ព័ត៍មានទាន់​ហេតុការណ៏
Search

ទីក្រុង​ហុងកុង​ប្រឈមមុខ​នឹង​បាតុកម្ម​បន្ថែមទៀត ​ខណៈ​សេវា​រថភ្លើង​ដំណើរការ​ឡើងវិញ

ក្រុមហ៊ុន​ផ្លូវដែក​បាន​និយាយថា ប្រព័ន្ធ​ផ្លូវដែក​របស់​ទីក្រុង​ហុងកុង​នឹងត្រូវ​បិទ​មុនពេល​កំណត់​ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ផ្តល់​ពេលវេលា​ក្នុងការ​ជួសជុល​កន្លែង​ដែល​ខូចខាត​ហើយ​ទីក្រុង​នេះ​កំពុង​ត្រៀមខ្លួន​សម្រាប់​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល​បន្ថែម​ទៀត​បន្ទាប់ពី​មាន​បាតុកម្មហិង្សា​ជា​បន្តបន្ទាប់​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​មួយ​នេះ​។​

ក្រុមហ៊ុន MTR Corp ដែល​បណ្តាញ​របស់ខ្លួន​បាន​ដឹកជញ្ជូន​អ្នកដំណើរ​ប្រហែល​៥​លាន​នាក់​ក្នុង​មួយថ្ងៃ​បាន​និយាយថា សេវា​នៅ​តំបន់​ដែលមាន​ប្រជាជន​ច្រើន​ក្នុង​ដែនដី New Territories របស់​ទីក្រុង​នេះ​នឹងមិន​ដំណើរការ​ទេ​ហើយ​ខ្សែ​រថភ្លើង​ទាំងអស់​នឹងត្រូវ​បិទ​នៅ​ម៉ោង​៩​យប់​ពោលគឺ​លឿន​ជាង​ធម្មតា​៣​ម៉ោង​។​

សេវា​នេះ​ត្រូវបាន​បង្ខំ​ឲ្យ​បិទ​បន្ទាប់ពី​មានការ​វាយប្រហារ​ដោយ​ការ​លួច​ដុត​ដោយ​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​កាលពី​យប់​ថ្ងៃ​សុក្រ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​រាំងស្ទះ​ដល់​ការដឹកជញ្ជូន​ទូទាំង​ទីក្រុង​ដែល​គ្រប់គ្រង​ដោយ​ចិន​មួយ​នេះ​។ ចាប់តាំងពី​ពេលនោះ​មក វា​បាន​ដំណើរការ​តែ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ​។​

ការបិទ​នេះ​បានកើត​ឡើង​មុន​ការតវ៉ា​ជាច្រើន​ទៀត​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ការតវ៉ា​ខ្លះទៀត​ដែល​គ្រោង​ធ្វើ​នៅ​ចុង​សប្តាហ៍​នេះ​។​

ភាពចលាចល​បានចាប់ផ្តើម​កាលពី​ជាង​៤​ខែ​មុន​នៅក្នុង​អ្វីដែល​បានចាប់ផ្តើម​ជាការ​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​បត្យាប័ន​ប៉ុន្តែ​ចាប់តាំងពី​ពេលនោះ​មកវា​បាន​ក្លាយជា​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ចំពេល​មានការ​ភ័យខ្លាច​ថា​ប្រទេស​ចិន​កំពុង​រំលោភ​លើ​សេរីភាព​របស់​ហុងកុង។

សេរីភាព​ទាំងនោះ​ត្រូវបាន​ធានា​នៅក្រោម​រូបមន្ត “​ប្រទេសមួយ ប្រព័ន្ធ​ពីរ​” នៅពេល​ចក្រភព​អង់គ្លេស​ប្រគល់​ទីក្រុង​ហុងកុង​ទៅ​ឲ្យ​ចិន​ក្នុង​ឆ្នាំ​១៩៩៧​ដែលជា​នេះ​រូបមន្ត​មួយ​អនុញ្ញាត​ឲ្យ​មាន​ស្វ័យភាព​ទូលំទូលាយ​។​

ទោះបីជា​យ៉ាងណាក៏ដោយ ភាពចលាចល​បាន​រុញច្រាន​តំបន់​រដ្ឋបាល​ពិសេស​មួយ​នេះ​ឲ្យ​ធ្លាក់​ទៅក្នុង​វិបត្តិ​នយោបាយ​ដ៏​អាក្រក់​បំផុត​របស់ខ្លួន​ចាប់តាំងពី​ឆ្នាំ​១៩៩៧​មក​និង​បង្ក​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​ចំពោះ​ប្រធានាធិបតី​ចិន​លោក Xi Jinping ចាប់តាំងពី​លោក​ឡើងកាន់​អំណាច​ក្នុង​ឆ្នាំ​២០១២៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114