ព័ត៍មានទាន់​ហេតុការណ៏
Search

Preview៖ អ៊ីរ៉ង់ ទទួល កម្ពុជា ក្នុង​ពូ​ល C ដែលជា​ប្រកួត​ដំបូង​ក្នុង​ទឹកដី​របស់ខ្លួន​

ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល C នៃ​ពានរង្វាន់ FIFA World Cup ដំណាក់កាល​ទី​២ តំបន់​អាស៊ី រវាង អ៊ីរ៉ង់ ទល់នឹង កម្ពុជា នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩ នៅ​កីឡដ្ឋាន Azadi ក្នុង​ទីក្រុង Tehran ប្រទេស​អ៊ីរ៉ង់​។

​ព័ត៌មាន​អំពី​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់
នេះ​គឺជា​ប្រកួត​ក្នុង​ទឹកដី​លើកដំបូង​របស់​អ៊ីរ៉ង់ ក្នុង​វគ្គ​ជម្រុះ​ពូ​ល C នៃ​ព្រឹត្តិការណ៍ World Cup 2022 ដោយ​កាលពី​ប្រកួត​ទី​១ ពួកគេ បាន​យកឈ្នះ ហុងកុង ២-០ នៅក្រៅ​ទឹកដី​។ លោក Marc Wilmots បាន​កោះហៅ​កីឡាករ ២៣​រូប ធ្វើការ​ប្រមូលផ្តុំ​ហ្វឹកហាត់ ចាប់តាំងពី​ថ្ងៃទី ៧ ខែ តុលា កន្លងមក ដោយ​ក្នុងនោះ​មាន​កីឡាករ​ក្មេងៗ​មួយចំនួន ចូលរួម ខណៈ​កីឡាករ​មួយចំនួន រងរបួស​។

​កីឡាករ​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់ អ៊ីរ៉ង់ គឺ ខ្សែប្រយុទ្ធ​វ័យ ២៤ ឆ្នាំ របស់​ក្លិប Zenit Saint Petersburg, Sardar Azmoun ដែល​រក​គ្រាប់​បាល់​បាន ២៩​គ្រាប់​ហើយ​ឱ្យ​ជម្រើសជាតិ​អ៊ីរ៉ង់ ក្នុងការ​បង្ហាញខ្លួន ៤៧​លើក។

ព័ត៌មាន​អំពី​ក្រុម​ជម្រើសជាតិ​កម្ពុជា
ស្ថិតក្នុង​វគ្គ​ជម្រុះ​ពូ​ល C កម្ពុជា ឆ្លងកាត់​ការប្រកួត ២​លើក​មកហើយ គឺ ស្មើ ហុងកុង ១-១ និង ចាញ់ បា​រ៉ែ​ន ០-១ ដែល​សុទ្ធតែ​ប្រកួត​ក្នុង​ដី​។ នេះ​គឺជា​ការប្រកួត​ក្រៅ​ទឹកដី​លើកដំបូង​របស់​ពួកគេ ហើយក៏​ជា​ផលប៉ះពាល់​មួយ​ផងដែរ សម្រាប់​ការ​ត្រឡប់​ទៅ​រាជធានី​ភ្នំពេញ​វិញ ដើម្បី​ត្រៀម​ប្រកួត​ទី​៤ ជាមួយ​អ៊ីរ៉ាក់ នៅ​ថ្ងៃទី ១៥ ខាងមុខ​។

កីឡាករ​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់ កម្ពុជា គឺ កែវ សុខ​ផេង របស់​ក្លិប វិសាខា ដែល​រូបគេ រកបាន ១​គ្រាប់​ឱ្យ​កម្ពុជា ក្នុង​យុទ្ធនាការ​ជម្រុះ World Cup នេះ ពោលគឺ​ពេល​ស៊ុត​ចូល​ទី​ហុងកុង កាលពីដើម​ខែកញ្ញា​កន្ល​ង​ទៅ​។

គួរ​រំលឹក​ផង​ដែរ​ថា ការប្រកួត​នឹង​ចាប់ផ្តើម​ពី​ម៉ោង ៨និង៣០​នាទី​យប់ (​ម៉ោង​នៅ​កម្ពុជា​) ខណៈ​ដែល ក្រុមហ៊ុន​ទូរទស្សន៍​ក្នុងស្រុក​មួយ នឹង​ផ្សាយ​បន្ត​ផ្ទាល់​ការប្រកួត​នេះ។

​ប្រវត្តិ​ជួបគ្នា​របស់​ក្រុម​ទាំងពីរ​៖
ក្នុង​អតីតកាល អំឡុង​ឆ្នាំ ១៩៧២ កាលនោះ កម្ពុជា បាន​ប្រកួត ជាមួយ អ៊ីរ៉ង់ ២​លើក ពោលគឺ​វគ្គ​ជម្រុះ​ដំបូង ២-០ និង ចាញ់​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ១-២ គ្រា​ដែល​ក្រោយមក​រហូតដល់​បច្ចុប្បន្ន​នេះ ក្រុម​ទាំងពីរ​ពុំ​ធ្លាប់​ជួបគ្នា​ម្តង​ទៀតឡើយ៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114