ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ជូន​មេ​ជួញដូរ​គ្រឿងញៀន​ជាយក្រុង​ទៅ​តុលាការ​ផ្ដន្ទាទោស ​ជាមួយ​ថ្នាំញៀន​ជិត​១០០​កញ្ចប់​

ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​កសាង​សំណុំរឿង​បញ្ជូន​មេ​ជួញដូរ​គ្រឿងញៀន​ជាយ​ក្រុង​ដ៏​សកម្ម​មួយ​ក្រុម​ទៅ​សាលាដំបូង​រាជធានី ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​ ជាមួយនឹង​ថ្នាំញៀន​ជិត​១០០​កញ្ចប់ នា​ថ្ងៃទី​១០ ខែ​តុលា ឆ្នាំ​២០១៩។

មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹងថា ក្រុម​ជនសង្ស័យ​ដែល​បង្ក្រាប​បាន​ជាក់ស្ដែង​នោះ​មាន​ឈ្មោះ​ ៖​
១/ឈ្មោះ ជា សុខ ភេទ​ប្រុស អាយុ២៩​ឆ្នាំ
​ទី​២/ឈ្មោះ កែវ រ៉ាត់ ភេទ​ប្រុស អាយុ១៨​ឆ្នាំ
​ទី​៣/ឈ្មោះ ឡូញ ចិន្តា ភេទ​ប្រុស អាយុ៤៨​ឆ្នាំ​
ទី​៤/ឈ្មោះ គង់ សាយ​លីដា ភេទ​ស្រី អាយុ៣៧​ឆ្នាំ។

ប្រភព​បាន​បន្តថា ជនសង្ស័យ​ទាំង០៤​នាក់​នេះ ត្រូវបាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន កាលពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១និង​១០​នាទី នៅ​ចំណុច បន្ទប់​ជួល​គ្មាន​លេខ និង​ផ្ទះ​លេខ​៦០ ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ដោយសារ​មាន​វត្ថុតាង​ច្បាស់លាស់ ​រួម​នឹង​ចម្លើយ​សារភាព​រួចមក ​នៅ​ព្រឹក​ថ្ងៃទី​១០ ​ខែតុលា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​ នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជ​ធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ០៤​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម​នឹង​ក្រាម​ពណ៌​ស​ថ្លា ៨៣​កញ្ចប់ (​ស្មើ​២០.១៨​ក្រាម​)​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114