ព័ត៍មានទាន់​ហេតុការណ៏
Search

អេស​ស៊ីជី ប្រគល់​វិញ្ញាបនបត្រ​អាហារូបករណ៍ សម្រាប់​សិស្ស​ថ្នាក់​វិទ្យាល័យ និង​សាកលវិទ្យាល័យ​

ភ្នំពេញ ៖ អេស​ស៊ីជី ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក​សម្ភារ​សំណង់​នៅ​អាស៊ាន បានប្រគល់​វិញ្ញាបនបត្រ​អាហារូបករណ៍​ដល់​សិស្ស​ថ្នាក់​វិទ្យាល័យ​និង​សាកលវិទ្យាល័យ​ចំនួន​២៧០​នាក់​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ចំនួន​៦២០០០​ដុល្លារ​អាមេរិក តាមរយៈ​កម្មវិធី “​អេស​ស៊ីជី ចែករំលែក​ក្តី​សុបិន​” ឆ្នាំ​ទី ៦ ដើម្បី​ជួយ​ដល់​យុវជន​កម្ពុជា​ដែលមាន​អាកប្បកិរិយា​ល្អ ឱ្យ​សម្រេច​នូវ​បំណងប្រាថ្នា​ក្នុង ការសិក្សា​របស់ខ្លួន​។​

ពិធី​ប្រគល់​និង​ទទួល​វិញ្ញាបនបត្រ​អាហារូបករណ៍ អេស​ស៊ីជី​លើក​ទី​៦​នេះ​បាន​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៩​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​កា​រក​ម្បុ​ជា​-​កូរ៉េ ក្រោម​ការអញ្ជើញ​ចូលរួម​ជា​អ​ធីប​តី​ភាព​ពី​សំណាក់​លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា លោក Panyarak Poolthup ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា លោក Paramate Nisagornsen អគ្គនាយករង​អាជីវកម្ម​ក្នុង​តំបន់​នៃ​ក្រុមហ៊ុន​សម្ភារ​សំណង់ អេស​ស៊ីជី លោកគ្រូ អ្នកគ្រូ​និង​សិស្សានុសិស្ស​ជាច្រើន​កុះករ​។​

លោក Paramate Nisagornsen អគ្គនាយករង​អាជីវកម្ម​ក្នុង​តំបន់​នៃ​ក្រុមហ៊ុន​សម្ភារ​សំណង់ អេស​ស៊ីជី បានបញ្ជាក់ នេះ​ជា​ឆ្នាំ​ទី ៦ អេស​ស៊ីជី បានផ្តល់​អាហារូបករណ៍​ចំនួន ២៥០ នាក់​សម្រាប់​ថ្នាក់​វិទ្យាល័យ និង ២០ នាក់​សម្រាប់​ការជួយ​ជា​បន្តបន្ទាប់​សម្រាប់​ថ្នាក់​សាកលវិទ្យាល័យ​។ លោក Paramate បន្តថា “​អេស​ស៊ីជី ជឿជាក់ថា​ធនធានមនុស្ស​គឺជា​ទ្រព្យសម្បត្តិ​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​។ អេស​ស៊ីជី បាន​យល់ឃើញថា​ថ្នាក់​វិទ្យាល័យ​គឺជា​ដំណាក់កាល​សំខាន់បំផុត​សម្រាប់​សិស្សានុសិស្ស​។ ព្រោះ​ពួកគាត់​ត្រូវ​ត្រៀមខ្លួន​ប្រលង​ថ្នាក់ជាតិ និង​បន្ត​ចូល​ថ្នាក់​សាកលវិទ្យាល័យ​។ ទោះបីជា​យ៉ាងណាក៏ដោយ​ប្រសិនបើ​ពួកគាត់​មិនអាច​ផ្តោតលើ​ការសិក្សា​បាន​នោះ​ពួកគាត់​នឹង​បាត់បង់​ឱកាស​មួយ​នេះ​។ ដូច្នេះ​ទើប​យើង​នៅតែ​បន្ត​ផ្ដល់​អាហារូបករណ៍​សម្រាប់​ថ្នាក់​វិទ្យាល័យ​។ លើសពីនោះ​ទៅទៀត យើង​បានសម្រេច​បន្ថែម​អាហារូបករណ៍​មួយកម្រិត​ទៀត​ដែលជា​អាហារូបករណ៍​ជួយ​ក្នុង​រយៈពេល​យូរ​សម្រាប់​អតីត​សិស្ស​អាហារូបករណ៍​ថ្នាក់​វិទ្យាល័យ​ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប និង​ចាប់ផ្តើម​បន្ត​ការសិក្សា​ឆ្នាំ​ទីមួយ​នៅ​សាកលវិទ្យាល័យ​។ នេះ​គឺ​ដើម្បី​ជួយ​ឱ្យ​ពួកគាត់​អាច​បន្ត​ការសិក្សា​បាន​កាន់តែ​ខ្ពស់​ដោយ​មិនចាំបាច់​បារម្ភ​ពី​ហិរញ្ញវត្ថុ ហើយ​អាចជួយ​ឱ្យ​ពួកគាត់​អាច​ផ្តោតទៅលើ​ការសិក្សា​ដើម្បី​សម្រេច​បំណងប្រាថ្នា​សម្រាប់​អនាគត​ដ៏​ល្អប្រសើរ​។​”

អេស​ស៊ីជី បាន​ជួយ​ដល់​យុវជន​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ២០១៤ ដែល​មកដល់ពេលនេះ​សរុប​ជា​ទឹកប្រាក់​លើសពី 250,000 ដុល្លារ​។ កម្មវិធី​នេះ​ជាការ​សហការគ្នា​រវៀង​ក្រុមហ៊ុន អេស​ស៊ីជី ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយនឹង​ស្ថានទូត​ថៃ​។​

លោក Panyarak Poolthup ឯកអគ្គ​រាជ​ថៃ​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា “​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់​ដែល​យើង​បាន​ឈាន​មកដល់​ថ្ងៃនេះ ដោយ​ដឹងថា​ក្រុមហ៊ុន អេស​ស៊ីជី បាន​ខិតខំ​ប្រឹងប្រែង និង​តែងតែ​បន្ត​ជួយ​ដល់​ការអភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​ប្រទេស​កម្ពុជា​តាមរយៈ​កម្មវិធី​អាហារូបករណ៍ “​អេស​ស៊ីជី ចែករំលែក​ក្តី​សុបិន​”​។ កម្មវិធី​នេះ​ជា​យុទ្ធនាការ​មួយ​តែងតែ​បន្ត​ឆ្ពោះទៅមុខ​ជានិច្ច​ដែល​វា​បាន​ឆ្លុះបញ្ចាំង​នូវ​បំណងប្រាថ្នា​របស់​ក្រុមហ៊ុន​ក្នុងការ​ដើរតួ​យ៉ាងសំខាន់​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​”

លោក​បណ្ឌិតសភា​ចា​រ្យ ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា “​ក្រុមហ៊ុន អេស​ស៊ីជី មិន​ត្រឹមតែ​វិនិយោគ និង​បង្កើត​ការងារ​សម្រាប់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ជួយ​បង្កើន​ធនធានមនុស្ស​សម្រាប់​ការអភិវឌ្ឍន៍​សហគម​ន៍​ដែល​ក្រុមហ៊ុន អេស​ស៊ីជី បាន​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​។ វា​គឺជា​ការប្តេជ្ញាចិត្ត​ដើម្បី​បង្កើន​នូវ​ជីវភាព​រស់នៅ​ឱ្យ​ល្អប្រសើរ​សម្រាប់​សហគម​ន៍​ដែល​យើង​ធ្វើការ និង​រស់នៅ​។ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន អេស​ស៊ីជី សម្រាប់​ការជួយ​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា ដោយបាន​ផ្តល់​អាហារូបករណ៍​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ២០១៤ មកម្ល៉េះ​។​ជាមួយគ្នានេះ​លោក​បណ្ឌិត​សភាចា​រ្យ​ក៏បាន​ថ្លែងអំណរគុណ​ដល់​លោកគ្រូ​អ្នកគ្រូ​ដែល​បាន​ខិតខំ​យក​អស់​កំលាំងកាយ​ចិត្ត​ក្នុង​ការបង្រៀន​សិស្ស​ទើប​អាច​ឲ្យ​ពួកគេ​ទទួលបាន​ជោគជ័យ​នាពេលនេះ​”​។​

នៅក្នុង​ឧិ​កាស​នោះដែរ អេស​ស៊ីជី ក៏បានផ្តល់​ឱកាស​ដល់​អតីត​សិស្ស​អាហារូបករណ៍ អេស​ស៊ីជី ចែករំលែក​ក្តី​សុបិន ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​របស់ខ្លួន​ដែល​ទទួល​នូវ​ការជួយជ្រោមជ្រែង​ពី អេស​ស៊ីជី ជា​បន្តបន្ទាប់ ដូចជា​ការចូលរួម​ក្នុង​កម្មវិធី បោះតង់​ចែករំលែក​ក្តី​សុបិន ក្នុង​ឆ្នាំ ២០១៩ ដែល​បាន​ប្រមូលផ្តុំ​ដោយ​អតីត​សិស្ស​អាហារូបករណ៍ អេស​ស៊ីជី ចែករំលែក​ក្តី​សុបិន​នៅក្នុង​តំបន់​។​

ក្រុមហ៊ុន អេស​ស៊ីជី បានចាប់ផ្តើម​អាជីវកម្ម​ក្នុងប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ២០ ឆ្នាំ មកហើយ ដែល​បាន​ផ្តល់នូវ​ផលិតផល​សម្ភារ​សំណង់​គ្រប់​ប្រភេទ​។ ក្រុមហ៊ុន​បាន​ដំណើរការ​អាជីវកម្ម និង​សកម្មភាព​របស់ខ្លួន​ក្រោម​ការប្តេជ្ញាចិត្តថា “​បំណងប្រាថ្នា​សម្រាប់​អនាគត​ដ៏​ប្រសើរ​” ដែលមាន​គោលបំណង​ចង់ឱ្យ​កម្ពុជា​ទទួលបាន​អនាគត​ដ៏​ប្រសើរ និង​ការរស់នៅ​ដ៏​ល្អប្រសើរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114