ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទះឃើញ​ព្រះ​កេស​លោកេស្វរៈ​ចំនួន​មួយ​អង្គ ខណៈពេល​កំណាយ​ជួសជុល​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ​

សៀមរាប ​៖ ​ព្រះ​កេស​បដិមា​ព្រះ​ពោធិសត្វ​លោ​កេ​សូរ ឬ លោកេស្វរៈ​ចំនួន​មួយ ធ្វើ​ពី​ថ្មភក់ ត្រូវបាន​ប្រទះឃើញ​ខណៈ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​កំណាយ​នៅក្នុង​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ​ជ្រុង​និរតី ដើម្បី​រក​ថ្ម​ដំបូល​ដែល​ធ្លាក់ចុះ​កប់​ក្នុង​គំនរ​ថ្ម​និង​ដីដំបូក​យកមក​ជួសជុល​ប្រាសាទ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ កន្លងមកនេះ​។

លោក ស៊ា សុភា​រុន ប្រធាន​គម្រោង​ជួសជុល​ប្រាសាទ​តា​នៃ និង​ជា​បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​ឲ្យ​ដឹងថា ចម្លាក់​ព្រះ​កេស​លោកេស្វរៈ ដែល​ក្រុមការងារ​ជួសជុល​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ​ប្រទះឃើញ គឺមាន​ត្រឹមតែ​ព្រះ​កេស​ប៉ុណ្ណោះ មាន​រូប​ព្រះពុទ្ធ​នៅលើ​ផ្នួងសក់ មាន​ត្រចៀក​ខាងស្តាំ តែ​គ្មាន​ខាងឆ្វេង ច្រមុះ​ឆែប ព្រះភ័ក្ត្រ​ម្ខាង​ខ្សុះ​របក​សាច់​ថ្ម​។ សភាព​ខូចខាត​ទាំងនេះ ជាបឋម​មិន​ដឹង​ថា ​មកពី​មូលហេតុ​អ្វី​ប្រាកដ​ទេ តែ​អាចជា​ការ​ប៉ះទង្គិច​អ្វីមួយ​ធ្វើ​ឲ្យ​បែក ឬ​គុណភាព​ថ្ម​នៅលើ​ថ្ពាល់​ម្ខាង​មិនសូវ​ល្អ ទើប​ធ្វើ​ឲ្យ​ស្រទាប់​ថ្ម​របក​ចេញពី​ថ្ពាល់​។ ម្យ៉ាងវិញទៀត ចម្លាក់​មួយ​នេះ ក៏​ប្រហែល​មិន​ស្ថិតនៅ​ទីតាំង​នេះដែរ​កាលដើមឡើយ ព្រោះ​មិនមាន​ភស្តុតាង​ណាមួយ​បញ្ជាក់ថា​មាន​ដងខ្លួន​នៅ​កន្លែង​នេះ​ដូចគ្នា​។

លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​ទទួលបន្ទុក​ចុះបញ្ជី​សារពើ​ភណ្ឌ​បុរាណវត្ថុ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ពិនិត្យ និង​ធ្វើការ​វាស់​ទំហំ​ព្រះ​កេស​បដិមា​ព្រះ​ពោធិសត្វ​លោ​កេ​សូរ បាន​ឲ្យ​ដឹងថា ព្រះ​កេស​នេះ​ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់​៥៤​ស​.​ម ទទឹង​២៧​ស​.​ម និង​កម្រាស់​៣៦​ស​.​ម​។ ព្រះ​កេស​ព្រះ​ពោធិសត្វ​លោ​កេ​សូរ ឬ លោកេស្វរៈ បច្ចុប្បន្ន​ត្រូវបាន​ក្រុមការងារ​យកមក​រក្សា​ទុក​នៅ​អាជ្ញាធរ​ជាតិ​អប្សរា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ចុះបញ្ជី​និង​ថតរូប​ទុកជា​ឯកសារ ព្រមទាំង​រៀបចំ​បែបបទ​ស្នើរ​យកទៅ​រក្សាទុក​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​។

ចំពោះ​ព្រះ​កេស​លោ​កេ​សូរ​ខាងលើ​នេះ លោក សុ​ម៉ា​ឡា ក៏​បញ្ជាក់ដែរថា ស្ថិត​ក្នុង​រចនាបថ​បាយ័ន ប្រហែល​ពី​ចុង​ស​.​វ​.​ទី​១២ និង​ដើម​ស​.​វ​.​ទី​១៣​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។ លោក​សូ ឬ លោកេស្វរៈ គឺជា​ព្រះ​ពោធិសត្វ​ក្នុង​ពុទ្ធសាសនា​មហាយាន ដែលមាន​ករុណា​ធម៌​កំពូល​ក្នុងការ​ជួយសង្គ្រោះ​មនុស្សលោក​។ ក្នុង​សិល្បៈ​ខ្មែរ យើង​តែង​ឃើញ​ចម្លាក់​ប្រភេទ​នេះ​មាន​ព្រះ​ហ​ស្ថ​២, ៤ ឬ​៨ ដោយមាន​កាន់​កេតនភណ្ឌ ដូចជា​ខ្សែ​ផ្គាំ គម្ពីរ ផ្កាឈូក និង​ថូ ព្រមទាំង​ឆ្លាក់​រូប​ព្រះ​ពោធិសត្វ អមិតាភៈ អង្គុយ​ភាវនា​នៅលើ​ផ្នួងសក់ ដូចគ្នា​នឹង​បដិមា​ប្រាជ្ញា​បារ​មិ​តា​ដែរ​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114