ព័ត៍មានទាន់​ហេតុការណ៏
Search

សាលា​គណ​រាជធានី​ភ្នំពេញ ប្រគល់​ទេយ្យវត្ថុ គ្រឿង​ឧបភោគ​បរិភោគ និង​បច្ច័យ​សរុប​ជាង​៣០​លាន​រៀន​ ជូន​សាខា​កាកបាទ​ក្រហមកម្ពុជា​រាជធានី​ភ្នំពេញ

ភ្នំពេញ ​៖ ទេយ្យវត្ថុ គ្រឿង​ឧបភោគ​បរិភោគ និង​បច្ច័យ​សរុប​ជាង​៣០​លាន​រៀន​ ត្រូវ​បាន​សាលា​គណ​រាជធានី​ភ្នំពេញ ប្រគល់​ជូន​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​យក​ទៅ​ជួយ​សង្គ្រោះ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ មាន​ដូច​ជា ចាស់ជរា ស្ត្រី​មេម៉ាយ​ទុរគត កុមារ និង​ជន​ពិការ ជាដើម​។

ពិធី​ប្រគល់​និង​ទទួល​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៩ នៅ​វត្ត​បទុម​វ​តី សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ ក្រោម​វត្តមាន​លោក​មាន ចាន់​យ៉ា​ដា អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហមកម្ពុជា​រាជធានី​ភ្នំពេញ តំណាង​ឲ្យ​លោក​ឃួ​ង ស្រេង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហមកម្ពុជា​រាជធានី​ភ្នំពេញ និង​សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន​ព្រះ​មេគណ​រាជធានី​ភ្នំពេញ។

លោក​មាន ចាន់​យ៉ា​ដា បាន​មានប្រសាសន៍ថា ទេយ្យវត្ថុ គ្រឿង​ឧបភោគ​បរិភោគ និង​បច្ច័យ​របស់​សាលា​គណ​រាជធានី​ភ្នំពេញ ជូន​ដល់​សាខា​កាកបាទ​ក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​នា​ពេល​នេះ គឺជា​ស្មារតី រួម​សាមគ្គី​ប្រកបដោយ​សទ្ធា​ជ្រះថ្លា​របស់​ព្រះសង្ឃ គណៈកម្មការ​អាចារ្យ ពុទ្ធបរិស័ទ​នៃ​សាលា​គណ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ក្រោម​ម្លប់​ព្រះពុទ្ធសាសនា ដើម្បី​ចូលរួម​ក្នុង​វិស័យ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា។

ក្នុង​តួនាទី​ជា​ជំនួយ​ការ​ឲ្យ​អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុស្សធម៌ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន បាន​បំពេញ​នូវ​បេសកកម្ម​មនុស្សធម៌​រប​ស់​ខ្លួន​ជាច្រើន ក្នុង​ការ​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ រួមមាន ចាស់ជរា ស្ត្រី​មេម៉ាយ​ទុរគត កុមារ និង​ជនពិការ ជាដើម​។

លោក​បន្ត​ថា សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព​មនុស្សធម៌​ប្រចាំថ្ងៃ​ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​យក​ចិត្តទុកដាក់ លើកកម្ពស់​គាំពារ ថែរក្សា និង​ផ្តល់​តម្លៃ​របស់​មនុស្សជាតិ​។​ ចំពោះ​ការប្រគល់​-​ទទួល​អំណោយ​មនុស្សធម៌ របស់​សាលា​គណ​រាជធានី​ភ្នំពេញ ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ​គឺជា​ការផ្សារភ្ជាប់​វិស័យ​ពុទ្ធចក្រ និង​វិស័យ​អាណាចក្រ ដោយ​ឈរលើ​មូលដ្ឋាន​វប្បធម៌​នៃ​ការ​ចែករំលែក ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ​តាមរយៈ​ទេយ្យវត្ថុ គ្រឿង​ឧបភោគ​បរិភោគ និង​បច្ច័យ​ទាំងនេះ នឹង​ផ្តល់​លទ្ធភាព​បន្ថែម​ដល់​គណៈកម្មាធិការ​សាខា អាច​ពង្រីក​សកម្មភាព​មនុស្សធម៌​ដើម្បី​ឆ្លើយតប​កាន់តែ​ទាន់​ពេល​វេលា និង​ដោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​
​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​ក្នុង​រាជធានី​ភ្នំពេញ​។

ក្នុងនាម​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានី​ភ្នំពេញ​ លោក​សន្យា​ថា​នឹង​ចាត់ចែង​ប្រើប្រាស់​នូវ​ទេយ្យទាន​ទាំងនេះ​ជួយ​ឲ្យ​ចំ​គោលដៅ​ដល់ដៃ​ជនរងគ្រោះ​គ្រប់​ប្រភេទ ឲ្យ​ស្របតាម​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ​របស់​ចលនា​កាកបាទក្រហម។

សម្តេចព្រះ​ពុទ្ធ​ជ័យ​មុនី ឃឹម សន បាន​មាន​សង្ឃដីកា​ថា សាលា​គណ​រាជធានី​ភ្នំពេញ តែង​បាន​ចែករំលែក​ទេយ្យទាន​និង​បច្ច័យ​ផ្តល់​ទៅ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ បន្ត​នាំទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​និង​ងាយ​រងគ្រោះ​។ ទេយ្យទាន​និង​បច្ច័យ​ផ្តល់​ទៅ​សាខា​កាកបាទ​ក្រហមកម្ពុជា នេះ​ដោយសារតែ​ព្រះអង្គ​មើលឃើញ​ពី​សកម្មភាព​មនុស្សធម៌​ដ៏​ល្អ​របស់ សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ដោយបាន​ផ្តល់ជូន​ជនរងគ្រោះ​និង​អ្នករងគ្រោះ​ដោយ​មិន​ប្រកាន់ពូជសាសន៍ និន្នាការ​នយោបាយ​និង​បាន​យកទៅ​ប្រើប្រាស់​ចំ​គោលដៅ​។

គួរ​បញ្ជាក់​ថា ទេយ្យទាន​ដែល​សាខា​កាកបាទក្រហម​កម្ពុជា រាជធានី​ភ្រ​រាជធានី​ភ្នំពេញ ទទួលបាន​រួមមាន ​គ្រឿង​ឧបភោគ​បរិភោគ​ចំនួន​១០​មុខ និង​ថវិកា​ចំនួន​១២​លាន​រៀល ដែល​គិត​សរុប​ជា​ទឹកប្រាក់​ទាំងអស់​ចំនួន​៣០៦០៧០០០​រៀល​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114