ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ចូល​បំភ្លឺ​ជូន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​អំពី​បញ្ហា​ព្រំដែន

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​អាជ្ញាធរ​ជាតិ ទទួលបន្ទុក​កិច្ចការ​ព្រំដែន​ចូល​បំភ្លឺ​ជូន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​នៅ​ព្រឹក​ថ្ងៃទី ១០ ខែតុលា ឆ្នាំ​២០១៩។ នេះ​បើតាម​សេចក្តី​ជូន ដំណឹង​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​។

សេចក្តី​ជូន​ដំណឹង​នេះ​បាន​បញ្ជាក់​ថា «​អនុលោម​គោរព​តាម​ការយល់ព្រម​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុញ្ញាត​ឲ្យ​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ដឹកនាំ​ប្រតិភូ​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​អញ្ជើញ​មក​ធ្វើ​បទ​បង្ហាញ​ក្នុង​កិច្ចប្រជុំ​ផ្តល់​បទ​បង្ហា ញ​ពិគ្រោះ​ស្វែងយល់​ក្នុង​ក្របខ័ណ្ឌ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​ចាប់ពី​វេលា​ម៉ោង ០៨​និង​៣០​នាទី​»​។

កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​នេះ​នឹង​ដឹកនាំ​ដោយ​ប្រធាន​ប្តូរ​វេន​លោក កែម រិ​ទ្ធិ​សិត ប្រធាន​គណបក្ស​ខ្មែរ​តែមួយ​ដែល​នឹង​ពិ​ភាក្សា​អំពី​បរិបទ​នៃ​ការកំណត់​ខណ្ឌសីមា​និង​ដំណើរការ​នៃ​ការបោះបង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា​និង​វៀតណាម​។

​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​បានបញ្ជាក់​ថា កិច្ចប្រជុំ​នេះ​មាន​សារៈសំខាន់​សម្រាប់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ទទួលបាន​នូវ មូលដ្ឋាន​ជំនួយស្មារតី​ក្នុង​កិច្ចការ​ពន្យល់​បកស្រាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​និង​គ្រប់​និន្នាការ​លើ​បរិបទ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ពុះពារ​របស់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការ​កសាង​ព្រំដែន​សន្តិភាព​និង​អភិវឌ្ឍន៍​រវាង​កម្ពុជា​និង​ប្រទេសជិតខាង​។

សូម​បញ្ជាក់​ថា ការអនុញ្ញាត​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ធ្វើឡើង​បន្ទាប់ពី លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ដាក់សំណើ​ផ្លូវការ​មួយ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​អញ្ជើញលោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​ចូល បំភ្លឺ​ជូន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​។

​កាលពី​សប្តាហ៍​មុននេះ​កម្ពុជា​-​វៀតណាម​បាន​ចុះ​កិច្ចព្រមព្រៀង​ចំនួន​២​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​គោក​នៃ​ប្រទេស​ទាំងពីរ​រួមមាន​ចុះហត្ថលេខា​ផ្លូវការ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥​និង​ចុះហត្ថលេខា​លើ​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

កម្ពុជា និង​វៀតណាម​មាន​ព្រំដែន​គោក​ជាមួយគ្នា​ប្រវែង​ប្រមាណ​១,២៧០​គីឡូម៉ែត្រ ។ ជា​លទ្ធផល​គណៈកម្មកា​រ​ចម្រុះ​ព្រំដែន​និង​អាជ្ញាធរ​គ្រប់លំដាប់ ថ្នាក់​នៃ​ប្រទេស​ទាំងពីរ​ក្នុងអំឡុងពេល​១៤​ឆ្នាំកន្លងមក​បន្ទាប់ពី​ការចុះហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥​រហូតមកដល់​ពេលនេះ​សម្រេចបាន​លទ្ធផល​ប្រមាណ​ជា​៨៤% នៅសល់តែ​១៦%​ទៀត​នឹង​ខិតខំ​បន្ត​ដោះស្រាយ​បញ្ចប់​នាពេលខាងមុខ​។

សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​កោតសរសើរ​ដោយស្មោះ​ចំពោះ​វីរភាព​ការពុះពារ តស៊ូ និង​លះបង់​ខ្ពស់​របស់​ក្រុម​បច្ចេក ទេស​ចម្រុះ​ព្រំដែន និង​អាជ្ញាធរ​ដែនដី​ដែល​នៅជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម បញ្ជាការដ្ឋាន​វិស្វកម្ម​រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​គណៈកម្មការ​ចម្រុះ​ព្រំ ដែន​នៃ​ប្រទេស​យើង​ទាំងពីរ​ដែល​ខិតខំ​បំពេញបាន​ការងារ​ជា​ប្រវត្តិសាស្ត្រ​នេះ​ដោយ​ជោគជ័យ​។​

សម្តេច​តេ​ជោ​មានប្រសាសន៍ថា «​ជា​ការពិត​ប្រសិនបើ​យើង​មិន​ប្រឹងប្រែង​បញ្ចប់​បញ្ហា​ព្រំដែន​នេះ​ទេ​ប្រទេស​យើង​ទាំងពីរ​នឹង​នៅតែ​កើតមាន​ទំនាស់ ព្រំដែន​មិន​ដាច់ស្រេច​រាប់​ជំនាន់​ត​ទៅមុខទៀត​ងាយ​ក្លាយជា​កម្មវត្ថុ​ប្រជែង​ផ្នែក​នយោបាយ​ទៀតផង​ហើយ​ភាពសុខសាន្ត​និង​ការអភិវឌ្ឍ​នៅតាម​ព្រំ ដែន​នឹង​អាច​មិន​កើតមាន​ទេ​»​។

សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បន្តថា ជាការ​ចាំបាច់​ដែល​ប្រទេស​យើង​ទាំងពីរ​ត្រូវ​សហប្រតិបត្តិការ​ស្អិតរ​មួ​ត​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង ពីរ រវាង​គណៈកម្មការ​ចម្រុះ​ព្រំដែន​និង​រវាង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​នៃ​ប្រទេស​ទាំងពីរ ដែលជា​ការ​រួមចំណែក​ដ៏​ធំធេង​មិន​ត្រឹមតែ​លើ​ការងារ​ព្រំដែន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​បាន​ជួយ​បង្កើន​និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការ​ប្រែក្លាយ​តំបន់ ព្រំដែន​ដែល​ធ្លាប់តែ​ជា​ទីលានប្រយុទ្ធ ចំការមីន តំបន់​គេ​បោះបង់​ចោល​គ្មាន​មនុស្ស​រស់នៅ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​គ្មាន​ការអភិវឌ្ឍ​អ្វី​សោះ​នោះ​ឲ្យ​ទៅជា​តំបន់​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​យើង​ទាំងពីរ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង សម​ភាគី​វៀតណាម​បានប្រកាស​ជា​ឱឡារិក​ថា ដំណោះស្រាយ​បន្ត​នៅ​តំបន់​ដែល​មិនទាន់បាន​ខណ្ឌសីមា​និង​បោះ បង្គោល​ព្រំដែន​និង​តំបន់​ដែល​មិនទាន់​ឯកភាពគ្នា​លើ​ខ្សែ​ព្រំដែន​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់​ជំហរ​ដាច់ខាត​ក្នុង​ការកសាង​ព្រំដែន​កម្ពុជា​-​វៀតណាម​ឈរលើ​មូលដ្ឋាន​ច្បាប់​ជាតិ​និង​ច្បាប់​អន្តរជាតិ​និង​ការអនុវត្ត​ជា​អន្តរជាតិ​ស្តីពី​ការទទួលស្គាល់​គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ​ដែល​អាណានិគម​បាន​បន្សល់​ទុក​ឲ្យ​សម្រាប់​ធ្វើជា​មូលដ្ឋាន​រឹងមាំ​នាំមុខ​បន្ត​ទៀត​ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ដថា រាជរដ្ឋាភិបាល​កម្ពុជា​និង​ប្រែក្លាយ​ខ្សែ​ព្រំដែន​កម្ពុជា​-​វៀតណាម​ក៏ដូចជា​ព្រំដែន​កម្ពុជា​ជាមួយ​ឡាវ​និង​ថៃ​ឲ្យ​ទៅជា ព្រំដែន​អន្តរជាតិ​ពិតប្រាកដ​ដើម្បី​បញ្ចប់​នូវ​បាតុភាព​ព្រំដែន​រួមគ្នា​ប្រែក្លាយ​តំបន់​ព្រំដែន​ឲ្យ​ទៅជា​តំបន់​គ្មាន​ការភ័យខ្លាច​ទៅជា​តំបន់​ដែល​មាន​ជីវភាព ធូរធារ​និង​ជា​តំបន់​មានការ​អភិវឌ្ឍ​សុខដុម​ណី​យ​កម្ម​រុងរឿង​ត​រៀង​ទៅ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​បង្ហាញ​អំពី​គោលបំណង​របស់​សម្តេច​មិន​ត្រឹមតែ​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នោះ​ទេ​ តែ​សម្តេច​មាន​មហិច្ឆតា​បន្ថែម​ទៀត​លើ​ការអភិវឌ្ឍ​នៅតាម​ព្រំដែន​។ ដោយ​សម្តេច​បាន​បញ្ជាក់​ថា កិច្ច​ការដែល​យើង​កំពុង​អនុវត្ត​ជា​បន្តបន្ទាប់​ក្នុងនោះ​មាន ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​គមនាគមន៍ ការបង្កើត​ទីផ្សារ​និង​តំបន់​ផលិតកម្ម​ដើម្បី​ឈានទៅដល់​ការបន្ត​អភិវឌ្ឍ​រួមគ្នា​នៅតាម​បណ្តោយ​ព្រំដែន ដែល​ទីបំផុត​ប្រជាជន​ប្រទេស​ទាំងពីរ​នឹង​ទទួលបាន​នូវ​ផលប្រយោជន៍​ពី​កិច្ចការ​អភិវឌ្ឍ​ទាំងអស់នេះ​។ ប្រទេស​ទាំងពីរ​មិន​ត្រឹមតែ​ទទួល​បានតែ​សមិទ្ធផល​ព្រំដែន​នោះ​ទេ​តែ​បាន​ចុះសន្ធិសញ្ញា​ពាណិជ្ជកម្ម​ព្រំដែន​ផងដែរ​ដែលជា​ការ​ឆ្លើយ​តប​ដល់​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​និង​ការអភិវឌ្ឍ​ប្រទេស ក្នុង​មហា​អនុ​តំបន់​មេគង្គ​និង​ថែមទាំង​បានរួម​ចំណែក​បង្កើន​កិច្ចសហការ​ល្អ​ក្នុងចំណោម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទៀតផង៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114