ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​ពីរ​នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​នៅ​ព្រះវិហារ​ជ្វី​ហ្វ​អាល្លឺម៉ង់

មនុស្ស​យ៉ាងតិច​ពីរ​នាក់​ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​ទីក្រុង Halle របស់​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្ងៃ​ពុធ​នៅក្នុង​ការវាយប្រហារ​មួយ​ប្រឆាំងនឹង​អម្បូរ​សេ​មី​ត​ខណៈពេលដែល​ជនជាតិ​ជ្វី​ហ្វ​បាន​អបអរ​ពិធីបុណ្យ Yom Kippur​។ នៅក្នុង​ហេតុការណ៍​នេះ​ផងដែរ ខ្មាន់កាំភ្លើង​បាន​ថត​ការវាយប្រហារ​ហើយ​បង្ហោះ​វីដេអូ​តាម​អ៊ី​ន​ធើ​ណែ​ត​។​

ប៉ូលិស​បាន​និយាយថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​នៅពេល​សន្តិសុខ​សម្រុកចូល​វិហារ​ជ្វី​ហ្វ​និង​ទីតាំង​របស់​ពួក​ជ្វី​ហ្វ​ផ្សេងទៀត​នៅ​ទូទាំងប្រទេស​អាល្លឺម៉ង់​។​

នៅក្នុង​ការថត​ចម្លង​នៃ​វីដេអូ​រយៈពេល​៣៥​នាទី​ដែល AFP ទទួលបាន​, ខ្មាន់កាំភ្លើង​បាន​ថត​ខ្លួនឯង​ខណៈពេល​បើក​ការវាយប្រហារ​ដោយ​ពាក្យសម្តី​ប្រឆាំងនឹង​ស្ត្រី​និង​ជនជាតិ​ជ្វី​ហ្វ​មុនពេល​ធ្វើការ​វាយប្រហារ​ជាក់ស្តែង​តាមរបៀប​ដែល​អ្នក​វាយប្រហារ​ធ្លាប់​អនុវត្ត​ក្នុង​វិហារ​ឥស្លាម​នៅ​ទីក្រុង Christchurch កាលពីដើម​ឆ្នាំនេះ​។​

ប៉ូលិស​បាន​និយាយ​នៅពេល​រសៀល​ថា មនុស្ស​ចំនួន​ពីរ​នាក់​ត្រូវបាន​បាញ់សម្លាប់​ហើយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ស្នាក់នៅ​ក្នុងផ្ទះ​។ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ហើយ​ជិត​៦​ម៉ោង​ក្រោយមក ប៉ូលិស​បាន​ដក​ការឡោមព័ទ្ធ​ដោយ​វាយតម្លៃថា គ្មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទៀត​ទេ​។​

ដោយ​ដកស្រង់​សម្តី​រដ្ឋអាជ្ញា​សហព័ន្ធ​, រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Horst Seehofer បាន​និយាយថា មានការ​បញ្ជាក់​គ្រប់គ្រាន់​ថា​អំពើ​នេះ​ត្រូវបាន​ជំរុញ​ដោយ​ភាពជ្រុលនិយម​។​

អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel បាន​ថ្កោលទោស​ចំពោះ​ការបាញ់ប្រហារ​ដ៏​សាហាវ​នេះ​។ លោកស្រី​បានបង្ហាញ​នូវ​សាមគ្គីភាព​សម្រាប់​ជនជាតិ​ជ្វី​ហ្វ​ទាំងអស់​អំឡុង​ពិធីបុណ្យ Yom Kippur​។​

ក្រោយមក​លោកស្រី​អធិការបតី​បាន​ចូលរួម​ពិធី​អធិស្ឋាន​មួយ​នៅ​វិហារ​ជ្វី​ហ្វ​ដ៏​ធំ​ក្នុង​ទីក្រុង​ប៊ែ​រ​ឡាំង​។​
​ស្របពេល​ជាមួយគ្នា​នោះ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​ហៅ​ការវាយប្រហារ​នេះ​ថា​ជាការ​បង្ហាញ​ថ្មី​នៃ​ការប្រឆាំង​ពួក​អម្បូរ​សេ​មី​ត​ដែល​កំពុង​កើនឡើង​នៅក្នុង​ទ្វីបអឺរ៉ុប​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114