ព័ត៍មានទាន់​ហេតុការណ៏
Search

ទី​តាំង​សំណង់​មិន​ប្រក្រតី​៣​កន្លែង​ ត្រូវ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ ចុះ​ពិនិត្យ​ និង​ផ្អាក​

ភ្នំពេញ​ ៖​ ទីតាំង​ការដ្ឋាន​សំណង់​៣​កន្លែង​ទៀត ​ត្រូវបាន​កម្លាំង​អាជ្ញាធរ​ខណ្ឌដូនពេញ​ចុះ​ពិនិត្យ​ និង​ផ្អាក​ការងារ​បណ្ដោះអាសន្ន ​ព្រោះ​មិនទាន់​មានច្បាប់​និយតកម្ម​ និង​១​មួយកន្លែង​ទៀត​ មិនបាន​អនុវត្ត​តាម​ស្មារតី​កំណត់ហេតុ​ណែនាំ​ឲ្យ​ផ្អាក​សកម្មភាព​ជួសជុល​របស់​រដ្ឋបាល​ខណ្ឌ​ដូនពេញ​។​

ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃទី​០៩​ ខែតុលា ​ឆ្នាំ​២០១៩​នេះ ​លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ខណ្ឌ ចុះ​ត្រួតពិនិត្យ​ទីតាំង​ការដ្ឋាន​សំណង់ ស្ថិតនៅ​ផ្លូវ​លេខ​១៨០ ភូមិ​៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ។ ពេល​ចុះ​ដល់ទី​តាំង​ជាក់ស្ដែង ពិនិត្យឃើញថា​ ការដ្ឋាន​សាងសង់​បាន​អនុវត្ត​តាម​ស្មារតី​ដូច​មាន​ក្នុង​កំណត់ហេតុ​ ចុះ​ថ្ងៃទី​០៤ ខែ​តុលា ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខណ្ឌដូនពេញ។

ជាមួយគ្នា​នោះដែរ ​ក្រុមការងារ​ បាន​ណែនាំ​ឲ្យ​ម្ចាស់​ការដ្ឋាន​ដូចខាងក្រោម ៖​
– ត្រូវ​ផ្អាក​ការដ្ឋាន​សាងសង់​ជា​បណ្ដោះអាសន្ន រង់ចាំ​ទទួលបាន​ច្បាប់​ប្លង់​និយតកម្ម​ជាមុនសិន ទើប​អាច​បន្ត​សាងសង់​បាន​
– ក្រោយពី​បាន​ច្បាប់និយតកម្ម​ហើយ ត្រូវ​បន្ថែម​ការ​ហ៊ុមព័ទ្ធ​សំណាញ់​សុវត្ថិភាព​ការដ្ឋាន​ឲ្យ​បាន​គ្រប់​ជាន់ ដើម្បី​សុវត្ថិភាព
– មិន​អនុញ្ញាត​ឲ្យ​ក្រុម​ជាង​កម្មករ​ស្នាក់​នៅក្នុង​ការដ្ឋាន​ឡើយ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​ថ្ងៃ​ណាមួយ ។

​បន្ទាប់ពី​បាន​អាន​កំណត់ហេតុ​ជូន​តំណាង​ម្ចាស់​ការដ្ឋាន​ស្តាប់​ចប់សព្វគ្រប់ តំណាង​ម្ចាស់​ការដ្ឋាន​បាន​ឯកភាព​តាម​ការណែនាំ​របស់​ក្រុមការងារ​ទាំងស្រុង និង​សុខចិត្ត​ផ្តិតមេដៃ។

នៅ​ថ្ងៃ​ដដែល​នោះដែរ​ លោក​អភិបាលរងខណ្ឌ បាន​ដឹកនាំ​ក្រុមការងារ​សំណង់​ខណ្ឌ ចុះ​ធ្វើ​ការផ្អាក​ទីតាំង​ការដ្ឋាន​ជួសជុល ស្ថិតនៅ​ផ្លូវ​លេខ​១៩ ភូមិ​៦ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ។ ពេល​ចុះ​ដល់​ទី​តាំង​ជាក់ស្ដែង ពិនិត្យឃើញថា ​ម្ចាស់ផ្ទះ​ខាងលើ​នៅតែ​ជួសជុល​បន្តទៀត ដោយ​ពុំបាន​អនុវត្ត​តាម​ស្មារតី​កំណត់ហេតុ​ណែនាំ​ឲ្យ​ផ្អាក​សកម្មភាព​ជួសជុល ចុះ​ថ្ងៃទី​០៨ ខែ​តុលា ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខណ្ឌ​ដូនពេញ​នោះទេ។ ក្រុមការងារ​បាន​ណែនាំ​ម្ចាស់​សំណង់​ដូចខាងក្រោម ៖
– ត្រូវ​ផ្អាក​រាល់​សកម្មភាព​ជួសជុល​ជា​បណ្ដោះអាសន្ន ហើយ​ត្រូវ​រៀបចំ​ស្នើសុំ​ច្បាប់​អនុញ្ញាត​ជួសជុល​ឲ្យ​បាន​ត្រឹមត្រូវ និង​រង់ចាំ​ទទួលបាន​ច្បាប់​អនុញ្ញាត​ជាមុនសិន ទើប​អាច​បន្ត​ជួសជុល​បាន​

– ត្រូវយក​កាកសំណល់​សំណង់​នៅលើ​ចិញ្ចើមផ្លូវ​លេខ​១៩ ចេញ​ឲ្យ​បាន​ស្អាត ដើម្បី​រួមចំណែក​លើកស្ទួយ​សណ្តាប់​ធ្នាប់​ល្អ ក៏ដូចជា​សោភ័ណភាព​រាជធានី​ភ្នំពេញ​
– ហាម​ដាច់ខាត​មិន​អនុញ្ញាត​ឲ្យ​ការសាងសង់​បន្ថែម​ជាន់​នោះទេ ដើម្បី​សុវត្ថិភាព។​ ក្រោយពី​បាន​អាន​កំណត់ហេតុ​ជូន​មេការ​តំណាង​ម្ចាស់ផ្ទះ​ស្តាប់​ចប់សព្វគ្រប់ មេការ​តំណាង​ម្ចាស់ផ្ទះ​បាន​ឯកភាព​ទាំងស្រុង។ លុះដល់​ល្ងាច​ថ្ងៃ​ដដែល​លោក​អភិបាលរងខណ្ឌ បាន​បន្ត​ដឹកនាំ​ក្រុមការងារ ចុះ​ធ្វើ​ការ​ផ្អាក​ទី​តាំង​ការដ្ឋាន​ជួសជុល ស្ថិតនៅ​ផ្លូវ​លេខ​១៩ ភូមិ​៧ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ។ ពេល​ចុះ​ដល់​ទី​តាំង​ជាក់ស្ដែង ពិនិត្យឃើញថា​មានការ​ជួសជុល​ផ្នែក​ខាង​ក្នុងផ្ទះ​ទាំងស្រុង វាយ​ជញ្ជាំង ជណ្ដើរ សសរ និង​វាយ​ការ៉ូ​បន្ទប់ទឹក បន្ទប់​ស្នាក់នៅ​ទាំងបី​ជាន់ ( E០ ដល់ E៣ )។ ក្រុមការងារ​បាន​ណែនាំ​ម្ចាស់​សំណង់​ដូចខាងក្រោម ៖
– ត្រូវ​ផ្អាក​ការដ្ឋាន​ជួសជុល​ជា​បណ្ដោះអាសន្ន រួច​ត្រូវ​បំពេញបែបបទ​សុំច្បាប់​អនុញ្ញាត​ជួសជុល ឲ្យ​បាន​ត្រឹមត្រូវ​
– មិន​អនុញ្ញាត​ឲ្យ​ក្រុមកម្មករ​ស្នាក់នៅ ដើម្បី​ការពារ​សុវត្ថិភាព។​ បាន​អាន​កំណត់ហេតុ​ជូន​តំណាង​ម្ចាស់ផ្ទះ​ស្តាប់​ចប់សព្វគ្រប់ តំណាង​ម្ចាស់ផ្ទះ​បាន​ឯកភាព​ទាំងស្រុង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114