ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកខ្លាំង​ទម្ងន់​៦០​គ​.​ក្រ​៤​រូប ប្រជែង​គ្នា​សម្រាប់​បេក្ខភាព​វាយ​ដណ្ដើម​ពានរង្វាន់​បាយ័ន​ឆ្នាំ​២០១៩

អ្នក​ប្រដាល់​ជើង​ខ្លាំង និង សុទ្ធ​ជា​ម្ចាស់​ពានរង្វាន់​ទម្ងន់​៦០​គីឡូក្រាម របស់​ទូរទស្សន៍​បាយ័ន​៤​រូប នឹងត្រូវ​ជួប​ប្រជែង​គ្នា​សម្រាប់​បេក្ខភាព​ឈានទៅ​ប្រកួត​ដណ្តើមពាន​រង្វាន់​ប្រាក់​លាន​របស់​ទូរទស្សន៍​បាយ័ន​ប្រចាំឆ្នាំ​២០១៩ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​១២ ខែ​តុលា​ ឆ្នាំ​២០១៩​នេះ​។

អ្នក​ប្រដាល់​ទាំង​៤​រូបនោះ គឺ ​ងួន គា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ , សយ សុខ​អ្នក​ប្រដាល់​ក្លិប​វិបុល​ដា​រិ​ទ្ធ​ពោធិ​សែន​ជ័យ , ថន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់ និង អេ​លី​ត កែវ​ឡុង អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ។ ពួកគេ​ទាំង​៤ ត្រូវ​ប្រកួត​គ្នា​តាម​លក្ខណៈ​ជម្រុះ​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ គឺ​ចាញ់​ធ្លាក់ ឈ្នះ​ត្រូវ​នៅ​បន្ត​ការប្រកួត​នា​ថ្ងៃទី​២៦​តុលា​ទៀត។

សម្រាប់​ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូបនេះ គឺ​ងួន គា នឹងត្រូវ​ជួប​ប្រកួត​ជាមួយ សយ សុខ។ ពួកគេ​ទាំងពីរ ធ្លាប់​ជួបគ្នា​៣​លើក​ហើយ​កន្លងមក ដោយ​សយ សុខ ​ឈ្នះ​ងួន​គា ​ដោយ​ពិន្ទុ​ទាំង​បី​លើក។ ​ដូច្នេះ​ការ​ជួប​គ្នា​លើក​នេះ ក៏ដូចជា​ការជួប​សង​សឹក​របស់​ងួន គា ដែរ។ រវាង​ពីរ​នាក់​នេះ បើតាម​កម្រិត​សមត្ថភាព​បច្ចេកទេស​ និង​កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះ ឃើញថា​ប្រហាក់ប្រហែល​គ្នា តែ​ស្នៀតគុន​ និង​កលល្បិច​គឺ​ចាញ់​សយ សុខ ទេ។ ទោះជា​យ៉ាងណា សម្រាប់​ការ​ជួបគ្នា​លើក​នេះ មិនអាច​ទស្សន៍ទាយ​មុន​បាន​ថា អ្នកណា​ជ្រុះ​ធ្លាក់ អ្នកណា​ឡើង​ទៅ​ប្រកួត​បន្ត​ទៀត​នោះទេ។

ចំពោះ​អ្នក​ប្រដាល់ ថន ភឿ​ត គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អេ​លី​ត កែវ​ឡុង​។ ពួកគេ​ទាំងពីរ​នេះ ពុំ​ធ្លាប់​ជួបគ្នា​ទេ​ពីមុនមក។ ពួកគេ​ទាំងពីរ​នាក់​នេះ ម្នាក់​ជា​អ្នក​ប្រដាល់​ជើងចាស់​ គឺ​ថន ភឿ​ត ហើយ​ម្នាក់​ទៀត​អេ​លី​ត កែវ​ឡុង ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ប៉ុន្តែ​ពួកគេ​ទាំងពីរ​នាក់​នេះ មាន​ថ្វីដៃ​ល្អ ហើយ​ខ្លាំង​ និង​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ​ដូចគ្នា។ យ៉ាងណា ប៉ះគ្នា​លើក​នេះ គឺមាន​លក្ខណៈ​តឹងតែង​ហើយ។ ប៉ុន្តែ​ទោះជា​យ៉ាងណា រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​២​រូបនេះ តាម​ការរំពឹងទុក​មុន​នោះ​ថា ថន ភឿ​ត ប្រហែលជា​ពិបាក​សង្ឃឹម​ឈ្នះ​អេ​លី​ត កែវ​ឡុង ដោយ​សារថន ភឿ​ត គេ​មាន​អាយុ​ច្រើន ចាស់​ជាង ដែល​អាច​ថា​គេ​មាន​កម្លាំង​ស៊ុ​ហ្វ​មិនសូវ​រឹងមាំ​ដូច​អេ​លី​ត កែវ​ឡុង។ ទោះជា​យ៉ាងនេះ​ក្តី គេ​ក៏​មិន​ប្រាកដថា​ ថន ភឿ​ត ចាញ់​អេ​លី​ត កែវ​ឡុង​ ដែរ ព្រោះថា​ ថន​ភឿ​ត គេ​មាន​កលល្បិច​ និង​បច្ចេកទេស​ខ្ពស់ជាង​ កែវ​ឡុង។​
​ក្រៅពី​គូ​ជម្រុះ​នេះ ភុ​ន សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ជើងចាស់​ក្លិប​នាគរាជ​មានជ័យ នឹង​ជួប​ប្រកួត​សង​សឹក​ជាមួយ ធឹ​ម ទាន់ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី។ ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។ ពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ម្តង​ហើយ​កាលពី​ថ្ងៃទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០១៩​កន្លងមក ដោយ​ភុ​ន សោ​ភ័​ណ្ឌ ​ចាញ់​ធឹ​ម ទាន់ ក្នុង​ទឹក​ទី​២។ សម្រាប់​ការជួប​លើក​ទី​២​នេះ មិនដឹងថា​ ភុ​ន សោ​ភ័​ណ្ឌ គេ​អាច​សងសឹក​ធឹ​ម ទាន់ បានសម្រេច​ឬ​អត់​នោះ​ទេ​? ព្រោះ​សោ​ភ័​ណ្ឌ គេ​អន់​កម្លាំង​កាយ​សម្បទា ឆាប់​អស់​សុ​ហ្វ ដោយសារ​គេ​ចាស់​អាយុ​ច្រើន​នោះ។

ខាំ សាបាន អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ត្រូវ​ជួប​ប្រកួត​ជាមួយ​មាស សារ៉ាក់ ​អ្នក​ប្រដាល់​ជើង​ចាស់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម ហើយ​ម៉ិ​ល សារុន អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ប៉ិល សេង​ហេង អ្នក​ប្រដាល់​ក្លិប​កុលបុត្រ​គុន​ខ្មែរ ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។​ ចំណែក​ឯម ខេមរា អ្នក​ប្រដាល់​ជើង​ថ្មី​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​រិ​ទ្ធ ខេមរា អ្នក​ប្រដាល់​ជើង​ថ្មី​ក្លិប​អាណាចក្រ​គុន​ខ្មែរ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114