ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាល​ខេត្ត​កំពត​ ក្រើនរំលឹក​ណែនាំ​មន្ត្រី​ច្រកចេញចូល​តែមួយ ​និង​មន្ទីរ​ជំនាញ ត្រូវ​សហការ​គ្នា​ពន្លឿន​ការ​ផ្ដល់​សេវា​របស់​ខ្លួន​ឲ្យ​ត្រឹមត្រូវ

កំពត ៖ ថ្លែង​ក្នុង​កិច្ចប្រជុំ​ព្រឹក​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏បាន​ធ្វើការ​ណែនាំ​ក្រើន​រំលឹក និង​ជំរុញ​ដល់​មន្ត្រី​ នៃ​អង្គភាព​ច្រកចេញចូល​តែមួយ និង​ មន្ទីរជំនាញ ​ត្រូវ​សហការ​គ្នា​ឲ្យ​បាន​ល្អ​ថែម​ទៀត ដើម្បី​ធ្វើ​ការងារ​ផ្តល់​សេវា​ផ្សេងៗ​របស់​ខ្លួន​ជូន​ដល់​ប្រជាពលរដ្ឋ ឲ្យ​បាន​ត្រឹមត្រូវ​តាម​ការ​កំណត់​របស់​អង្គភាព​ច្រកចេញចូល​តែមួយ ហើយ​ជៀសវាង​ឲ្យ​បាន​ដាច់​ខាត់​ចំពោះ​ឯកសារ​ទាំង​ឡាយ​ណា​ដែល​ចូល​តាម​ច្រកចេញចូល​តែមួយ ប៉ុន្តែ​ចេញ​តាម​បណ្តា​មន្ទីរជំនាញ ហើយ​បើសិន​រក​ឃើញ​ថា ​មន្ត្រី​រូប​ណា​ដែល​ប្រព្រឹត្តិ​ខុស​គោលការណ៍​កំណត់​របស់​ច្បាប់​ស្តីអំពី​ច្រកចេញចូល​តែមួយ រដ្ឋបាល​ខេត្ត​នឹង​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់​។

ការលើកឡើង​បែបនេះ គឺ​នៅ​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​កញ្ញា នា​ព្រឹក​ថ្ងៃទី​៩ ខែ​តុលា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត ដែល​ចូលរួម​ពី​សំណាក់ លោក​អភិបាលរង​ខេត្ត អភិបាលក្រុង ស្រុក មន្ទីរ​អង្គភាព គ្រប់​ជំនាញ និង​មន្ត្រី​ចំណុះ​រដ្ឋបាល​ខេត្ត​កំពត​ទាំងមូល។

លោក ជាវ ក៏បាន​បន្ត​លើកឡើង​ទៀតថា អង្គភាព​ច្រកចេញចូល​តែមួយ​ត្រូវ​បម្រើ​ការងារ​ជូន​អ្នក​មក​ទទួល​សេវា​ឲ្យ​បាន​ឆាប់រហ័ស ស្របតាម​នីតិវិធី​ច្បាប់​ដែល​បានកំណត់​។ ក្នុងករណី​ការងារ​ផ្នែក​វិស័យ​ណាមួយ មាន​ភាព​រាំងស្ទះ​ត្រូវ រាយការណ៍​ជូន​មក​រដ្ឋបាល​ខេត្ត ដើម្បី​មាន​មូលដ្ឋាន​ក្នុងការ​ដោះស្រាយ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។

លោក​អភិបាលខេត្ត​ក៏បាន​បញ្ជាក់​ផងដែរ​ថា បញ្ហា​ដែល​ក្នុងនោះ​មាន​ជារឿយៗ អ្នក​មក​ទទួល​សេវា ពិសេស​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុង​ភាពចាំបាច់​តែង​រអ៊ូរទាំ​អំពី​ការលំបាក​ចំពោះ​បញ្ហា​នេះ​។

ជាក់ស្តែង​បើតាម​របាយការណ៍​ដែល​បានទទួល​គឺមាន​តួលេខ​ភាពខុសគ្នា ដោយ​ខាង​មន្ទីរ​សុរិយោដី​ថា​សំណុំ​ឯកសារ​ដែល​ទទួលបាន​មាន​ប្រមាណ​៥០០ ទៅ​៦០០​ក្នុង​មួយខែ ប៉ុន្តែ​ខាង​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ​ថា​មាន​ជាង​១.០០០​សំណុំ​ឯកសារ​។

លោក ជាវ តា​យ បាន​បន្តថា បញ្ហា​នេះ​បណ្តាលមកពី​ខ្វះ​ការទំនាក់ទំនង​រវាង​គ្នា និង​គ្នា​។ មន្ត្រី​ច្រក​ចេញ​ចូល​តែមួយ​ត្រូវ​សួរនាំ​មើល ថាបើ​ដាក់ចូល​តាម​ច្រកចេញចូល​តែមួយ​ហើយ តើ​ចេញ​ទៅវិញ​តាម​ណា​?​។ ជាធម្មតា ចូល​តាម​ណា ត្រូវ​ចេញ​តាម​ហ្នឹង នោះ​ទើប​តួលេខ​ត្រូវ​គ្នា​។ គោលការណ៍​មាន​ស្រាប់​ហើយ ​គឺ​ច្រកចេញចូល​តែមួយ​មាន​មន្ទីរជំនាញ​ស្ថិតនៅ​ពីក្រោយ (​គឺមាន​មន្ត្រី​ជួរមុខ និង​ជួរ​ក្រោយ​) ចុះ​ហេតុអ្វី​មន្ត្រី​ជួរមុខ​នឹង​ជួរ​ក្រោយ​បានទទួល​សំណុំ​ឯក​ការស្នើសុំ​សេវា​របស់​ប្រជាពលរដ្ឋ​ខុសគ្នា​ទៅវិញ​? ក្នុងករណី​ដែល​រកឃើញថា​មន្ត្រី​រូប​ណា​ដែល​ធ្វើ​ការខុស​គោលការណ៍​ច្បាប់​កំណត់​របស់​ច្រកចេញចូល​តែមួយ រដ្ឋបាលខេត្ត ​នឹង​ចាត់វិធានការ​តាមច្បាប់។

លោក​អភិបាលខេត្ត​ក៏បាន​ក្រើន​រម្លឹកថា ករណីបែបនេះ​ចាំបាច់​ត្រូវតែ​កែសម្រួល​ឡើងវិញ ពោលគឺ​មិនអាច​ឲ្យ​ការងារ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​នៅ​យឺតយ៉ាវ​បន្តទៀត​ឡើយ​។ ដូច្នេះ អង្គភាព​ច្រក​ចេញ​ចូល​តែមួយ និង​មន្ទីរជំនាញ ​ត្រូវ​សហការគ្នា​ឲ្យ​បាន​ល្អ​រវាង​គ្នា​ទើបបាន​ដំណើរការ​រលូន​ទៅមុខ​ល្អ​។ មិនអាច​ឯកសារ​ចូល​តាម​ច្រក​ហើយ ពេលចេញ​ទៅវិញ​តាមរយៈ​មន្ទីរ​នោះទេ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114