ព័ត៍មានទាន់​ហេតុការណ៏
Search

ថា​បោកៗ​មែន! មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាសា​កូរ៉េ​សាំ​ស៊ុ​ង រ​ង​ការ​ចោទប្រកាន់ថា ​បោក​លុយ​ពលរដ្ឋ​រាប់រយ​នាក់​ ម្នាក់ៗ​អស់​មិន​ក្រោម​ខ្ទង់ពាន់​ដុល្លារ​

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ប្រុស/ស្រី​ប្រមាណ​ជាង​១០​នាក់​ តំណាង​ឲ្យ​ពលរដ្ឋ​រាប់​រយ​នាក់ ដែល​អះអាង​ថា​ ចាញ់បោក​ក្រុមហ៊ុន​មួយ​ឈ្មោះថា ​«​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាសា​កូរ៉េ​សាំ​ស៊ុ​ង​» ដែល​បាន​ប្រកាស​ជ្រើសរើស​ពលករ ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ដោយ​តម្រូវ​ឲ្យ ម្នាក់ៗ​បង់លុយ​មុន​ចាប់ពី​១០០០​ដុល្លារ ទៅ​៣០០០​ដុល្លារ រង់ចាំ​ថ្ងៃ​ហៅ​សម្ភាសន៍​ចេញទៅ​ធ្វើការ​តែ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​ គឺ​ស្ងាត់ឈឹង​រហូត មិនបាន​ទៅធ្វើ​ការ​ឯណា​ឡើយ ​ពេល​នាំគ្នា​មក​ទារលុយ​វិញ ម្តងថា​ថ្ងៃ​នេះ​ម្ដង ថា​ថ្ងៃនោះ សង្ស័យថា​បោក​ឥឡូវ​បោក​មែន ទើប​នាំគ្នា​រត់ទៅរក​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩ នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

តាម​សម្ដី​ប្រជាពលរដ្ឋ​ជា​ចាញ់បោក​បាន​ឲ្យ​ដឹងថា ពួកគាត់​បានមក​ចុះឈ្មោះ បង់លុយ នៅ​មជ្ឈ​មណ្ឌល​បណ្ដុះបណ្ដាល​ភាសា​កូរ៉េ សាំ​ស៊ុ​ង នេះ​ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ នេះ​មិនមែន​មានតែ​ជាង​១០​នាក់​នោះទេ ​ពោលគឺ​មាន​ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ នៅទីនេះ​រាប់រយ​នាក់​ឯនោះ ក្នុង​ម្នាក់ៗ បង់លុយ​ចាប់ពី​១០០០​ដុល្លារ រហូតដល់​៣០០០​ដុល្លារ មាន​ចេញ​ឯកសារ​វិក្កយបត្រ​ត្រឹមត្រូវ សន្យា​ថា​នឹង​នាំទៅ​ធ្វើការ​នៅ​បរទេស តែ​ផ្ទុយ​ទៅ​វិញ រាប់​ខែ​ទៅហើយ ពួកគាត់​មិនត្រូវ​បាន​ក្រុមហ៊ុន មជ្ឈមណ្ឌល​មួយ​នេះ ចាត់​បញ្ជូន​ទៅ​ធ្វើការ​ឯណា​ឡើយ អ្នកខ្លះ​ទើប​បង់លុយ អ្នកខ្លះ​បង់លុយ​គ្រប់​យូរហើយ​អត់​បាន​ទៅណា​ទាំងអស់គ្នា​នឹង ហើយ​ម្នាក់ៗ​ចេះតែ​នឹក​គិតថា សង្ស័យថា​បោកប្រាស់ ទេ រហូតមកដល់​ពេលនេះ​ទើប​ដឹង​ច្បាស់​ថា បោក​មែន​ហួសចិត្ត​តែម្ដង។​

ពលរដ្ឋ​បន្តទៀតថា ក្រោយពី​អស់​ទំនុកចិត្ត​លើ​អ្នកគ្រប់គ្រង​នៅក្នុង​មជ្ឈមណ្ឌល​មួយ​នេះ អស់​លុយ​ហើយ​នោះ​ និង​មិនបាន​ចេញទៅ​ធ្វើការ​អី​សោះ​នោះ​ទើប​នាំគ្នា​ទៅ​តវ៉ា​សុំ​ដក​លុយ​វិញ តែ​ខាង​តំណាង​មជ្ឈមណ្ឌល ម្តងថា​ថ្ងៃនោះ ម្តងថា​ថ្ងៃនោះ យក​លេស​កុហក​រហូត ទើប​នៅ​ព្រឹក​ថ្ងៃទី​១០ នេះ​ ពលរដ្ឋ​ជាង​១០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​រាប់រយ​នាក់​ទៀត​ដែល​មិន​បានមក​ជាក់ស្ដែង​បាន​នាំគ្នា​រត់​ទៅប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ជូន​ពួកគាត់​ផង ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណី​នេះ​ដើម្បី​ហៅ​អ្នកគ្រប់គ្រង​មក​សាកសួរ។ រហូតមកដល់​ព្រឹក​នេះ ​គេ​មិនអាច​ទាក់​តាម​ទូរស័ព្ទ​ដែលមាន​នៅលើ​វិក្កយបត្រ​ចូល​ទេ ហើយ​ភ្នាក់ងារ​ព័ត៌មាន​ក៏​រង់ចាំ​ការបកស្រាយ​បំភ្លឺ​ពី​សំណាក់​អ្នក​គ្រប់គ្រង​នោះដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114