ព័ត៍មានទាន់​ហេតុការណ៏
Search

​បរិយាយ ៖ ការចុះហត្ថលេខា​លើ​ពិធីសារ​ខណ្ឌសីមា​និង​បង្គោល​ព្រំដែន​គោក​ជាមួយ​វៀតណាម​ធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ច្រើន

ការកំណត់​ខណ្ឌសីមា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​គឺជា​អាយុជីវិត​ជាតិ​ហើយក៏​ជា​ចំណុច​ប្រទាញប្រទង់​រវាង​អ្នកកាន់អំណាច​និង​គណបក្សប្រឆាំង ព្រោះ​បញ្ហា​ព្រំដែន​ជា​រឿង​មួយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះ​មាន​ទំនុកចិត្ត ប៉ុន្តែ​ខ្លះទៀត​នៅមាន​មន្ទិល​នៅឡើយ​។ ក្នុង​រយៈពេល​ជាង ១៤ ឆ្នាំកន្លងមក​នេះ​រាជ​រដ្ឋា​ភិ​បាល​ពិតជា​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ក៏ប៉ុន្តែ​សម្រាប់​គណបក្សប្រឆាំង​វិញ​តែងតែ​ចោទ​រាជរដ្ឋាភិបាល​ថា​ធ្វើ ឲ្យ​បាត់បង់​ទឹកដី ។ ដូចនេះ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​ផ្អែកទៅលើ​ច្បាប់​ជាតិ និង អន្តរជាតិ​រួមជាមួយ​ឯកសារ​ផ្លូវច្បាប់​ជាមួយ​ប្រទេសជិតខាង និង​ភាពក្លាហាន​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​ជា​ភាពខ្លាំង​មួយ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុងការ​រក្សា​នូវ​អំណាច​នយោបាយ របស់​សម្តេច​យ៉ាងរឹងមាំ​។

ជាការ​ពិតជា​ច្រើន​ទសវត្សរ៍ ម​ក​ហើយ​កម្ពុជា​មិនទាន់មាន​ព្រំដែន​រឹងមាំ​ជាមួយ​ប្រទេសជិតខាង​ដូចជា ជាមួយ​ឡាវ ជាមួយ​វៀតណាម​និង​ជាមួយ​ថៃ​នៅ ឡើយ​ទេ​បើទោះបី​បង្គោល​ព្រំដែន​រវាង​ប្រទេស​និង​ប្រទេស​ខ្លះ​ត្រូវបាន​អាណានិគមនិយម​បារាំង​បាន​បន្សល់ទុក​ឲ្យ​ក៏ដោយ​។ ភាព​មិនទាន់​ច្បាស់លាស់ លើ​ការកំណត់​ព្រំដែន​នេះ​គួបផ្សំ​នឹង​សង្គ្រាម​ហែកហួរ​ជាច្រើន​ទសវត្សរ៍​របស់​កម្ពុជា​ផង​នោះបាន​ធ្វើ​ឲ្យ​អ្នកនយោបាយ​ខ្មែរ​ពិសេស​ក្រុមប្រឆាំង​និង​រដ្ឋា​ភិ បាល​តែង​ចោទថា​ រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ជា​អ្នកធ្វើ​ឲ្យ​បាត់បង់​ទឹកដី ពិសេស​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។ បើទោះបី​ការបោះបង្គោល​ព្រំដែន រវាង​កម្ពុជា​និង​វៀតណាម​ភាគី​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​បោះ​បាន​៨៤​ភាគរយ​ហើយក៏​ដោយ​។

កាលពី​ថ្ងៃទី​៥ ខែ តុលា កន្លងមកនេះ​នៅក្នុង​អំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ប្រទេស​វៀតណាម​ភាគី​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន​ជាពិសេស​គឺ​ការចុះហត្ថលេខា​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​ការកំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​ឆ្នាំ​២០០៥ និង ការចុះហត្ថលេខា​លើ​ពិធីសារ​ខណ្ឌសីមា​និង​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ ។ ជាការ​ចុះហត្ថលេខា​ដើម្បី​ទទួលស្គាល់​ការបោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ​ដែល​មកទល់​នឹង​ពេលនេះ​សម្រេចបាន​ចំនួន​៨៤%​ហើយ ។ ភាគី​ទាំងពីរ​ក៏បាន​ប្តេជ្ញា​ដោះស្រាយ បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ឲ្យ​បាន​ចប់ស​ព្ធ​គ្រប់​នៅពេល​ខាងមុខ​។​

យ៉ាងណាក៏ដោយ​ការចុះហត្ថលេខា​នេះ​បានធ្វើ​ឲ្យ​ក្រុម​អ្នកនយោបាយ​មកពី​អតីត​គណបក្សប្រឆាំង​ចេញ​សេចក្តីថ្លែងការណ៍​មិន​ទទួលស្គាល់​ការបោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​នេះឡើយ​។ សេចក្តីថ្លែងការណ៍​បាន​ចាត់ទុកថា​ការចុះហត្ថលេខា​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង នាយករដ្ឋមន្ត្រី​វៀតណាម ស្តីពី​ការទទួលស្គាល់​បង្គោលព្រំ​ដែន​នៃ​ប្រទេស​ទាំងពីរ​ដែល​បោះ​បាន​ចំនួន​៨៤%​នោះ​គឺជា​ការចុះហត្ថលេខា​កាត់​ទឹកដី​ខ្មែរ​ទៅ​ឲ្យ​ប្រទេស​វៀតណាម​ដោយ​ស្របច្បាប់។

​តើ​ហេតុអ្វី​បានជា​រាជរដ្ឋាភិបាល​ចុះ​កិច្ចព្រមព្រៀង​ទទួលយក​ព្រំដែន​ដែល​បាន​បោះបង្គោល​រួចរាល់​៨៤​ភាគរយ​ជាមួយ​ប្រទេស​វៀតណាម​និង​បន្ត​ដោះ ស្រាយ​ព្រំដែន​គោក​ដែល​នៅ សេសសល់​ឲ្យ​បាន​ឆាប់​ចប់​ចំពេល​អ្នកនយោបាយ​ប្រឆាំង​នៅតែមាន​គំនិត​ទុទ្ទិដ្ឋិ​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ?

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​លើកឡើង​ថា «​ជា​ការពិត​ប្រសិនបើ​យើង​មិន​ប្រឹងប្រែង​បញ្ចប់​បញ្ហា​ព្រំដែន​នេះ​ទេ​ ប្រទេស​យើង​ទាំងពីរ​នឹង​នៅតែ​កើតមាន​ទំនាស់​ព្រំដែន​មិន​ដាច់ស្រេច​រាប់​ជំនាន់​ត​ទៅមុខទៀត ងាយ​ក្លាយ​ជា​កម្មវត្ថុ​ប្រជែង​ផ្នែក​នយោបាយ​ទៀតផង ​ហើយ​ភាពសុខសាន្ត និង ការអភិវឌ្ឍន៍​នៅ​តាម​ព្រំដែន​នឹង​អាច​មិន​កើតមាន​ទេ​។ ជា​ការ​ចាំបាច់​ដែល​ប្រទេស​យើង​ទាំងពីរ​ត្រូវ​សហប្រតិបត្តិការ​ស្អិត រ​មួ​ត​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​ដែលជា​ការ​រួម​ចំណែក​ដ៏​ធំធេង​មិន​ត្រឹមតែ​លើ​ការងារ​ព្រំដែន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​បាន​ជួយ​បង្កើន​និង​ជំរុញ កំណើនសេដ្ឋកិច្ច​ជាតិ​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​ដែល​ធ្លាប់ជា​ទីលានប្រយុទ្ធ​ចំការមីន តំបន់ គេបោះបង់​ចោល គ្មាន​មនុស្ស​រស់នៅ គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​គ្មាន​ការអភិវឌ្ឍ​អ្វី​សោះ​នោះ ឲ្យទៅជា​តំបន់​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការអភិវឌ្ឍន៍ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​យើង​ទាំងពីរ​»​។

បើ​គិត​ពី​អតីតកាល​នៃ​ប្រវត្តិ​បាត់បង់​ទឹកដី​តែង​ត្រូវបាន​អ្នកនយោបាយ​ប្រឆាំង​គេង​ចំណេញ​ខាង​នយោបាយ ជាពិសេស​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស វៀត​ណាម​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​មើលឃើញ​ក្នុង​ផ្លូវ​មិនល្អ បើ​ទោះបី​រាជរដ្ឋាភិបាល​អះអាង​អំពី​ការដោះស្រាយ​និង​បោះបង្គោល​ព្រំដែន ប្រកបដោយ​តម្លាភាព​ក៏ដោយ​។ ពួក​អ្នកនយោបាយ​ប្រឆាំង​តែងតែ​បង្ហាញ​សារ​នយោបាយ​ផ្តល់​ភាពភ័យខ្លាច​និង​ក្នុងន័យ​ញុះញង់​ដល់​ប្រជាពលរដ្ឋ ដោយសារតែ​បច្ចុប្បន្ន​នេះ​គំនាប​នយោបាយ​ទោះបី​រាជរដ្ឋាភិបាល​ធ្វើបាន​ដោយ​ត្រឹមត្រូវ​ដោយ​តម្លាភាព ក្នុងការ​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យ ភាព​ជាតិ​ក្តី ប៉ុន្តែ​បញ្ហា​ព្រំដែន​នេះ​នៅតែ​ជះឥទ្ធិពល​ទៅលើ​គណបក្សកាន់អំណាច​នាពេល​បច្ចុប្បន្ន​។

ជម្លោះព្រំដែន​កម្ពុជា​-​វៀតណាម​ត្រូវ​បាន​គេ​សរសេរ​នៅក្នុង​ឯកសារ​ជាច្រើន​ដែល​អ្នកសរសេរ​ផ្អែកទៅលើ​ទស្សនៈ​របស់ខ្លួន​និង​និន្នាការ​នយោបាយ​ច្រើនជាង​ភាព​ឯករាជ្យ និង ការពិតជា​ស្តែង​។ ឯកសារ​ខ្លះ​បាន​លើកឡើងថា​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នេះ​បាន​ស្ងប់ស្ងាត់​ទៅវិញ​ម្តង​ហើយ នៅពេល​សម្តេចព្រះ​នរោត្តម សីហនុ ព្រះអង្គ​បាន​យក​ផែនទី​ខ្នាត​បោ​ន​(Bonne)១/១០០០០០​ទៅ​តម្កល់​នៅ​អង្គការសហប្រជាជាតិ​ក្រោយពី​កម្ពុជា បានទទួល​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង​។​ឯកសា​នោះ​បញ្ជាក់ថា​ក្រោយពី​កម្ពុជា​បាន​ឯករាជ្យ​ភ្លាម សម្តេចព្រះ​នរោត្តម​សីហនុ​បាន​ដឹកនាំ​ចលនា ដ៏​ខ្លាំងក្លា​មួយ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​ព្រំដែន​កម្ពុជា​ដោយ​ឈរលើ​គោលការណ៍ «​ខ្សែបន្ទាត់​ព្រំដែន​មិន​កែប្រែ​»​។

​គោលការណ៍​«​ខ្សែបន្ទាត់​ព្រំដែន​មិន​កែប្រែ​»​នេះ​បញ្ជាក់ថា ពិតជា​មាន​សារៈសំខាន់​សម្រាប់​បន្ត​ដោះស្រាយ​បញ្ហា​ព្រំដែន​ដ៏​ស្មុគស្មាញ​រវាង​បណ្តា​ប្រទេស​នៅក្នុង​អតីត​ឥណ្ឌូចិន​បញ្ចៀស​បាន​នូវ​សង្គ្រាម​ដែល​អាច​កើតមានឡើង​ដោយ​ទំនាស់​ព្រំដែន​នេះ​។ ឯកសារ​ដដែល​បញ្ជាក់​ទៀតថា​ជា​លទ្ធផល ជម្លោះ​លើ​ការជ្រើសរើស​យក​គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ​រវាង​កម្ពុជា​និង​វៀតណាម​ត្រូវបាន​បញ្ចប់​នៅ​ឆ្នាំ ១៩៦៤ នៅពេលដែល​សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ​នៅពេល​នោះបាន​យក​ផែន​ទីបោ​ន​(Bonne)​ខ្នាត​១/១០០ ០០០ បោះ​ពុ​ម្ភ​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​ទៅ​តម្កល់ ទុក​នៅ​អង្គការសហប្រជាជាតិ​។

សម្តេចព្រះ​នរោត្តម​សីហនុ​បាន​អំពាវនាវ​ឲ្យ​មានការ​រ៉ាប់រង​ពី​សំណាក់​មហាអំណាច​នានា​ក្នុង​ការគោរព​បូរណភាព​ទឹកដី​កម្ពុជា​តាមផ្លូវ​ច្បាប់​អន្តរជាតិ និង​ឲ្យ​ទទួលស្គាល់​ព្រមទាំង​គោរព​ឯករាជ្យ អ​ព្យា​ក្រិ​ត្រ​ភាព បូរណភាព​ទឹកដី​កម្ពុជា ក្នុង​រង្វង់​ខ្សែ​ព្រំដែន​បច្ចុប្បន្ន​ដោយបាន​ប្រកាស​ដាច់ខាត​ថា​មិន អាច​រុះរើ​ឬ​កែប្រែ​បានឡើយ​។

​ប៉ុន្តែ​ក្រោយពី​សម្តេចព្រះ​នរោត្តម សីហនុ ចូល​ទិវង្គត​អ្នកនយោបាយ​ប្រឆាំង​ខ្មែរ​បាន​សើរើ​ឡើងវិញ​លើ​ការបោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម នេះ ដោយ​បក្សប្រឆាំង​រិះគន់ថា​ ការដឹកនាំ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតក្រោម​ឥទ្ធិពល​នៃ​ប្រទេស​វៀតណាម​និង​បាន​ចោទប្រកាន់ថា​សន្ធិសញ្ញា​ព្រំដែន​មួយចំនួន​ធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ទឹកដី​។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បាន​ចំណាយពេល​ជាង ៥ ម៉ោង​នៅក្នុង​រដ្ឋសភា​កាលពី​ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១២​ការ ពារ​លើ​ការបោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ថា កម្ពុជា​មិន​ខាតបង់​ទេ​បើ​ពិនិត្យ​ទៅលើ​ផ្ទៃដី​ដែល​ពលរដ្ឋ​ចងចាំ​គ្រប់គ្នា​ថា​ មាន​ទំហំ ១៨១,០៣៥ គីឡូ​ម៉ែត្រ​ក្រឡា​នោះ​។ លើសពីនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អះអាង​ថាបើ​ផ្អែក​តាម​ការវាស់វែង​តាមបែប​បច្ចេកវិទ្យា​ទំនើប​ដូច​បច្ចុប្បន្ននេះ​ស​ម្តេច​មានប្រសាសន៍ថា​កម្ពុ​ជា​បច្ចុប្បន្ន​មាន​ផ្ទៃដី​ធំ​ជាង​ផ្ទៃដី​ដែល​បន្សល់ទុក​ពី​សម័យមុន​ទៅទៀត​។

លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ដែល​ជា​អ្នកជំនាញ​បញ្ហា​ព្រំដែន​បាន​ពន្យល់ថា​ សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥ ដែល​រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម​បាន​ចុះហត្ថលេខា​រួមគ្នា​អនុញ្ញាត​ឲ្យ​ភាគី​ទាំងពីរ​គូស​ចម្លង​ខ្សែ​ព្រំដែន​ពី​ផែនទី​បោ​ន ១/១០០.០០០ មក​លើ​ផែនទី UTM ១/៥០.០០០ ដើម្បី​ជា​ជំនួយ​ដល់​ក្រុមបច្ចេកទេស​យកមកអនុវត្ត​នៅ​លើដី​ជាក់ស្តែង ។ លោក​បាន​បញ្ជាក់​ថាបើ​យើង​មិន​គូស​ចម្លង ១/១០០.០០០ ផែនទី​បោ​ន អម​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥​ទេ​យើង​ជា​អ្នកបច្ចេកទេស​មិនអាច​ធ្វើការ​បោះបង្គោល​ខ​ណ្ឌ​សីមា​នៅ​លើ​ដី​ជាក់ស្តែង​បានទេ ​ព្រោះថា​ផែនទី​១/១០០.០០០​ដែលជា​ផែនទី​មូលដ្ឋាន​យើង​ទទួលស្គាល់​ព្រោះថា​រដ្ឋធម្មនុញ្ញ​ទទួលយក​ផែនទី​១/១០០.០០០​មក​ធ្វើជា​ផែនទី​ជា​មូលដ្ឋាន​ប៉ុន្តែ​ពេល​យើង​ចុះទៅ​លើ​ដី​ជាក់​ស្តែង​មិនមែន​ផែនទី ១/១០០.០០០ យើង​ទៅ​បោះបង្គោល​បានទេ​ត្រូវ​យក​ផែនទី UTM ខ្នាត​ធំ​១/៥០.០០០​ដែលមាន​ក្រឡា​អុក​ឈើ​ត្រ​ង្គ​។ វា​អនុញ្ញាត​ឲ្យ​យើង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដូចជា​ជី​ភី​អេស​ជាដើម​វា​អាច​ចាប់​កន្លែង​ណា​កន្លែង​ណា​លើដី​ជាក់ស្តែង​។ ដូចនេះ​វា​មិន​មាន​ការបាត់បង់​ទឹក ដី​ដូច​ការ​លើក​ឡើង​របស់​មនុស្ស​មួយចំនួន​នោះទេ​។

ទាំង​អ្នកវិភាគ​ទាំង​អ្នកស្រាវជ្រាវ​បាន​ផ្តល់​យោបល់​ប្រហាក់ប្រហែលគ្នា​ថាបើ​សិន​ការបោះ​បង្គោលព្រំ​ដែនកម្ពុជា​-​វៀតណាម​ពេលនេះ​កម្ពុជា​ជា​អ្នក​ចំណេញ​ ទើប​បានជា​រាជរដ្ឋាភិបាល​កម្ពុជា​តែង​ជំរុញ​ឲ្យ​ភាគី​វៀតណាម​ឲ្យ​ព​ន្លឿ​ន​ការបោះបង្គោល​ព្រំដែន​។ គោលបំណង​សំខាន់​គឺ​មិន​ចង់​ឲ្យ​បញ្ហា​ព្រំដែន​នេះ​កើតមាន​ទំនាស់​ព្រំដែន​មិន​ដាច់ស្រេច​រាប់​ជំនាន់​ត​ទៅមុខទៀត​ងាយ​ក្លាយ​ជា​កម្មវត្ថុ​ប្រជែង​ផ្នែក​នយោបាយ​ទៀត​ផង ​ហើយ​ភាពសុខសាន្ត និង​ការអភិវឌ្ឍ​នៅតាម​ព្រំដែន​នឹង​អាច​មិនកើត​មាន។ ក៏ប៉ុន្តែ​អ្នក​ដែល​ខាតបង់​នោះ​គឺ​ក្រុម​អ្នកនយោបាយ​ប្រឆាំង ព្រោះ​នៅពេលដែល​បញ្ហា​ព្រំដែន ជាមួយ​ប្រទេសជិតខាង​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​នោះ ពួកគេ​នឹង​លែង​មាន​អ្វី​ជា​លេស​សម្រាប់​បោកប្រាស់​រាស្ត្រ ខ្មែរ​តទៅទៀត​ហើយ​៕
វិបុល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114