ព័ត៍មានទាន់​ហេតុការណ៏
Search

បើកបរ​ម៉ូតូ​មិន​ប្រយ័ត្ន​ ទៅបុក​រថយន្ត​ដែល​ខូច​ចត​លើ​ចិញ្ចើម​ផ្លូវ ស្លាប់​ភ្លាម​ៗមួយ​រំពេច​

តាកែវ ៖ ជនរងគ្រោះ​ម្នាក់ ​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ បន្ទាប់ពី​បើកបរ​ម៉ូតូ​មិន​ប្រយ័ត្ន​ទៅបុក​នឹង​រថយន្ត​ដែល​ខូច​ចត​នៅលើ​ចិញ្ចើមផ្លូវ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​០៩ ខែ​តុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​២០​និង​០០​នាទី លើផ្លូវ​ជាតិ​លេខ​២ ចន្លោះ​គីឡូម៉ែត្រ​លេខ ៨២ – ៨៣ ស្ថិតក្នុង​ភូមិ​គោក​ស្មោង ឃុំ​រនាម ស្រុក​ទ្រាំង ខេត្ត​តាកែវ​។ តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង​បាន​ប្រាប់ថា ជនរងគ្រោះ​ដែល​បើកបរ​ម៉ូតូ​ទៅបុក​នឹង​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់​នេះ​មានឈ្មោះ សាន សាវឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​រូង ឃុំ​លំចង់ ស្រុក​សំរោង ខេត្ត​តាកែវ​។ ម៉ូតូ​ជនរងគ្រោះ​បើកបរ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ CX 6534 ។ ចំណែក​រថយន្ត​ជា​ប្រភេទ​រថយន្ត​ដឹក​គ្រឿងសំណង់​ធុន​ធំ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3E 0707 អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់​និង​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។

ប៉ូលិស​បាន​បន្តថា ជនរងគ្រោះ​បាន​បើកបរ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​កន្លែងកើតហេតុ​ ស្រាប់​តែ​បុក​ជាមួយនឹង​រថយន្ត​ដែល​ខូច ​និង​ចត​លើ​ចិញ្ចើមផ្លូវ​ ក្នុងទិសដៅ​ស្របគ្នា ​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​តែម្តងទៅ។

បច្ចុប្បន្ន ទាំង​រថយន្ត​ និង​ម៉ូតូ​ ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង​ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​តាមផ្លូវ​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114