ព័ត៍មានទាន់​ហេតុការណ៏
Search

មេដឹកនាំ​អង់គ្លេស​និង​អៀរ​ឡង់​ជួបគ្នា​ក្នុង​គោលបំណង​បំបែក​ភាពជាប់គាំង​ស្តីពី​បញ្ហា Brexit

នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​ជួប​ជាមួយ​សម​ភាគី​អៀរ​ឡង់​របស់លោក​សម្រាប់​កិច្ចចរចា Brexit ចុងក្រោយ​ខណៈ​នៅសល់​ពេល​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដែល​នឹងត្រូវ​សម្រេច​កិច្ចព្រមព្រៀង​ចាកចេញ​ជាមួយ​សហភាព​អឺរ៉ុប​ហើយ​ភាគី​ទាំង​ពីរបាន​ស្តីបន្ទោស​គ្នា​ទៅវិញទៅមក​ចំពោះ​ការជាប់គាំង​នេះ​។​

លោក Johnson នឹង​ជួបប្រជុំ​ជាមួយ​មេដឹកនាំ​អៀរ​ឡង់​លោក Leo Varadkar នៅ​ទីតាំង​ដែល​គេ​មិន​បញ្ជាក់​មួយ​នៅ​ភាគ​ពាយព្យ​ប្រទេស​អង់គ្លេស​សម្រាប់​ការសន្ទនា​គ្នា​យ៉ាង​ស្វិតស្វាញ​បន្ទាប់ពី​មានការ​រិះគន់​ជាច្រើន​ថ្ងៃ​ចំពោះ​ការខកខាន​ក្នុងការ​ស្វែងរក​ការសម្របសម្រួល​មួយ​។​

អ្នកនាំពាក្យ​ការិយាល័យ Downing Street របស់លោក Johnson បាន​និយាយថា “​លោកនាយក​រដ្ឋមន្ត្រី​និង​មេដឹកនាំ​អៀរ​ឡង់​នឹង​ជួបគ្នា​នៅពេល​អាហារ​ថ្ងៃត្រង់​នៅ​ភាគ​ពាយព្យ​ប្រទេស​អង់គ្លេស​ដើម្បី​ពិភាក្សា​អំពី​បញ្ហា Brexit​។ នេះ​គឺជា​កិច្ចប្រជុំ​ឯកជន​មួយ​ដើម្បី​អនុញ្ញាត​ឲ្យ​ទាំង​មេដឹកនាំ​ទាំងពីរ​និង​ក្រុម​របស់​ពួកគេ​មានការ​ពិភាក្សា​លម្អិត​”​។​

របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាច្រើន​បាន​និយាយថា អ្នក​ទាំងពីរ​នឹង​ជួបគ្នា​ក្នុង​ទីក្រុង​លី​វើ​ភូ​ល​ដែល​ជាទី​ក្រុងមាន​ទំនាក់ទំនង​យ៉ាងរឹងមាំ​ជាមួយ​អៀរ​ឡង់​រួមទាំង​សេវា​ដឹកទំនិញ​និង​សាឡាង​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​ហើយ​វា​អា​ចរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ Brexit​។​

កិច្ចពិភាក្សា​នេះ​បានកើត​ឡើងខណៈ​ពេលវេលា​ដែល​ត្រូវ​ចុះ​កិច្ចព្រមព្រៀង​ណាមួយ​នៅឯ​កិច្ចប្រជុំ​កំពូល​សហភាព​អ៊ឺរ៉ុប​ថ្ងៃទី​១៧-១៨​ខែតុលា​ជិត​នឹង​អស់​ទៅហើយ​មុន​ការចាកចេញ​របស់​អង់គ្លេស​ពី​ប្លុក​នេះ​នៅ​ចុងខែ​នេះ​បន្ទាប់ពី​ភាពជា​សមាជិក​រយៈពេល​៥​ទសវត្សរ៍​។​

លោក Johnson បាន​ប្តេជ្ញា​ថា ចក្រភព​អង់គ្លេស​នឹង​ចាកចេញ​នៅ​ថ្ងៃទី​៣១​ខែតុលា​មិន​ថា​មាន​ឬ​គ្មាន​កិច្ចព្រមព្រៀង​បើទោះបីជា​សមាជិកសភា​បានអនុម័ត​ច្បាប់​មួយ​កាលពី​ខែ​មុន​ដែល​តម្រូវ​ឲ្យ​លោក​ស្វែងរក​ការពន្យារពេល Brexit មួយ​ផ្សេងទៀត​ប្រសិនបើ​លោក​ខកខាន​មិនបាន​ទទួល​កិច្ចព្រមព្រៀង​នៅឯ​កិច្ចប្រជុំ​កំពូល​នេះ​ក៏ដោយ​។​

ចំណែក​លោក Varadkar បាន​ប្រាប់​សភា​អៀរ​ឡង់​កាលពី​ថ្ងៃ​ពុធ​ថា លោក​នឹងធ្វើ​ការ​រហូត​ដល់ពេល​ចុងក្រោយ​ដើម្បី​ទទួលបាន​កិច្ចព្រមព្រៀង​មួយ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114