ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​ក្រឡាហោម ៖ ចាប់ពី​ឆ្នាំ​២០២០-២០២៣ រាជរដ្ឋាភិបាល នឹង​ផ្ដល់​ថវិកា អភិវឌ្ឍន៍ មូលដ្ឋាន​ថ្នាក់​ក្រោម​ជាតិ​ជាង​១៣​ម៉ឺន​ដុល្លារ

ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​នឹង​ផ្ដល់​ថវិកា អភិវឌ្ឍន៍ ឃុំ​-​សង្កាត់ ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សម្រាប់​ចំណាយ​ដើម្បី​អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត ចាប់ពី​ឆ្នាំ​២០២០ រហូត​ដល់​ឆ្នាំ​២០២៣ នឹង​កើន​ដល់ ១៣២​ពាន់​ដុល្លារ ដែល​ចំនួន​នេះ​មិន​គិតពី​ថវិកា​រដ្ឋបាល​ផ្សេងទៀត​នោះ​ឡើយ។

សម្តេច​ក្រឡាហោម មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ក្នុង​ពិធី​បិទ​មហាសន្និបាត អាណត្តិ​ទី​២ នៃ​សមាគម​ជាតិ ក្រុមប្រឹក្សា​រាជធានី​-​ខេត្ត នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​ភ្នំពេញ។

សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍​ទៀតថា “​មាន​ថវិកា​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០២៣ ដល់​ទៅ​១៣២​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក ដែល នេះ​យើង​មិន​គិត​អំពី​ថវិកា​រដ្ឋបាល។ នេះ​ជាការ​បញ្ជាក់​ឲ្យ​ឃើញថា រាជរដ្ឋាភិបាល​យើង​បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ក្នុងការ​ធ្វើកំណែទម្រង់​”​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

សម្ដេច​បន្ដថា ទោះបី​សភាពការណ៍​កម្ពុជា យ៉ាងណាក៏ដោយ ក៏​រាជរដ្ឋាភិបាល នៅតែ​តាំងចិត្ត​ធ្វើ​កំណែទម្រង់​ថ្មី ឲ្យ​មានការ​វត្ត​ទៅមុខ​បន្ថែម ហើយ​ដើម្បី​កំណែទម្រង់​ទៅមុខ និង​ទទួលបាន​ជោគ​ជ័យ ចាំបាច់​ត្រូវមាន ធនធានមនុស្ស​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ។

បន្ថែម​ពីនេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ក្ដី​សង្ឃឹមថា ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ នឹង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​របស់ខ្លួន ជាពិសេស​ត្រូវ​ប្រើប្រាស់​ថវិកា​ទាំងនេះ​ឲ្យ​មាន​តម្លាភាព និង​ចំ​គោល​ដៅ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114