ច​និង​អធិបតេយ្យ​ជាតិ​និង​រំដោះ​ប្រទេសជាតិ​ចេញពី​ឥទ្ធិពល​នៃ​ប្រទេសជិតខាង។ នៅ​សម័យ​ក្រោម​អាណាព្យាបាល​បារាំង​កម្ពុជា​មិន​មាន​អធិបតេយ្យ​ផ្នែក​រូបិយវត្ថុ​ទេ ប៉ុន្តែ​កម្ពុជា​បាន​ប្រើប្រាស់​រូបិយវត្ថុ ក្រដាសប្រាក់​ព្យ៉ាស់ ដែល​បោះផ្សាយ​ដោយ​ធនាគារ​ឥណ្ឌូចិន​ដែល​ជា​ធនាគារ​ពាណិជ្ជ​បារាំង​សម្រាប់​ប្រទេស​នៅ​ឥណ្ឌូចិន រួមមាន កម្ពុជា វៀតណាម និង​ឡាវ ដើម្បី​ជា​មធ្យោបាយ​ទូទាត់ សន្សំ​និង ខ្នាត​កំណត់​តម្លៃ​ទំនិញ​និង​សេវា​រហូតដល់​ឆ្នាំ​១៩៤៨។ ក្រោយមក​ប្រទេស​ទាំងបី​ត្រូវ​បាន​បារាំង​បង្កើត​ឲ្យ​ទៅជា​សមាគម​រដ្ឋ​ឥណ្ឌូចិន​ជា​មួយនឹង​វិទ្យាស្ថាន​បោះពុម្ព​ប្រាក់​ឥណ្ឌូចិន​ដែល​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៥២ មាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​បោះផ្សាយ​រូបិយវត្ថុ​សម្រាប់​ប្រើប្រាស់​ក្នុង​ប្រទេស ៣ គឺ កម្ពុជា ឡាវ និង​វៀតណាម ក្រោម​ការគ្រប់គ្រង​រប​ស់​បារាំង៕
ណា រី​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114