ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊​ន ចាន់​ប៉ូ​លីន សម្ដែង​ក្ដី​រំភើប​ក្នុង​ជំនួប​តទល់​រវាង​ជម្រើសជាតិ​កម្ពុជា ជាមួយ អ៊ីរ៉ង់

កាលពី​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានធ្វើការ​ប្រកាស​បញ្ជី​ឈ្មោះ​បឋម​ក្រុម​ជម្រើសជាតិ​កម្ពុជា ចំនួន ២៦​រូប និង​ក្រោម​ក​ជម្រុះ​មក​នៅ ២៣​រូប ដើម្បី​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់ វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ សម្រាប់​ប្រទេស​ក្នុង​ទ្វីបអាស៊ី ( 2022 FIFA World Cup qualification-AFC ) និង​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​ទ្វីបអាស៊ី ( 2023 AFC Asian Cup qualification ) ជាមួយ​ជម្រើស​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។

យ៉ាងណាមិញ​ក្នុងចំណោម​កីឡាករ​ចំនួន ២៣​រូប មាន​កីឡាករ​ម្នាក់​គឺជា​យុវជន​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ដែល​លេង​ក្នុង​តំណែង​ជា​ខ្សែបម្រើ​ការពារ កីឡាករ អ៊​ន ចាន់​ប៉ូ​លីន ក៏បាន​សម្ដែង​នូវ​ក្ដី​សុទិដ្ឋិនិយម​ជុំវិញ​ឱកាស​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ ក្រោម​ការដឹកនាំ​ដោយ លោក Keisue Honda និង​លោក Felix G.Dalmas ដែល​ចូលមក​កាន់​ការងារ​នេះ​បាន​ជាង ១​ឆ្នាំ​រួចមក​។

​មាន​យោបល់​នៅ​លើ​គេហទំព័រ​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ppcfc.com ប៉ូ​លីន បាន​លើក​ឡើង​ថា ​មិន​មាន​អារម្មណ៍​ភ័យខ្លាច​អ្វី​នោះ​ទេ ប៉ុន្តែ​គេ​មាន​អារម្មណ៍​រំភើប​សម្រាប់​ការប្រកួត​ជាមួយ​ក្រុម​ខ្លាំង​មួយ​នេះ។

«​សម្រាប់​ការ​ហ្វឹកហាត់​គឺ​ពួក​យើង​ធ្វើ​បាន​ល្អ​ច្រើន ប៉ុន្តែ​យើង​មាន​បញ្ហា​បន្តិចបន្តួច​ទៅលើ​អាកាសធាតុ ហើយ​បើ​និយាយ​ពី​ការប្តេជ្ញាចិត្ត​របស់​យើង​គឺ​មិន​ខុសពី​ការប្រកួត​មុនៗ​នោះ​ទេ យើង​នឹងធ្វើ​ឲ្យ​បានល្អ​ជាទីបំផុត បើ​ទោះបី​ជា​យើង​ដឹង​ថា​ ក្រុម​គេ​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ​។​» សម្ដី​របស់ ប៉ូ​លីន នៅលើ​គេហទំព័រ ppcfc.com​។

និយាយ​ពី​ការ​ត្រៀម​ខ្លួន អ៊​ន ចាន់​ប៉ូ​លីន បាន​បន្ថែមថា ឆ្លងកាត់​ការ​ហ្វឹកហាត់​មួយ​រយៈ​នេះ​ខ្ញុំ​មាន​ទំនុក​ចិត្ត និង​មាន​តិច​និ​ច​ក្នុង​ការ​លេង​ច្រើនជាង​មុន ។ ចំពោះ​ក្រុម​របស់​យើង​គឺ​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​ប្រកួត​នេះ ពួក​យើង​នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​តាម​ដែល​អាច​ធ្វើ​បាន​។ សម្រាប់​ខ្ញុំ​គឺ​មិនមាន​ភាពភ័យខ្លាច​អ្វី​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​រំភើប​នៅ​ពេល​ដែល​បាន​លេង​ជាមួយ​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​អាស៊ី ហើយក៏​ជា​ឱកាស​មួយ​ដើម្បី​បង្ហាញ​កម្រិត​របស់​យើង​ផង​ដែរ​។​»

សូម​បញ្ជាក់ថា ការប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​ដដែល​ខាងលើនេះ កម្ពុជា ស្ថិតនៅ​ពូ​ល C ជាមួយ​ក្រុម​ខ្លាំងៗ​ដូចជា ជម្រើសជាតិ​អ៊ីរ៉ង​, ជម្រើសជាតិ​អ៊ីរ៉ាក់​, ជម្រើស​កោះ​ហុងកុង និង​ជម្រើសជាតិ​បា​រ៉ែ​ន​។

ជំនួប​ទី​៣​របស់ កម្ពុជា គឺ​ត្រូវ​ប៉ះ​ជាមួយ អ៊ីរ៉ង់ នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​ប្រទេស​អ៊ីរ៉ង់ មុននឹង​បន្ត​ទទួល​ជំនួប​ទី​៤ ជាមួយ អ៊ីរ៉ាក់ នៅ​ថ្ងៃទី​១៥ ខែ​ដដែល ការប្រកួត​ទាំងនេះ​ក៏​នឹងមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយទូរទស្សន៍ CTN ផងដែរ​៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114