ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ World Cup ៖ សំបុត្រ​ប្រភេទ ១ សម្រាប់​ការប្រកួត កម្ពុជា ទល់នឹង អ៊ីរ៉ាក់ លក់​អស់ហើយ​

នា​រសៀល​ថ្ងៃ​ពុធ ទី ៨ ខែ តុលា ឆ្នាំ​២០១៩ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង​អំពី​ការលក់​សំបុត្រ ប្រកួត កម្ពុជា ទល់នឹង អ៊ីរ៉ាក់ ក្នុង​ពូ​ល C ដំណាក់កាល​ទី​២ តំបន់​អាស៊ី នៃ​ពានរង្វាន់ FIFA World Cup 2022 ដែល​បាន​លក់​អស់ហើយ​សម្រាប់​ប្រភេទ ១​។

គិត​ត្រឹម​ពីថ្ងៃ​ដាក់​លក់ គឺ​ថ្ងៃទី ៧ ខែ តុលា មកដល់​ថ្ងៃទី ៩ ខែ តុលា​នេះ មាន​រយៈពេល​ត្រឹមតែ ២​ថ្ងៃ​ប៉ុណ្ណោះ ខណៈ​ក្នុង​ប្រភេទ ១ ( តំបន់​មាន​ដំបូល ) អាច​ផ្ទុក​អ្នកទស្សនា​បាន​ចំនួន ៥,០០០​នាក់។

គួរ​រំលឹក​ថា បច្ចុប្បន្ន កម្ពុជា ស្ថិតនៅ​លេខ​រៀង​ទី ៤ ក្នុង​ពូ​ល C ដែលមាន ៥​ក្រុម​រួមមាន បា​រ៉ែ​ន នៅ​លេខ ១ អ៊ីរ៉ង់ លេខ ២ អ៊ីរ៉ាក់ លេខ ៣ និង ហុងកុង លេខ ៥ ។ កម្ពុជា មាន ១​ពិន្ទុ បន្ទាប់ពី​ស្មើ​ជាមួយ ហុងកុង ១-១ និង ចាញ់ បា​រ៉ែ​ន ០-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​រាជធានី​ភ្នំពេញ។

ការប្រកួត ២​លើក​កន្លងមក របស់​កម្ពុជា ដែល​នៅក្នុង​ទឹកដី គឺ ជួប​ជាមួយ​ហុងកុង មាន​ចំនួន​អ្នកទស្សនា​សរុប ៤៥,៥០០​នាក់ និង ប្រកួត​ជាមួយ​បា​រ៉ែ​ន មាន​ចំនួន​អ្នកទស្សនា​សរុប ៤៥,០០០នាក់ ដែលជា​ស្ថិតិ​ដ៏​ខ្ពស់​មួយ​ក្នុងចំណោម​កីឡដ្ឋាន​ដែល​ផ្ទុក​អ្នកទស្សនា​ច្រើន​ជាង​គេ​ក្នុង​តំបន់​អាស៊ី។

​គួរ​ឲ្យ​ដឹង​ផង​ដែរ​ថា បច្ចុប្បន្ន ក្រុម​ជម្រើសជាតិ​កម្ពុជា កំពុងស្ថិត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ត្រៀម​ការប្រកួត​វគ្គ​ជម្រុះ FIFA World Cup ទល់នឹង​ម្ចាស់ផ្ទះ​អ៊ីរ៉ង់ នៅ​ថ្ងៃ​ទី១០ ខែ តុលា ខាងមុខ ជាមួយនឹង​សមាសភាព​កីឡាករ ២៣​រូប រួមជាមួយ​ក្រុម​គ្រូបង្វឹក ដែលមាន​លោក Keisuke Honda ជា​អ្នកចាត់ការ​ទូទៅ​ក្រុម ។

សូមជម្រាបថា ក្រោយ​ចប់​ការប្រកួត​ជាមួយ​អ៊ីរ៉ង់ ក្រុម​ជម្រើសជាតិ​ក​កម្ពុជា នឹង​ត្រឡប់​មកកាន់​រាជធានី​ភ្នំពេញ​វិញ ដើម្បី​ត្រៀមលក្ខណៈ​មុន​ការប្រកួត​ដែល​ពួកគេ ជួប​អ៊ីរ៉ាក់ នៅ​ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០១៩៕
ម៉េង ហួរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114