ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រូ​អ៊ីរ៉ង ថា​ប្រជាជន​អ៊ីរ៉ង់ គឺជា​អ្នកគាំទ្រ​ដ៏​ធំ​សម្រាប់​ក្រុម​ជម្រើសជាតិ និង​មិន​បារម្ភ​ជុំវិញ​បញ្ហា​កីឡាករ​របួស

លោក Marc Robert Wilmots គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ បានលើកឡើង​ជា​មតិយោបល់​ខ្លះៗ​មុន​ជួប​កម្ពុជា ដោយបាន​ចាត់ទុកថា​ប្រជាជន​អ៊ីរ៉ង់ គឺជា​អ្នកគាំទ្រ​ដ៏​ធំ​សម្រាប់​ក្រុម​ជម្រើសជាតិ ជាពិសេស​ក៏បាន​លើកឡើង​ពី​បញ្ហា​អវត្តមាន​ខ្សែប្រយុទ្ធ​មួយចំនួន​ផងដែរ​។

មាន​យោបល់​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​អ្នកកាសែត​អ៊ីរ៉ង់ គ្រូ​បង្វឹក​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ី​ក លោក Marc Robert Wilmots ពន្យល់​បែបនេះ «​យើង​មាន ២ ប្រកួត​ដើម្បី​ប្រកួត​ជាមួយ​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន ហើយ​រាល់​ការ​ផ្តោត​អារម្មណ៍​របស់​យើង​គឺ​ផ្តោតលើ​ចំណុច​ដែល​យើង​ត្រូវការ​។ ប្រជាជន​អ៊ីរ៉ង់​ពិតជា​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ក្រុមបាល់ទាត់​ជាតិ​របស់​ពួកគេ និង​ជា​អ្នកគាំទ្រ​ដ៏​ធំ​របស់​ក្រុម​នេះ ហើយ​ពួកគេ​គាំទ្រ​ក្រុម​ជម្រើស​ជាតិ​របស់​ពួកគេ​នៅ​គ្រប់​ទីកន្លែង​។ ខ្ញុំ​សង្ឃឹមថា ​យើង​អាច​សំរេច​គោលដៅ​ដោយមាន​ការគាំទ្រ​ពី​អ្នកគាំទ្រ​។​»

និយាយ​ពី​កូន​ក្រុម គ្រូ​បង្វឹក​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​ដដែល​រូប​នេះ​បាន​លើក​ឡើង​ផង​ដែរ ទោះបី​អវត្តមាន​របស់​ខ្សែប្រយុទ្ធ​សំខាន់ៗ​ក៏ដោយ ក៏​លោក​នឹង​លើកទឹកចិត្ត​តាមរយៈ​ទម្រង់​លេង​របស់​ខ្សែប្រយុទ្ធ​ជួរមុខ Sadra Azmoun ដែល​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​សម្រាប់​អ៊ីរ៉ង់ គ្រា​ដែល​រូបគេ​បាន​ជួយ​ឲ្យ​ក្រុម​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី (AFC Asian Cup) ឆ្នាំនេះ នៅ​ប្រទេស​អារ៉ាប់​រួម​។

បច្ចុប្បន្ន​កីឡាករ​វ័យ ២៤​ឆ្នាំ​រូបនេះ​កំពុងតែ​ទាក់ទាញ​ការចាប់អារម្មណ៍​ជាច្រើន​ដោយសារតែ​ការបង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​កត់​សំគាល់​សម្រាប់​ក្រុម​របស់គេ​ក្នុង​លី​គ​កំពូល​រុស្ស៊ី (Zenit St. Petersburg) ដែល​អាច​រក​គ្រាប់​បាល់ បាន ២​គ្រាប់​នៅក្នុង​ការប្រកួត​ពានរ​ង្វាន់​កំពូល​ប្រចាំ​ទ្វីប​អឺរ៉ុប (UEFA Champions League) កាលពីពេល​ថ្មីៗ​នេះ​ផងដែរ​។

សូម​បញ្ជាក់​ថា ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​ដដែល​ខាងលើនេះ កម្ពុជា ស្ថិតនៅ​ពូ​ល C ជាមួយ​ក្រុម​ខ្លាំងៗ​ដូចជា ជម្រើសជាតិ​អ៊ីរ៉ង​, ជម្រើសជាតិ​អ៊ីរ៉ាក់​, ជម្រើស​កោះ​ហុងកុង និង​ជម្រើសជាតិ​បា​រ៉ែ​ន​។

ជំនួប​បើក​ទី​៣ កម្ពុជា ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ អ៊ីរ៉ង់ ផ្ទាល់​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន Azadi Stadium នា​វេលា​ម៉ោង ៨និង៣០​នាទី​យប់ ( ម៉ោង​នៅ​កម្ពុជា ) ដោយមាន​ការផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​ស្ថានីយទូរទស្សន៍ CTN មុននឹង​ត្រលប់មក​ទទួល​ជំនួប​ទី​៤ ជាមួយ ជម្រើស​ជាតិ​អ៊ីរ៉ាក់ នៅ​ថ្ងៃទី​១៥ ខែ​ដដែល ការប្រកួត​នេះ​ក៏​នឹងមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយ​ទូរទស្សន៍ ៣​ព្រម​គ្នា​រួមមាន​បាយ័ន​, BTV News និង ETV ផងដែរ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114