ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​ ស្នើ​ឲ្យ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសក៍ ​ដាក់បញ្ចូល​គោលការណ៍​សុខភាព​ និង​របប​សន្តិ​សុខ​សង្គម​ទៅក្នុង Colombo Process

ភ្នំពេញ ​៖ កម្ពុជា​ ស្នើ​ឲ្យ​អង្គការ​អន្តរជាតិ​ទេស​ន្ត​ប្រវេសន៍​ ដែល​ហៅ​កាត់​ថា IOM ដាក់បញ្ចូល​គោលការណ៍​សុខភាព​ និង​របប​សន្តិសុខ​សង្គម​ ទៅក្នុង​យន្តការ​កូឡុំបូ​ប្រូ​សេស​(Colombo process)​ដើម្បី​ការពារ​សុខភាព ​និង​ផលប្រយោជន៍​របស់​ពល​ករ​ទេស​ន្ត​ប្រវេសន៍​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែម​ទៀត​។

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មានប្រសាសន៍ថា​ការដាក់បញ្ចូល​ការងារ​សុខភាព​ និង​របប​សន្តិសុខ​សង្គម​ទៅក្នុង​កូឡុំបូ​ប្រូ​សេស​នេះ​ គឺ​ដើម្បី​លើក​កម្ពស់​សុខុមាលភាព ​និង​កិច្ច​គាំពារ​សង្គម​ផ្សេងៗ​ដល់​ពលករ​ធ្វើការ​នៅក្រៅ​ប្រទេស​ពេល​ត្រឡប់​មក​ស្រុកកំណើត​វិញ​។

ថ្លែង​នៅក្នុង​ជំនួប​ជាមួយ ​លោកស្រី​វេជ្ជបណ្ឌិត ណិ​ន​ណេ​ត ម៉ូ​ទូ​ស (Nentte MOT US) ប្រធាន​អង្គការ​អង្គការ​អន្តរជាតិ​អន្តោប្រវេសន៍​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​នៅ​ទីស្ដីការ​ក្រសួង​ លោក​បណ្ឌិត ​អ៊ិត​សំហេង ​ក៏បាន​ស្នើ​ឲ្យ​អង្គការ​អន្តរជាតិ​ទេស​ន្ត​ប្រវេសន៍​ជួយ​ជំរុញ​ឲ្យ​ប្រទេស​ថៃ​ ដែល​ទទួល​ពលករ​បរ​ទេស​ច្រើនជាងគេ​រួសរាន់​ទទួល​អនុវត្ត​រ​បប​សន្តិសុខ​សង្គម​ជាមួយ​បណ្ដា​ប្រទេស​មួយចំនួនទៀត​ដូចជា​កម្ពុជា ឡាវ មីយ៉ាន់ម៉ា ​និង​វៀតណាម​ ដើម្បី​ឲ្យ​ពលករ​ទាំងនោះ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​របប​សន្តិសុខ​សង្គម​នេះ​នៅពេល​ធ្វើ​មាតុភូមិនិវត្តន៍ ឬ​ផ្លាស់​ទីកន្លែង​ធ្វើការ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត​នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​៥។

ជាការ​ឆ្លើយតប លោកស្រី​វេជ្ជបណ្ឌិត ណិ​ន​ណេ​ត ម៉ូ​ទូ​ស ប្រធាន​អង្គការ​អន្តរជាតិ​ទេស​ន្ត​ប្រវេសន៍​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​បាន​គាំទ្រ​ការដាក់បញ្ចូល​គោលការណ៍​សុខភាព ​និង​របប​សន្តិសុខ​សង្គម​ទៅក្នុង​កូឡុំបូ​ប្រូ​សេស​នេះ ​ព្រោះ​នឹង​ជួយ​ឲ្យ​ពលករ​ទទួលបាន​នូវ​ការ​គាំពារ​សុខភាព​ និង​មាន​ជីវភាព​កាន់តែ​ប្រសើរ​រហូត​ដល់ពេល​ត្រឡប់​មក​ស្រុកកំណើត​វិញ។

គួរ​បញ្ជាក់ថា​ កូឡុំបូ​ប្រូ​សេស​នេះ ​ជា​យន្តការ​មួយ​ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៣​ នៅក្នុង​កិច្ច​ប្រជុំ​មន្ត្រីជាន់ខ្ពស់​លើក​ទី​៥ និង​ការពិគ្រោះ​យោបល់​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៦​ នៅ​ប្រទេស​នេ​ប៉ាល់​ដែល​មាន​សមាជិក​ចំនួន​១២​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​សម្រាប់​គ្រប់គ្រង​ពលករ​បរទេស​ដូចជា​ការណែនាំ​តម្រង់​ទិស​ពលករ ការជ្រើសរើស​ពលករ ការបណ្តុះបណ្តាល​ពលក​រ​មុននឹង​បញ្ជូន ​និង​ការគ្រប់គ្រង​ពលករ​ជាដើម​។​

ជាមួយគ្នានេះដែរ​ វា​ក៏​ជា​វេទិកា​មួយ​ដើម្បី​សម្របសម្រួល​ការសន្ទនា ​និង​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​ដែលមាន​ផលប្រយោជន៍​ រួម​នឹង​កង្វល់​ទាក់ទង​នឹង​ការ​ចល័ត​កម្លាំង​ពលកម្ម​។

សមាជិក​ចំនួន១២​ប្រទេស​រួមមាន​ ប្រទេស​អាហ្វហ្គានីស្ថាន បង់​ក្លា​ដែ​ស កម្ពុជា ចិន ឥណ្ឌា ឥណ្ឌូ​នេស៊ី នេ​ប៉ាល់​ប៉ា គី​ស្ថាន ស្រីលង្កា ថៃ​និង​វៀតណាម​។​

នៅក្នុង​ជំនួប​នោះដែរ​លោក​បណ្ឌិត អ៊ិត សំហេង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ អង្គការ IOM ដែល​បាន​ជួយ​ខាង​ផ្នែក ពលករ​ទេសន្តរប្រវេសន៍ នៅក្នុង​ប្រទេស​នានា ក៏ដូចជា​នៅក្នុង​តំបន់​។

លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​ ចំណែក​កម្ពុជា ​ក៏​ទទួលបាន​ផ្លែផ្កា​ នៃ​កិច្ចសហប្រតិបត្តិការ​នេះ​យ៉ាង​ធំធេង​ផងដែរ មកដល់ពេលនេះ គោលនយោបាយ ទេសន្តរប្រវេសក៍ ពិតជា​ទទួល​បាន​ជោគជ័យ​ដែល​ភាពជោគជ័យ​នេះ គឺ​មិនអាច​ខ្វះ​បាន​ពី​ការរួមចំណែក​ផ្នែក​គាំទ្រ​បច្ចេកទេស ពី​សំណាក់​អង្គការ​IOM​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ​«​យើង​បានចាប់ផ្តើម​ទាំង​ការលំបាក ឥលូវ​អាចនិយាយបាន​ថា ព​លក​រដែល​ធ្វើការ​នៅក្រៅ​ប្រទេស សុវត្ថិភាព ស្របច្បាប់ ស្ទើរ​១០០​ភាគរយ​។ ក្នុងនោះ​ពលករ​កម្ពុជា​ចេញទៅ​ធ្វើការ​នៅក្រៅ​១​លាន​២​សែន​នាក់ យើង​បាន​ថែទាំ និង​តាម​គាំពារ​ពួកគេ​ជាប់​ជានិច្ច​។ និយាយ​ដូច្នេះ មិនមែន​យើង​មិនមាន​បញ្ហា​ប្រឈម​នោះទេ បញ្ហា​ប្រឈម​នានា នៅតែមាន តែ​យើង​នឹង​បន្ត​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​អស់ទាំង​នេះ​»។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ ៖ «​កម្ពុជា​យើង​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​បញ្ហា​ទេសន្តរប្រវេសក៍​នេះ តាំងពី​ដំបូង ដែល​ជួប​ការ​លំបាក​ខ្លាំង។ មកដល់​បច្ចុប្បន្ន ការងារ​នេះ​បាន​ក្លាយជា កាលានុវត្ត​ភាព​ទៅវិញ​។ ឧទាហរណ៍ ​៖ ​ពលករ​នៅ​ថៃ​ជាង​១​លាន​នាក់ ​កំពុងធ្វើការ​នៅ​ទីនោះ​(​ទាំង​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​) ប៉ុន្តែ​យើង​បានធ្វើ​ការងារ​នេះ​ជា​ប្រព័ន្ធ ដោយមាន​ការចូលរួម​ពី​ភាគី​ថៃ រហូតដល់​ធ្វើ​ឲ្យ​ពលករ​ខ្មែរ ក្លាយជា​ពលករ​ស្របច្បាប់​ផងដែរ​»។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា កម្ពុជា​បាន​កំពុង​គិតពី​បញ្ហា​ពលករ​នេះ យ៉ាង​ខ្លាំង និង​បាន​ស្នើ​ឲ្យ​IOM បន្តធ្វើ​ការងារ​ទាក់ទង​នឹង​ពលករ​ទេសន្តរប្រវេសក៍ នេះ ពិសេស​នោះ​ជួយ​លើ​បញ្ហា​ចល័តភាព ​នៃ​របប​សន្តិ​សុខ​សង្គម ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត។
លោកស្រី Nentte MOTUS បាន​សន្យាថា​ នឹង​បន្ត​ជួយ​ការងារ​ពាក់ព័ន្ធ​ពលករ​ទេសន្តរប្រវេសក៍​នេះ ដូច​ជា ជួយ​បណ្ដុះបណ្ដាល​ជំនាញ​ដល់​ពលករ និង​ស្វែងរក​ការងារ​ដល់​ពួកគេ​ថែមទៀត​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114