ព័ត៍មានទាន់​ហេតុការណ៏
Search

អាកាសយានដ្ឋាន​ទីក្រុង​ឡុង​ដ៍ ​ប្រឈម​នឹង​ការបិទទ្វារ​ដោយ​ក្រុមអ្នកតវ៉ា​អាកាសធាតុ

អាកាសយានដ្ឋាន​ទីក្រុង​ឡុង​ដ៍​ត្រូវ​ប្រឈមមុខ​នឹង​ការរាំងស្ទះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​ក្រុមអ្នកតវ៉ា​ប្រឆាំង​ការផ្លាស់ប្តូរ​អាកាសធាតុ Extinction Rebellion បាន​ប្តេជ្ញា​កាន់កាប់​ស្ថានីយ​របស់ខ្លួន​និង​បិទ​ប្រតិបត្តិការ​រយៈពេល​៣​ថ្ងៃ​ដែលជា​ផ្នែក​មួយ​នៃ​សកម្មភាព​របស់ខ្លួន​នៅក្នុង​រាជធានី​អង់គ្លេស​។​

អាកាសយានដ្ឋាន​ទីក្រុង​ឡុង​ដ៍​គឺជា​ព្រលានយន្តហោះ​ធំជាងគេ​បំផុត​លំដាប់​ទី​៥​របស់​រាជធានី​នេះ​ដែល​ទទួលបាន​ការពេញនិយម​ពី​សំណាក់​អ្នកដំណើរ​ធុរកិច្ច ធនាគារិក​និង​អ្នកនយោបាយ​សម្រាប់​ការធ្វើដំណើរ​រយៈពេល​ខ្លី​និង​ក្នុង​តំបន់​។​

នៅ​ថ្ងៃ​ព្រហស្បតិ៍ អ្នកដំណើរ​ចំនួន​១៨,០០០​នាក់​នឹងត្រូវ​មកដល់​ឬ​ចាក​ចេញពី​អាកាសយានដ្ឋាន​នេះ​ខណៈ​ជើងហោះហើរ​ចំនួន​២៨៦​ជើង​ត្រូវបាន​គ្រោងទុក​។​

ចលនា Extinction Rebellion ដែល​បាន​តម្រង់​គោលដៅ​ទៅលើ​អគារ​រដ្ឋាភិបាល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​បាន​និយាយថា ក្រុមអ្នកតវ៉ា​នឹង​ដេក អង្គុយ​ឬ​ប្រើប្រាស់​រាងកាយ​របស់​ពួកគេ​ដើម្បី​បិទ​ព្រលានយន្តហោះ​នេះ​។​

ពួកគេ​បាន​និយាយថា ពួកគេ​កំពុង​ប្រឆាំងនឹង​ផែនការ​ពង្រីក​ព្រលានយន្តហោះ​នេះ​ដែលមាន​គោលដៅ​ទទួល​អ្នកដំណើរ​ចំនួន​៦.៥​លាន​នាក់​ក្នុង​មួយឆ្នាំ​ត្រឹម​ឆ្នាំ​២០២២​បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​៤.៨​លាន​នាក់​ក្នុង​ឆ្នាំ​២០១៨​។​

អ្នកនាំពាក្យ​ក្រុម​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​គឺជា​និមិត្តរូប​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​ដ៏​ផុយស្រួយ​របស់​យើង​។ ប្រព័ន្ធ​នេះ​នឹង​បែកបាក់​នៅពេល​អាកាសធាតុ​មាន​ភាពច្របូកច្របល់​”​។​

ប៉ូលិស​ទីក្រុង​ឡុង​ដ៍​បានធ្វើការ​ចាប់ខ្លួន​មនុស្ស​រាប់រយ​នាក់​នៅពេល​ក្រុមអ្នកតវ៉ា​បានចាប់ផ្តើម​ការមិន​គោរព​ច្បាប់​ស៊ីវិល​រយៈពេល​២​សប្តាហ៍​។​

ស្របពេល​ជាមួយគ្នា​នោះ អាកាសយានដ្ឋាន​ទីក្រុង​ឡុង​ដ៍​បាន​និយាយថា ខ្លួន​កំពុងធ្វើការ​ជាមួយ​ប៉ូលិស​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការតវ៉ា​នេះ​។​

អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា “​អាទិភាព​រួម​របស់​យើង​គឺ​ប្រតិបត្តិការ​អាកាសយានដ្ឋាន​ប្រកបដោយ​សុវត្ថិភាព​និង​កាត់បន្ថយ​ការរំខាន​ដល់​អ្នកដំណើរ​ដែល​ប្រើប្រាស់​អាកាសយានដ្ឋាន​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​”៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114