ព័ត៍មានទាន់​ហេតុការណ៏
Search

កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​លើក​ទី​១៥ បាន​ព្រមព្រៀង​ស្តីពី​ការ​បំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន​

សៀមរាប ​៖ កិច្ចប្រជុំ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​លើក​ទី​១៥ នៃ​ភាគី​សន្និសីទ​កិច្ចព្រមព្រៀង​អាស៊ាន ស្តីពី​ការបំពុល ផ្សែង​អ័ព្ទ​ឆ្លងដែន នៅ​ឆ្នាំ​២០២០ បន្តធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩​ក្នុង​សណ្ឋាគារ​សូ​ហ្វី​តែ​ល ខេត្តសៀមរាប​។

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី បរិស្ថាន​អាស៊ាន បាន​មានប្រសាសន៍​បើក​កិច្ចប្រជុំ​ដោយ​ស្វាគមន៍​ដល់​រដ្ឋមន្ត្រី បរិស្ថាន អាស៊ាន​ទាំងអស់ ដែល​បាន​ចូលរួម និង​ខិតខំ​រួមគ្នា​គ្រប់គ្រង​ការបំពុល​ដោយ ផ្សែង​អ័ព្ទ​កើត ចេញពី​ទន្ទ្រាន​ដីព្រៃ និង​ការដុត​ព្រៃ​។ បញ្ហា​នេះ​ត្រូវបាន​ប្រទេស​អាស៊ាន ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង ស្តីពី​ការគ្រប់គ្រង​ផ្សែង​អ័ព្ទ​ឆ្លងដែន នៅ​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០០២ ហើយ​ចូល​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៣​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បង្ហាញ​ឲ្យ​ដឹង​ថា ប្រទេស​នៅក្នុង​តំបន់​អាស៊ាន បាន​បង្ហាញ​គោលជំហរ​រួមគ្នា បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ដើម្បី​ធ្វើការ​ទប់ស្កាត់ ដូចជា​ប្រឆាំង​ជាមួយ​ភ្លើង​ឆេះ​ព្រៃ ក៏ដូចជា​ការ​បំពុល ដោយ​អ័ព្ទ​ឆ្លងដែន ហើយ​អ័ព្ទ​ឆ្លងដែន​នេះ គឺជា​បញ្ហា​មួយ​បង្កក្តី​ព្រួយបារម្ភ​របស់​ប្រទេស​សមាជិក​អាស៊ាន ហេតុដូច្នេះ នៅក្នុង​កិច្ចប្រជុំ​នេះ គឺ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន បានបង្ហាញ​នូវ​ក្តី​ព្រួយបារម្ភ​ជុំវិញ​ភាព​ធ្ងន់ធ្ងរ​នៃ​ការបំពុល​ផ្សែង​អ័ព្ទ និង​ការ​រីកសាយ​ភាព​នៃ​បញ្ហា​ផ្សែង​អ័ព្ទ​នាពេល​ថ្មីៗ​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន ជាពិសេស​នៅ​ភាគ​ខាងជើង និង​ភាគខាងត្បូង​របស់​អាស៊ាន​។

លោក​បន្ត​ថា រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ក៏បាន​បង្ហាញ​នូវ​សមានចិត្ត​ចំពោះ​ប្រជាពលរដ្ឋ​ជាច្រើន​លាន​នាក់ ដែល​ទទួលរង​នូវ​ផលប៉ះពាល់ ពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន នេះដែរ​។ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ក៏បាន​កត់សម្គាល់ និង​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ប​ណ្តា​ប្រទេស​សមាជិក​អាស៊ាន ក្នុងការ​ផ្តល់ជំនួយ ក៏ដូចជា​ការ​រួម​សហការ​គ្នា ដើម្បី​គ្រប់គ្រង​លើ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ និង​ផ្សែង​អ័ព្ទ​ឆ្លងដែន​។

លោក​បាន​បញ្ជាក់​ថា ផ្សែង​អ័ព្ទ​ឆ្លងដែន​នេះ មិនមែន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​របស់​មនុស្ស​នោះទេ ប៉ុន្តែ​វា​ក៏​អាចធ្វើ​ឲ្យ​ប៉ះពាល់ ដល់​សេដ្ឋកិច្ច​ប្រទេស​សមាជិក​របស់​អាស៊ាន​ផងដែរ​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114