ព័ត៍មានទាន់​ហេតុការណ៏
Search

ផាន់ គ្រាន់ អាច​យកឈ្នះ ស៊ុប​ភើ ឡេ​ក បាន​ឬ​អត់​?

•​កុយ ចាន់តូ ជម្រះបញ្ជី​ជាមួយ ឆាយ មាស​
​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​Barrley Black ទម្ងន់​៦៣,៥០០​គីឡូក្រាម ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ស៊ុប​ភើ ឡេ​ក ( Super Lark) នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​១៣ ខែ​តុលា ឆ្នាំ​​២០១៩ នៅ​សង្វៀន​Boost rong Fighter On Fire ​របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍។

ផាន់ គ្រាន់ និង ស៊ុប​ភើ ឡេ​ក ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។ ផាន់ គ្រាន់ មិនដឹងថា អាច​យកឈ្នះ​ស៊ុប​ភើ ឡេ​ក បាន​ឬ​អត់​នោះទេ? ព្រោះថា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ផ្លែ​ល្អ និង​រឹងមាំ​ណាស់។ នេះ​បើតាម​លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEATVឲ្យដឹង។​

លោក ញាណ សុធី ឲ្យ​ដឹង​ទៀតថា ស៊ុប​ភើ ឡេ​ក​គេ​ទើបតែ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​លើកដំបូង​ប៉ុណ្ណោះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គឺមាន​ស្នៀត​ប្រដាល់ ​និង​បច្ចេកទេស​មិនជា​អន់​នោះឡើយ។ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៩​លើក ឈ្នះ​៦៦​លើក ចាញ់​១២​លើក និង​ស្មើ​០១​លើក។

យ៉ាងណា ផាន់ គ្រាន់ មិនអាច​មើលស្រាល ឬ ធ្វេសប្រហែស​ចំពោះ​ស៊ុប​ភើ ឡេ​ក នោះទេ​? ។ ផាន់ គ្រាន់ គេ​ជា​អ្នក​ប្រដាល់​ល្អ តែដោយសារ​គេ​ប្រកួត​ច្រើន​គ្មាន​ពេល​ហ្វឹកហាត់​ដិតដល់​នោះ ធ្វើឲ្យ​គេ​ស្ទើរតែ​ក្លាយខ្លួន​ទៅជា​ខ្សោយ​ទៅវិញ​ហើយ​។ ផាន់ គ្រាន់ ឡើង​ប្រកួត​ចុងក្រោយ​ជាមួយ​ថៃ​ពីរ​ប្រកួត​ជាប់​គ្នា​កន្លងទៅនេះ គេ​បាន​វាយ​ចាញ់​ថៃ​ទាំងពីរ​ប្រកួត​តែម្តង។ ផាន់ គ្រាន់ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣៤​លើក ឈ្នះ​១១០​លើក ចាញ់​២១​លើក និង​ស្មើ​ពិន្ទុ​៣​លើក។

ចំពោះ អ្នក​ប្រដាល់​កុយ ចាន់តូ ក្លិប​គី​សែ​មាន​រិ​ទ្ធ ត្រូវគេ​ផ្តល់​ឱកាស​ឲ្យជួប​ប្រកួត​ជម្រះបញ្ជី​ជាមួយ​ឆាយ មាស អ្នក​ប្រដាល់​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។

កុយ ចាន់តូ ជា​អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ទោះបី​មាន​វ័យ​ច្រើន​បន្តិច​ក្តី​ តែ​គេ​វាយ​នៅតែមាន​ផ្លែ​ល្អ​គ្រាន់បើ ទោះបី​ចិត្ត​របស់គេ​មិនសូវ​ធំ​ក៏ដោយ តែ​កែង ​និង​ជង្គង់​របស់គេ មិនជា​ស្រួល​ទប់ទល់​ប៉ុន្មាន​ឡើយ។ ការជួបគ្នា​ជាមួយ​ឆាយ មាស លើក​នេះ មិនដឹងថា​គេ​អាច​យកឈ្នះ ឬក៏​អត់​នោះទេ។ ជួប​ឆាយ មាស លើក​មុន កុយ ចាន់តូ​បាន​ត្រឹម​វាយ​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ។

ឆាយ មាស គេ​ក៏​ជា​អ្នក​ប្រដាល់​ជើងចាស់​និង​ជាខ្លាំង​មួយរូប​ដែរ។ ​គេ​មាន​កណ្ដាប់ដៃ​ល្អ ខ្លាំង លឿន ហើយ​ស្នៀត​ទាត់​ និង​កែង​របស់គេ ក៏​ពិបាក​ទប់ទល់​ដែរ​។ ​ប៉ុន្តែ​ ឆាយ មាស ក៏​ពិបាក​នឹង​យកឈ្នះ​កុយ ចាន់តូ​ ដែរ​។ ចាំមើល​ពីរ​នាក់​នេះ តើន​រណា​ឈ្នះ​ក្នុង​ការជួប​ជម្រះបញ្ជី​គ្នា​នេះ​?។

ចំពោះ ព្រឿង សុជាតិ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ក៏​ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ជួប​ជម្រះ​បញ្ជី​ជាមួយ​សូត្រ ខេ​វិ​ន អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក ដែរ ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូ​ក្រាម។

ពីរ​នាក់​នេះ កាលពី​ជួបគ្នា​លើក​មុន​(២៣​មិថុនា​២០១៩)​ពួកគេ​ទាំងពីរ​វាយ​ស្មើ​ពិន្ទុ​គ្នា​ដែរ។ ដោយ​ពុំ​ហ៊ាន​ទស្សន៍​មុន​នោះ មិនដឹងថា នរណា​ឈ្នះ​ក្នុងជំនួប​លើក​នេះ​ទេ។

សូត្រ ខេ​វិ​ន ស្នៀត​ប្រដាល់​របស់គេ​មិនជា​ប៉ុន្មាន​ទេ តែ​អ្នក​ប្រដាល់​រូបនេះ​ពិបាក​បង្ក្រាប ដោយសារ​គេ​ខ្ពស់ ដៃ​វែង ជើងវែង ដែល​អំណោយផល​ក្នុងការ​ប្រើ​កែង និង​ជង្គង់។

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​ជើង​ថ្មី​វិញ លីន សេងហុង អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ត្រូវ​ជួប​ប្រកួត​ជាមួយ អេ​លី​ត ផានិត អ្នក​ប្រដាល់​ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥១​គីឡូក្រាម។

ចំណែក ប្រាក់​ឌី​ណា អ្នក​ប្រដាល់​ជើង​ថ្មី​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ ឌុ​ម កែវ​ដប អ្នក​ប្រដាល់​ជើងចាស់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គី​ឡ​ក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114