ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Biden អំពាវនាវ​ឲ្យ​មានការ​ប្តឹង​ទម្លាក់​លោក Trump

បេក្ខជន​សង្ឃឹម​ឈ្នះ​តំណែង​សេត​វិមាន​មកពី​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden បាន​អំពាវនាវ​កាលពី​ថ្ងៃ​ពុធ​ឲ្យ​មានការ​ប្តឹង​ទម្លាក់​លោក Donald Trump ដោយ​និយាយថា ប្រធានាធិបតី​រូបនេះ​បាន​ក្បត់​សហរដ្ឋអាមេរិក​ប៉ុន្តែ​លោក Trump បាន​ច្រានចោល​ដោយ​ព្យាករណ៍​ថា តុលាការ​កំពូល​នឹងត្រូវ​ដោះស្រាយ​ការប្រយុទ្ធ​នេះ​។​

លោក Biden បាន​ប្រាប់​អ្នកគាំទ្រ​នៅឯ​ការជួបជុំ​មួយ​ក្នុង​រដ្ឋ New Hampshire ថា “​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ លទ្ធិប្រជាធិបតេយ្យ​និង​សេចក្តីថ្លៃថ្នូរ​ជា​មូលដ្ឋាន​របស់​យើង គាត់​គួរតែ​ត្រូវបាន​ប្តឹង​ទម្លាក់​ពី​តំណែង​”​។​

ទន្ទឹមនឹង​នេះដែរ ការស្ទង់មតិ​របស់​ទូ​រ​ទស្សន៍ Fox News បាន​បង្ហាញថា អ្នកបោះឆ្នោត​៥១​ភាគរយ​ចង់​ឲ្យ​លោក Trump ត្រូវ​ប្តឹង​ចោទប្រកាន់​និង​ទម្លាក់​ចេញពី​តំណែង​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោក Trump មិនបាន​ផ្តល់​សញ្ញា​នៃ​ភាពទន់ខ្សោយ​ក្រោម​សម្ពាធ​ពី​គណបក្ស​ប្រជាធិបតេយ្យ​ក្នុងការ​ស៊ើបអង្កេត​ដែល​លោក​ត្រូវបាន​គេ​ចោទប្រកាន់ថា​ប៉ុនប៉ង​បំផ្លាញ​លោក Biden ដោយ​ការជំរុញ​អ៊ុយ​ក្រែ​ន​ឲ្យ​ស៊ើបអង្កេត​លើ​អតីត​អនុ​ប្រធានាធិបតី​រូបនេះ​នោះទេ​។​

ស្របពេល​មានការ​គំរាមកំហែង​ដល់​វិបត្តិ​រដ្ឋធម្មនុញ្ញ​ដោយសារតែ​ការបដិសេធ​សហការ​ជាមួយ​ការស៊ើបអង្កេត​របស់​ស​ភា​, លោក Trump បាន​ព្យាករណ៍​ថា ជម្លោះ​នេះ​នឹង​បញ្ចប់​នៅ​តុលាការ​កំពូល​។​

លោក​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅក្នុង​សេត​វិមាន​ថា គណបក្ស​សាធារណរដ្ឋ​របស់លោក​កំពុង​ត្រូវបាន​គេ​ធ្វើបាប​យ៉ាងខ្លាំង​។​
​ក្រុម​អ្នកប្រជាធិបតេយ្យ​បាន​ចោទប្រកាន់​លោក Trump ចំពោះ​ការបិទបាំង​និង​រារាំង​។​

នៅលើ​បណ្តាញ​សង្គម Twitter លោក​ប្រធានាធិបតី​បាន​អះអាងថា អ្នក​ទម្លាយ​ព័ត៌មាន​សម្ងាត់​ដែល​នៅ​ពីក្រោយ​ករណី​ប្តឹង​ចោទប្រកាន់​នេះ​ត្រូវបាន​គេ​បង្ហាញថា​ជា​មនុស្ស​បក្សពួកនិយម​និង​មិន​ត្រឹមត្រូវ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114