ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋ​កាលីហ្វ័រ​នីញ៉ា​បិទ​អគ្គិសនី​ដល់​មនុស្ស​រាប់លាន​នាក់​ដើម្បី​ការពារ​ភ្លើង​ឆេះ​ព្រៃ

ការ​ដាច់​ភ្លើង​ដែល​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​កាលីហ្វ័រ​នីញ៉ា​រាប់លាន​នាក់​បានចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ​ខណៈដែល​ក្រុមហ៊ុន​អគ្គិសនី​ចាប់ផ្តើម​បិទ​ថាមពល​អគ្គិសនី​ចំពោះ​គ្រួសារ​ក្នុង​ចំនួន​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ស្របពេល​មាន​អាកាសធាតុ​ក្តៅ​និង​ខ្យល់​បក់​ដែល​បង្ក​ហានិភ័យ​នៃ​ភ្លើង​ឆេះ​។​

ក្រុមហ៊ុន Pacific Gas & Electric ដែល​បានប្រកាស​ពី​ការ​កាត់ផ្ដាច់​ភ្លើង​នេះ​គឺ​កំពុងធ្វើការ​ដើម្បី​ទប់ស្កាត់​គ្រោះមហន្តរាយ​ដូច​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​ដែល​កាលនោះ ខ្សែភ្លើង​របស់ខ្លួន​ត្រូវបាន​គេ​កំណត់ថា​បាន​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ដ៏​សាហាវ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​រដ្ឋ​កាលីហ្វ័​រ​នីញ៉ា​។​

អភិបាលរដ្ឋ​កាលីហ្វ័រ​នីញ៉ា​លោក Gavin Newsom បាន​និយាយថា “​ការមិនសប្បាយចិត្ត​ដែល​ប្រជាជន​កាលីហ្វ័រ​នីញ៉ា​ត្រូវ​ជួបប្រទះ​នឹង​ផលប៉ះពាល់​នៃ​ការ​ដាច់​ចរន្តអគ្គិសនី​ទាំងនេះ​គឺ​ត្រូវបាន​ធានា​ប៉ុន្តែ​សុវត្ថិភាព​គឺជា​កង្វល់​ចំបង​”​។​

លោក​បាន​បន្ថែម​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​អាទិភាព​ទីមួយ​របស់​យើង​គឺ​ការពារ​ប្រជាជន​និង​ដើម្បី​ធានាថា​សហគមន៍​មាន​សុវត្ថិភាព​” ។​

នៅក្នុង​គ្រោះ​អគ្គិភ័យ​កាលពី​ឆ្នាំមុន មនុស្ស​ចំនួន​៨៦​នាក់​បាន​ស្លាប់​ហើយ​ទីក្រុង​មួយ​ដែល​គេ​ហៅថា Paradise ត្រូវបាន​បំផ្លាញ​ស្ទើរតែ​ទាំងស្រុង​។ ក្រុមហ៊ុន PG&E ក៏ត្រូវ​បាន​គេ​រកឃើញថា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ភ្លើង​ឆេះ​ព្រៃ​រាប់សិប​កន្លែង​ផ្សេងទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ផងដែរ​។​

សេវា​អាកាសធាតុ​ជាតិ​បាន​និយាយថា ស្ថានភាព​អគ្គិភ័យ​ធ្ងន់ធ្ងរ​បំផុត​ត្រូវបាន​គេ​រំពឹងថា​នឹង​កើត​មាននៅ​ផ្នែក​ខ្លះ​នៃ​ភាគ​ខាងជើង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​នៅ​ថ្ងៃ​ពុធ​និង​នៅ​ភាគខាងត្បូង​រដ្ឋ​កាលីហ្វ័​រ​នីញ៉ា​ជុំវិញ​តំបន់​ឡូ​ស​អែន​ជឺ​ឡេស​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

ការ​ដាច់​ចរន្តអគ្គិសនី​បាន​ប៉ះពាល់​រួចទៅហើយ​ដល់​តំបន់​នានា​ដូចជា​តំបន់​ផលិត​ស្រា Napa Valley ជាដើម​ហើយ​អាច​អូស​បន្លាយពេល​រហូតដល់​មួយ​សប្តាហ៍​នៅ​កន្លែង​ខ្លះ​។ ប្រជាជន​ប្រមាណ​២​លាន​នាក់​នឹងរង​ផលប៉ះពាល់​នៅក្នុង​គម្រោង​ផ្តាច់​ចរន្តអគ្គិសនី​របស់​ក្រុមហ៊ុន PG&E នេះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114