ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​ នៃ​ការ​បង្កើត​ធនាគារ​ជាតិ ​នៃ​កម្ពុជា​ឡើងវិញ

ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា ​នៅ​វេលា​ម៉ោង០៨ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ បាន​អញ្ជើញ​ជា​អធិបតី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ការ​បង្កើត​ធនាគារជាតិ​ នៃ​កម្ពុជា​ឡើងវិញ​(១០​តុលា​១៩៧៩-១០​តុលា​២០១៩)។ ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​សាល សន្និសីទ​ចតុមុខ រាជធានី​ភ្នំពេញ។

ការ​ប្រារព្ធ​ខួប៤០​ឆ្នាំ ​នៃ​ការបង្កើត​ធនាគារជាតិ នៃ​កម្ពុជា​ឡើងវិញ​(១០​តុលា​១៩៧៩-១០​តុលា​២០១៩)​នេះ ​គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ប្រាក់រៀល​កម្ពុជា​ដែលជា​ឆ្អឹងខ្នង​ នៃ​សេដ្ឋកិច្ច​ជាតិ​រយៈពេល៤០ឆ្នាំ​កន្លងមកនេះ ហើយ​ចង់​បញ្ជាក់ថា​ ប្រាក់រៀល​ដែល​បាន​បោះផ្សាយ​នៅ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​១៩៨០ ​រហូតមកដល់​ពេលនេះ គឺមាន​អាយុ​៤០​ឆ្នាំ​ហើយ ​គឺ​ បើទោះបី​វា​ផ្លាស់​ប្ដូរ​ទម្រង់​មួយ​មកកាន់​ទម្រង់​មួយ ​តែ​ប្រភព​កំណើត​របស់​វា គឺ​រូបិយវត្ថុ​ដែល​បោះពុម្ពផ្សាយ​នៅ​ថ្ងៃ​ទី ២០ ខែ​មីនា ឆ្នាំ​១៩៨០។

រយៈពេល​២​ទសវត្សរ៍​ចុងក្រោយ​នេះ​ ការរក្សាបាន​នូវ​តួនាទី​ប្រាក់រៀល​ក្នុង​សេដ្ឋកិច្ច​ជាពិសេស​តម្រូវ​ការប្រាក់​រៀល​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ទាំង​ប្រាក់រៀល​ក្នុង​ចរាចរ ​និង​ការ​សន្សំ​ក្នុង​ប្រព័ន្ធ​ធនាគារ​នេះ​ គឺជា​ការបង្ហាញ​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​មកលើ​ប្រាក់រៀល ជាពិសេស​លើក​ស្ទួយ​ប្រាក់រៀល​កម្ពុជា​តាមរយៈ​ការប្រើប្រាស់​ប្រាក់រៀល​ឲ្យ​បាន​ទូលំទូលាយ​នៅ​ទូទាំង​ប្រទេស​សំដៅ​ពង្រឹង​អត្តសញ្ញាណ​ជាតិ និង​អធិបតេយ្យ​ជាតិ​។​

គួរ​បញ្ជាក់ថា​ ធនាគារជាតិ ​នៃ​កម្ពុជា ​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​២៣ ​ខែធ្នូ ឆ្នាំ​១៩៥៤ បន្ទាប់ពី​ប្រទេស​កម្ពុជា ទទួលបាន​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង ​និង​ក្រោយពី​វិទ្យាស្ថាន​បោះ​ប្រាក់​ឥណ្ឌូចិន​ ត្រូវបាន​បិទទ្វារ​ហើយ​ប្រាក់រៀល ​ក៏​ត្រូវបាន​បោះផ្សាយ ​និង​ដាក់ឲ្យ​ចរាចរ ​នៅ​ថ្ងៃទី០​១​ ខែ​មករា ​ឆ្នាំ​១៩៥៥ ផងដែរ​៕​
 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114