ព័ត៍មានទាន់​ហេតុការណ៏
Search

សុខ ពិសី ចំណាយ​ពេល​២​ម៉ោង​ បំពេញ​បំណង​អ្នកគាំទ្រ​ ខណៈ​ទីផ្សារ​សិល្បៈ​ចូល​ដល់​រដូវ​ភ្លៀង​នៅ​តែ​មាន​ឱកាស​កើប​លុយ

ភ្នំពេញ​ ៖ ​តារា​ចម្រៀង​លំដាប់​កំពូល​ប្រចាំ​ផលិតកម្ម​សាន់​ដេ​ កញ្ញា​សុខ ពិសី ថ្វីត្បិតតែ​អាជីព​សិល្បៈ​របស់​នាង​គិត​មកទល់ពេលនេះ ​មាន​រយៈពេល​ច្រើន​ឆ្នាំ​ហើយក៏​ពិតមែន តែ​សម្រាប់​ទីផ្សារ​គាំទ្រ​ និង​ប្រជាប្រិយភាព​នាង​ហាក់​គ្មាន​ការ​ចុះ​ថមថយ ​ឬ​បាត់បង់​ឱកាស​ចេញ​ច្រៀង​នៅតាម​កម្មវិធី​ប្រគំ​តន្ត្រី​និង​ឡើង​ឆាក​ទូរទស្សន៍​នោះឡើយ​។​

ទន្ទឹមគ្នា​ដែល​ទីផ្សារ​ចម្រៀង​របស់ ​កញ្ញា​សុខ ពិសី នៅតែ​រក្សាបាន​ការគាំទ្រ​ និង​ក្តាប់បាន​ឱកាស​កើប​លុយ​ច្រើន​ពី​បណ្តា​កម្មវិធី​មួយចំនួន​នោះ​ នាង​ក៏​ជា​តារា​ស្រី​មួយរូប​ដែល​តែងតែ​ទទួលបាន​ការ​លើកសរសើ​រ​ពី​អត្តចរិត​ និង​ភាព​រួសរាយ​រាក់ទាក់​ពី​សំណាក់​មជ្ឈដ្ឋាន​អ្នកគាំទ្រ​គ្រប់​ស្រទាប់​វ័យ​ផង​ដែរ​។​ មិនតែប៉ុណ្ណោះ​ថ្មីៗ​នេះ ​កញ្ញា សុខ ពិសី ក៏បាន​ចំណាយពេល​ផ្ទាល់ខ្លួន​ប្រមាណ​ជា​២​ម៉ោង​ដើម្បី​បំពេញ​តាម​បំណង​របស់​អ្នកគាំទ្រ​ខ្លួន ​បន្ទាប់ពី​បញ្ចប់​ការ​ប្រគំ​តន្ត្រី​នៅក្នុង​កម្មវិធី​មួយ​។​

ដោយសារតែ​ហេតុផល​នេះ ​ទើប​តារា​ស្រី​ស្រស់ស្អាត​ កញ្ញា សុខ ពិសី ត្រូវបាន​អ្នកគាំទ្រ​ចេញមុខ​ពោល​ពាក្យ​សរសើរ ​និង​កោតស្ញប់ស្ញែង​ចំពោះ​ទឹកចិត្ត​របស់​នាង​មិន​ដាច់​ពី​មាត់​សោះឡើយ​។​

ជាក់ស្តែង​ម្ចាស់ Account Facebook ឈ្មោះ Eloop ​បាន​លើកឡើងថា​ស្អាត មិន​ឫក មិន​ឆ្មើងឆ្មៃ នេះ​ហើយ​ជា​មូល​ហេតុដែល​មនុស្ស​ជាច្រើន​តែងតែ​ស្រឡាញ់​ចូលចិត្ត​គាត់​។​

ម្ចាស់ Account Facebook ដដែល​នេះ​បាន​បន្តថា ​និយាយ​ពី​ថា​មនុស្ស​ច្រើន​អើយ​ច្រើន មក​ចោមរោម​សុំ​ថត បង ពិសី ក៏បាន​ឈរ​ឲ្យ​ថត​រហូត​អស់​មនុស្ស …..​។​ គិត​មើល​មាន​តារា​ប៉ុន្មាន​នាក់​ដែល​តែងតែ​ចំណាយ​ជាមួយ​ហ្វេ​ន​(​អ្នកគាំទ្រ​)​យ៉ាងយូរ​បែបនេះ​ កម្មវិធី​ចប់​តាំង​ម៉ោង​៧​និង​៣០​នាទី​យប់ ​តែ​ម៉ោង​ជាង​៩​យប់ ​ទើបបាន​ទៅផ្ទះ​។ ​មិន​ខុសគ្នា​ពី​ម្ចាស់​ហ្វេ​ស​ប៊ុន​នេះ ​ភ្លាមៗ​នោះ ​ក៏មាន​ទស្សនិកជន​ជា​ច្រើន​ទៀត​បាននាំគ្នា​គាំទ្រ​ និង​លើកសរសើរ​ពី​ច​រិ​តរ​បស់ ពិសី ដូចៗ​គ្នា​ផងដែរ​។​

ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​កញ្ញា សុខ ពិសី បាន​និយាយថា​ជា​ការ​ពិត​នាង​មាន​អារម្មណ៍​រំភើប​ខ្លាំង​ស្ទើរ​រលីងរលោង​ទឹកភ្នែក​ក្រោយពេល​ទទួលបាន​ការគាំទ្រ​និង​ផ្តល់​តម្លៃ​ពី​សំណាក់​បងប្អូន​ប្អូន​អ្នកគាំទ្រ​ហើយ​មិត្តៗ​យុវវ័យ​ដែល​អាច​រក្សាបាន​ប្រជាប្រិយភាព​និង​កេរ្តិ៍ឈ្មោះ​មក​ដល់ពេល​បច្ចុប្បន្ននេះ​។ ​ម្យ៉ាង​ទៀត​គ្រា​ដែល​នាង​បង្ហាញ​វត្តមាន​ច្រៀង​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​កាលពី​ថ្ងៃទី​០៧ ខែ​តុលា កន្លងមកនេះ ​គឺ​បាន​ចំណាយពេល​ប្រមាណ​២​ម៉ោង​ដើម្បី​ថតរូប​ជាមួយ​អ្នកគាំទ្រ​ជាច្រើន​ទៀតផង​។​

កញ្ញា សុខ ពិសី បាន​បន្ថែមទៀតថា ​នាង​អរគុណ​ និង​រំភើប​ខ្លាំងណាស់​ដែល​ការគាំទ្រ​នៅតែ​មិន​ចុះ​ថម​ថយហើយ ​ចំណែកឯ​ការងារ​សិល្បៈ​បច្ចុប្បន្ន​ទោះបីជា​ចូលដល់​រដូវភ្លៀង​ក៏ពិតមែន ​តែ​នៅតែ​ទទួល​បាន​ការអញ្ជើញ​ចេញ​ច្រៀង​នៅតាម​បណ្តា​កម្មវិធី​ប្រគំ​តន្ត្រី​នានា​ទាំង​នៅក្នុង​ក្រុងភ្នំពេញ​ និង​ចេញ​ទៅ​បណ្តា​ខេត្ត​ផ្សេងៗ​ជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114