ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេងប្រុស​ម្នាក់ ខឹង​នឹង​យាយ​ស្ដីបន្ទោស​រឿង​ដើរលេង​យប់​ព្រលប់​ ក៏​ចង.ក​សម្លាប់​ខ្លួន​

ឧ​ត្ត​រ​មានជ័យ​ ៖ សមត្ថកិច្ច​អធិការ​ស្រុក បានទទួល​ព័ត៌មាន​ពី​លោក​អនុ​ភូមិ​ ឈ្មោះ ដុំ ជឿ​យ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ពង្រ​តា​ឡី ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល​ថា មាន​ករណី​​​ចងក​សម្លាប់​ខ្លួន​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​យប់ ថ្ងៃទី​០៩ ខែ​តុលា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ ឃុំ​ខាងលើ។

លោក​វរសេនីយ៍ទោ ឃុ​ល ភិន អធិការ​នគរបាល​ស្រុក ក៏បាន​ចាត់​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អំពិល ដឹកនាំ​ដោយ ​លោក​អនុសេនីយ៍ឯក ស៊ឹម វ​ណ្ណះ អធិការរង ចុះ​ត្រួតពិនិត្យ​សាកសព ជនរងគ្រោះ​ឈ្មោះ តឿន យេះ ភេទ​ប្រុស អាយុ១៨ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ពង្រ​តា​ឡី ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ដែល​បាន​យក​ខ្សែ​អង្រឹង មក​ចង​នឹង​ផ្លាន​ផ្ទះ​ កម្ពស់​២​ម៉ែត្រ​៥​ហ៊ុន ចង.ក​ សម្លាប់​ខ្លួន​ឯង។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ថានភាព​កន្លែងកើតហេតុ ស្ថិតនៅ​លើផ្ទះ​ជនរងគ្រោះ ដោយ​ពាក់អាវ​ក្រណាត់​ដៃ វែង​ពណ៌​ស ស្លៀកខោ​ខោវប៊យ​ជើងវែង ​ពណ៌​ទឹកប៊ិច នៅ​លើ​ក ក ​មាន​ស្នាម​ជាំ​ជា​អក្សរ​អ៊ុយ​( U ) ពីមុខ​ព័ទ្ធ​ទៅ​ក្រោយ ពុំ​មាន​ចេញ​លាមក ទឹកកាម អវយវៈ​ពុំមាន​ស្លាកស្នាម​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះឡើយ។

តាម​ការ​បំភ្លឺ​ពី​ប្រជាពលរដ្ឋ និង​យាយ​របស់​ជនរងគ្រោះ ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩និង​០០​នាទី ជនរងគ្រោះ​បានធ្វើ​អត្តឃាត​ម្តង​រួចមកហើយ​ តែ​មិនបាន​សម្រេច រហូត មក​ដល់​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង១៨​និង​០០​នាទី ជនរងគ្រោះ​បាន​ធ្វើ​អត្តឃាត​បាន​សម្រេច និង​ការសន្និដ្ឋាន​របស់​ជំនាញ ​ក្រុមគ្រូពេទ្យ ជនរងគ្រោះ​ពិតជា​បានធ្វើ​អត្តឃាត​ចង.ក​សម្លាប់​ខ្លួនឯង ពិតប្រាកដ​មែន ដោយ​មូលហេតុ​ ខឹង​នឹង​យាយ​ស្ដីបន្ទោស​រឿង​ដើរលេង​នៅ​ពេល​យប់​ព្រលប់​ សម្រេចចិត្ត​ចង.ក សម្លាប់ខ្លួន។ នៅពេល​បច្ចុប្បន្ន សមត្ថកិច្ច​បាន​ប្រគល់​សាកសព ឲ្យ​ទៅ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114