ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រតិភូ​សភាពាណិជ្ជកម្ម​អឺរ៉ុប​មក​ស្វែងយល់​ពី​សក្ដានុពល​វិស័យ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា

ភ្នំពេញ ​៖ ​ប្រតិភូ​សភាពាណិជ្ជកម្ម​អឺរ៉ុប​បាន​មក​ស្វែងយល់​ពី​សក្ដានុពល​នៃ​វិស័យ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​ដើម្បី​ប្រមូល​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ដាក់បញ្ចូល​ទៅក្នុង​សៀវភៅ “​ស​”​របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ឆ្នាំ​២០១៩​។

លោក ងុ​យ រិ​ទ្ធ អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា សហភាព​អឺរ៉ុប​នឹង​ដាក់​បញ្ចូល​ព័ត៌មាន​ពីស​ក្កា​នុព​ល​វិស័យ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ស្តី​ពី​ការជួល​និយោជិក​ជា​ជនបរទេស គិលានដ្ឋាន​នៅតាម​សហគ្រាស លក្ខខណ្ឌ​សម្រាប់​ការ​ហ្វឹកហ្វឺន​កូនជាង​និង​ការ​ប្រាស្រ័យ​ទាក់ទង​រវាង​ស្ថាប័ន​សាធារណៈ និង​វិស័យ​ឯកជន​និង​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់​ថ្មីៗ​មួយ​ចំនួន​ទៀត​ទៅ​ក្នុង​សៀវភៅ “​ស​”​របស់​ខ្លួន​ដើម្បី​ឲ្យ​ធុរកិច្ច​ជន​អឺរ៉ុប​បាន​យល់ដឹង​កាន់​តែ​ច្បាស់​ទាក់ទិន​នឹង​ច្បាប់​ការងារ​ឬ​បទដ្ឋាន​គតិយុត្ត​ផ្សេងៗ​មុននឹង​មក​វិនិយោគ​នៅ​កម្ពុជា​។

ថ្លែង​ក្រោយ​ជំនួប​រវាង​លោក អា ណោ​ដ ដាក​(Arnaud DARC) ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ជាមួយ​លោក បណ្ឌិត អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កាលពី​ព្រឹក​ថ្ងៃ​០៩​ខែតុលា​ ឆ្នាំ​២០១៩ ​នៅ​ទីស្តីការ​ក្រសួង លោក ងុ​យ រិ​ទ្ធ បាន​បន្តថា ​នៅ​ពេល​ធុរកិច្ច​ជន​អឺរ៉ុប​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ទាក់ទិន​នឹង​ការធ្វើ​អាជីវកម្ម​នោះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​ថែមទៀត​ដែល​នឹង​ជួយ​លើកស្ទួយ​ដល់​សេដ្ឋកិច្ចជាតិ​កាន់​តែ​រីកចម្រើន​ផងដែរ​។

នៅ​ក្នុង​ជំនួប​នោះ​លោក បណ្ឌិត អ៊ិត សំហេង បានស្នើ​ឲ្យ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​បន្ត​សហការ​ជាមួយ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​ធ្វើ​យ៉ាង​ណា​ជួយ​សម្របសម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​របស់​ធុរកិច្ច​ជន​អឺរ៉ុប​ដែល​រកស៊ី​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

លោក Arnaud DARC ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​យ៉ាងខ្លាំង ចំពោះ​លោក​រដ្ឋមន្ត្រី ដែល​បាន​ខិតខំ​ដោះស្រាយ​នូវ​បញ្ហា​នានា​កន្លងមក ដែលជា​កង្វល់​របស់​អ្នកវិនិយោគទុន ដែល​បាន​សម្រួល​យ៉ាង​ខ្លាំង​ដល់​ការធានាបាន​នូវ​ភាព ប្រកួតប្រជែង​របស់​ក​ម្ពុ​ជា បន្ត​ធានាបាន​នូវ​ភាព​ទាក់ទាញ​វិនិយោគទុន​ថែមទៀត​។

លោក​ក៏បាន​សម្តែង​នូវ​ការ​ពេញ​ចិត្ត​ជាខ្លាំង​នូវ​ចម្លើយ​ជា​វិជ្ជមាន​របស់លោក​រដ្ឋមន្ត្រី ក្នុងការ​បញ្ជាក់បន្ថែម​ទៀត​នូវ​ចម្ងល់​មួយ​ចំនួន សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ផ្តល់​ព័ត៌មាន​ដល់​អ្នកវិនិយោគទុន​អឺរ៉ុប​យល់​កាន់តែច្បាស់​ពី​ច្បាប់ លិខិតបទដ្ឋាន និង​គោលនយោបាយ​ពាក់ព័ន្ធ​និង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

លោក​បាន​សន្យា​ថា​ នឹង​ដាក់​បញ្ចូល​ព័ត៌មាន​ស្តីពី​សក្ដានុពល​នៃ​វិស័យ​ការងារ​ទៅក្នុង សៀវភៅ “​ស​” របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ឆ្នាំ​២០១៩​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​អឺរ៉ុប​ដែល​រកស៊ី​នៅ​កម្ពុជា​បាន​យល់ដឹង​កាន់តែច្បាស់​និង​អនុវត្ត​ទៅតាម​ច្បាប់​ការងារ​ក៏ដូចជា​ច្បាប់​វិនិយោគ​របស់​កម្ពុជា​ឲ្យ​បានល្អ​។

ភាគី​ទាំង​ពីរបាន​ប្តេជ្ញា​បន្ត​ភាពជា​ដៃគូ នេះ​បន្តទៀត​ក្នុងការ​ដោះស្រាយ​នូវ​រាល់​សំណូមពរ ឬ​កង្វល់​នានា សំដៅ​ធ្វើយ៉ាងណា ឲ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា បន្តបាន​ភាព​ទាក់ទាញ​ជាពិសេស​ដល់​សហគមន៍​អឺរ៉ុប។

គួរ​បញ្ជាក់​ថា ​សៀវភៅ “​ស​” ឆ្នាំ​២០១៩ របស់​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នេះ​មាន ២៨៧​ទំព័រ​និង​ចែកចេញជា​១០​ជំពូក​ដែល​ផ្តោតទៅលើ​ការប្រមូលផ្តុំ​ទស្សនៈ​រួម​របស់​ក្រុមហ៊ុន​ដែលជា​សមាជិក​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា នៅលើ​ទិដ្ឋភាព​នានា​ជុំវិញ​បរិស្ថាន​ធុរកិច្ច​៕
សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114