ព័ត៍មានទាន់​ហេតុការណ៏
Search

ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ ប្រជុំ​ដោះស្រាយ​ករណី​កាប់​គាស់​ទន្ទ្រាន​កាន់​កាប់​យក​ដី​ព្រៃឈើ​សហគមន៍​ដោយ​ខុស​ច្បាប់ នៅ​ក្នុង​ឃុំ​ពោធិ ស្រុក​កំពង់លែង

កំពង់ឆ្នាំង ​៖ នៅក្នុង​ឆ្នាំ​២០១៩​ប៉ុន្មាន​ខែ​មុននេះ កើតមាន​ករណី​លួច​កាប់​គាស់​ទន្ទ្រាន​យក​ដី​ព្រៃឈើ​សហគមន៍ និង​គម្រប​ព្រៃឈើ​របស់​រដ្ឋ ជាច្រើន​ករណី​នៅ​ក្នុង​ឃុំ​ពោធិ៍ ស្រុក​កំពង់លែង។ ដើម្បី​ទប់​ស្កាត់​ករណី​ខាងលើនេះ កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ អាជ្ញាធរ​ស្រុក​កំពង់លែង បាន​សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ប្រជុំ​ដោះស្រាយ​ជាមួយ​អ្នក​ពាក់ព័ន្ធ​មួយចំនួន នៅ​ក្នុង​សាលាឃុំ​ពោធិ៍ ដោយ​បាន​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​ព្រៃឈើ និង ​សជណ របស់​ប្រមុខ​រាជរដ្ឋា​ភិបាល ដោយបាន​កំណត់ថា ​៖ អ្នក​ពាក់ព័ន្ធ​ត្រូវតែ​ស្ម័គ្រ​ចិត្ត​ប្រគល់​ដីព្រៃ​ឈើ​ដែល​ខ្លួន​កាប់​គាស់​ទន្ទ្រាន​យកខុស​ច្បាប់ឲ្យ​រដ្ឋ​វិញ ករណី​នៅតែ​បំពាន​ សមត្ថកិច្ច​ជំនាញ នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់។

នៅក្នុង​កិច្ចប្រជុំ​នេះ លោក ពារ គឹម​ហេង នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បាន​លើកឡើង​ថា​ តាមច្បាប់​ស្ដីពី​ព្រៃឈើ អ្នក​កាប់​គាស់​ទន្ទ្រាន​យក​ដី​ព្រៃឈើ​របស់​សហគមន៍ និង​ព្រៃឈើ​របស់​រដ្ឋ គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ថ្នាក់​ទី​១ ដែល​នឹងត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ពី​៥​ឆ្នាំ ទៅ​១០​ឆ្នាំ។ តាម​សេចក្ដីជូនដំណឹង លេខ​១៣៤៨ សជណ ចុះ​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៩ បាន​កំណត់​ឲ្យ​ ឯកឧត្ដម​អភិបាលខេត្ត ចាត់វិធានការ​ចេញ​ដីកា​ប្រកាស​បដិសេធ និង​ដកហូត​ដី​ព្រៃឈើ​គ្រប់​ប្រភេទ ដែល​ត្រូវ​បាន​បំពាន​យក​ដោយ​ខុសច្បាប់ មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ និង​និរាករណ៍​លិខិត​ខុសឆ្គង​ទាំងអស់ ( របស់​អាជ្ញាធរ ភូមិ​ឃុំ​ស្រុក ) ដែល​បាន​ផ្តល់ឲ្យ ពាក់ព័ន្ធ​នឹង​ដី​ព្រៃឈើ។

ប្រជាពលរដ្ឋ​ចំនួន​៥​នាក់​ ដែល​បាន​ពាក់ព័ន្ធ​នឹង​ដីព្រៃ​ឈើ នៅក្នុង​កិច្ចប្រជុំ​នេះ​បាន​លើកឡើងថា ពួក​គាត់​បាន​កាន់​កាប់ ​និង​អាស្រ័យ​ផល​លើដី​មួយចំនួន​ក្នុង​ដី​សហគមន៍ ខ្លះ​កន្លះ​ហិកតា ខ្លះ​១​ហិកតា តាំង​ពីមុន​សហគមន៍​ព្រៃឈើ​ពោធិ៍​ជ្រក​ជម្រក​ឬ​ទ្ធី​សែន​កើត​ម្ល៉េះ គាត់​សួរថា ​៖ តើ​គាត់​អាច​កាន់កាប់​ធ្វើ​ជា​កម្មសិទ្ធិ ​និង​ អាស្រ័យ​ផល​បានទេ និង​ស្នើសុំ​បង្ខិត​ព្រំ ពង្រីក​ដីចម្ការ ដែល​ធ្លាប់​អាស្រ័យ​ផល ចូល​ដី​ព្រៃឈើ​សហគមន៍​បន្ថែម​ទៀត​បា​ន​ទេ។

ទាក់ទង​នឹង​សំណួរ​ខាងលើនេះ សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាន​បញ្ជាក់​ថា ការ​ធ្លាប់​កាន់កាប់​អាស្រ័យ​ផល​ធ្វើ​ស្រែចម្ការ​នៅក្នុង​ដីព្រៃ​ឈើ​កន្លងមក​មុន​សហគមន៍​ព្រៃឈើ​កើត​នៅ​ឆ្នាំ​២០០៤ ជា​រៀងរាល់​ឆ្នាំ​ជាប់ៗ​គ្នា តាមច្បាប់​ គឺ​អនុញ្ញាត​ឲ្យ​អាស្រ័យ​ផល​បាន តែ​មិនអាច​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​បាន​ឡើយ។ ផ្ទុយទៅវិញ បើ​បោះបង់ចោល​មិន​ធ្វើ​ស្រែចម្ការ​តែ​៣​ឆ្នាំ​ជាប់​គ្នា​ដី​នោះ នឹង​ក្លាយជា​ដីព្រៃ​ឈើ​របស់​រដ្ឋ របស់​សហគមន៍​វិញ​ដោយ​ស្វ័យប្រវត្តិ។ ចំពោះ​ការស្នើសុំ​រំកិល​ព្រំ​ពង្រីក​ដី​ធ្វើ​ស្រែចម្ការ​បន្ថែម​ទៀត​នោះ​ ចូល​ដី​ព្រៃ​ឈើ​របស់​រដ្ឋ មិន​អាច​ធ្វើ​បានឡើយ គឺ​ខុសច្បាប់។

លោក ពុំ សុផល អភិបាលរង​ស្រុក​កំពង់លែង​នៅក្នុង​កិច្ចប្រជុំ​នេះ ក៏បាន​សំណូមពរ​ដល់​ប្រជាពល​រដ្ឋ​សុំ​ដកខ្លួន​បញ្ឈប់​ការកាប់​គាស់​ទន្ទ្រាន​ដីព្រៃ​ឈើ​របស់​រដ្ឋ​បន្តទៀត និង​ត្រូវតែ​ស្ម័គ្រ​ចិត្ត​ប្រគល់​ដី​ដែល​ខ្លួន​បាន​រំលោភ​យក​នោះឲ្យ​រដ្ឋ​វិញ បើ​ពុំ​នោះទេ ​បើ​សមត្ថកិច្ច​ជំនាញ​រកឃើញ​នោះ នឹង​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ហើយ។

ដោយឡែក​ក្រោយពី​បិត​ការប្រជុំ សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ ក៏បាន​ចុះទៅ​ពិនិត្យ​លើ​ទីតាំង​ដី​ជាក់ស្ដែង​មួយកន្លែង​នៅក្នុង​ភូមិ​ដំណាក់​កកោះ ឃុំ​ពោធិ៍ ដែល​ប្រជាពលរដ្ឋ​បាន​លួច​វាតទី​កាប់​គាស់​ដី​ព្រៃ​សហគមន៍ និង​លួច​ក្រៀវ​ដើមឈើ​អោយ​ងាប់​នៅក្នុង​ដែន​សហគមន៍​យក​ធ្វើជា​កម្មសិទ្ធិ​។

ករណី​ខាងលើនេះ សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់ថា​ បើ​អ្នក​ពាក់ព័ន្ធ​មិន​ស្ម័គ្រ​ចិត្ត​ប្រគល់​ដី​ព្រៃ​ដែល​ខ្លួន​រំលោភ​យក​នេះ​ឲ្យ​រដ្ឋ​វិញ​ទេ អ្នក​ពាក់ព័ន្ធ​នោះ នឹង​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​មិន​លើកលែង​ឡើយ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114