ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងសុខាភិបាល​ចុះ MoU ជាមួយ​មូលនិធិ GX​របស់​ចិន​លើ​គម្រោង​លុបបំបាត់​ភាព​ពិការភ្នែក​ដោយសារ​ជំងឺ​ឡើងបាយ

ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​( MoU) ជាមួយ​មូលនិធិ GX​របស់​ចិន​ទៅលើ​គម្រោង​លុបបំបាត់​ភាព​ពិការ​ភ្នែក​ដោយសារ​ជំងឺ​ឡើងបាយ​នៅ​ខេត្តព្រៃវែង​ខណៈ​បច្ចុប្បន្ន​បាន​កំពុង​នឹង អនុវត្ត​នៅ​ខេត្តកំពង់ចាម​។

អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​គម្រោង​លុបបំបាត់​ភាព​ពិការភ្នែក ដោយ​ជំងឺ​ភ្នែក​ឡើង​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ជាមួយ លោក LEUNG CHUN-YING ប្រធាន​មូលនិធិ​GX កាលពី​ល្ងាច​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ Rosewood​រាជធានី​ភ្នំពេញ​។

យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ​នេះ​គឺជា​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ទី​ពីរ​ហើយ​បន្ទាប់ពី​អនុស្សរណៈ​ទី​មួយ ត្រូវ​បាន​ចុះហត្ថលេខា​កាល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ​កន្លងទៅ​ដែល​បាន​នឹង​កំពុង​អនុវត្ត​នៅ​ខេត្តកំពង់ចាម ក្នុង​ការ​ផ្តល់សេវា​ពិនិត្យ ព្យាបាល និង​វះកាត់​ជំងឺ​ភ្នែក​ឡើងបាយ ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ហើយ​រហូត​មក​ដល់ពេលនេះ​បាន​ពិនិត្យ​ជំងឺ​ភ្នែក​បាន​ចំនួន ១០.៥០៤​នាក់ និង​វះកាត់​ជំងឺភ្នែកឡើងបាយ បាន​ចំនួន ៤.៩៦១​នាក់​។

ដោយឡែក​សម្រាប់​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ដែល​បាន​ចុះហត្ថលេខា​នាពេលនេះ ក៏​នឹង​ផ្តោតទៅលើ​គម្រោង​លុបបំបាត់​ភាព​ពិការភ្នែក ដោយសារ​ជំងឺភ្នែកឡើងបាយ ដោយ​ត្រូវ​ពង្រីក​ទៅ​ខេត្តព្រៃវែង​។

ដើម្បី​សម្រេចបាន​នូវ​គោលដៅ​នៃ​គម្រោង​នេះ ភាគី​មិត្ត​ចិន​នឹង​ផ្តល់នូវ​គ្លីនិក​ចល័ត​វះកាត់​ភ្នែក ចំនួន​ពីរ​គ្រឿង រថយន្ត​សម្រាប់​ដឹក​អ្នកជំងឺ​មួយគ្រឿង ព្រមទាំង​បំពាក់​សម្ភារៈ​បរិក្ខារ​ពេទ្យ សម្រាប់​បម្រើ​ឲ្យ​ការពិនិត្យ​ព្យាបាល​និង​វះកាត់​ភ្នែក​ឡើងបាយ​ដល់​អ្នកជំងឺ​នៅក្នុង​ខេត្តព្រៃវែង។

អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​គម្រោង​លុបបំបាត់​ភាព​ពិការភ្នែក ដោយ​ជំងឺភ្នែក​ឡើង​បាយ​នេះ ត្រូវបាន​បង្កើត​ឡើង​យោងទៅតាម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ ឲ្យ​ឈាន​ដល់​កម្រិត​កិច្ចសហប្រតិបត្តិការ​ភាព ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។

បើ​តាម​អ្នក​ជំនាញ​ឯកទេស​ភ្នែក​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​គ្រប់រូប​ដែល​មាន​អាយុ​ចាប់ពី ៤៥​ឆ្នាំ​ឡើង​ទៅ អាច​ប្រឈមមុខ​ខ្ពស់​នឹង​ការ​កើត​ជំងឺភ្នែកឡើងបាយ ដោយហេតុថា ភាព​ចាស់ជរា និង​ការថែទាំ​ភ្នែក​មិនបាន​ល្អប្រសើរ ជា​កត្តា​បណ្ដាល​ឲ្យ​ស្រអាប់​កែវភ្នែក​។

ជំងឺ​ភ្នែកឡើង​បាយ​អាច​សម្គាល់​បាន​តាមរយៈ​រោគសញ្ញា​មួយចំនួន ដូចជា ការ​ចាញ់​ពន្លឺព្រះអាទិត្យ ពន្លឺ​នៃ​ភ្លើង​ឡាន ម៉ូតូ ពន្លឺ​កុំព្យូទ័រ និង​អំពូល​ម៉ែត្រ ជាដើម​។​ល​។ ការ​ស្រវាំង​ខ្លាំង​នៅពេល​ថ្ងៃ ប៉ុន្តែ​ពេល​ល្ងាច​ស្រឡះ កូនក្រមុំ​នៃ​ភ្នែក​ឡើង​ស ប៉ុន្តែ​គ្មាន​ការឈឺចាប់ និង​ការមើល​នៃ​កំ​ណុំ​រូបភាព​ផ្សេង​ថយចុះ​បន្តិច​ម្តងៗ រហូត​ទាល់តែ​ភ្នែក​លោកអ្នក​មើល​ឃើញតែ​ពន្លឺ​។

ចំពោះ​ការ​ព្យាបាល​វិញ​ការវះកាត់ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ការ​បក​យក​បាយ​ភ្នែក​ចេញ គឺជា​ជម្រើស​តែមួយគត់​ក្នុង​ព្យាបាល​ជំងឺភ្នែកឡើងបាយ​។ ការវះកាត់ អាច​ធ្វើឡើង​សាមញ្ញ​បន្ទាប់ពី​បាន​ពិនិត្យ​ភ្នែក​ដោយ​ឧបករណ៍​ចក្ខុ​សាស្ត្រ​នៅតាម​មន្ទីរពេទ្យ​ភ្នែក ដោយ​លោកគ្រូ​ពេទ្យ​ជំនាញ​ផ្នែក​ភ្នែក​។ ក្រោយពី​ការវះកាត់​បក​បាយ​ភ្នែក​ចេញ​ហើយ គ្រូពេទ្យ​ប្រើប្រាស់​កែវ​សិប្បនិម្មិត​ជំនួស​កែវភ្នែក ដើម្បី​ឲ្យ​អ្នកជំងឺ​អាច​មើលឃើញ​ឡើងវិញ​បាន​ធម្មតា​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114